ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ដំបងគ្រញូង​បាន​ចាញ់ល្បិច​កល​ប្រពន្ធ និង​បាន​ស្លា.ប់​នៅ​ស្រុក​សួន​មង្ឃុត

4 ឆ្នាំ មុន
  • បាត់ដំបង

រឿង​នេះ​បាន​ត​ពី​វគ្គ​មុន​ៗ ដែល​រួម​ទាំង​វគ្គ​នេះ គឺ​មាន​រហូត​ដល់​ទៅ​៤​វគ្គ ។ នេះ​ត​ពី​វគ្គ​ទី​៣ ​មក​និយាយ​ពី ៖ អតីត​ស្តេច​ដំបងគ្រញូង​បាន​សម្រេចចិត្ត​ធ្វើ​ដូច​អ្វី​ដែល​បាន​គិត​ទុក​នោះ​មែន គឺ​ធ្វើ​ដំណើរ​គ្មាន​ទិស​ដៅ​ចាក​ចេញពី​ព្រះ​នគរ​ក្នុង​ខែភទ្របទ ឆ្នាំវក…

រឿង​នេះ​បាន​ត​ពី​វគ្គ​មុន​ៗ ដែល​រួម​ទាំង​វគ្គ​នេះ គឺ​មាន​រហូត​ដល់​ទៅ​៤​វគ្គ ។ នេះ​ត​ពី​វគ្គ​ទី​៣ ​មក​និយាយ​ពី ៖ អតីត​ស្តេច​ដំបងគ្រញូង​បាន​សម្រេចចិត្ត​ធ្វើ​ដូច​អ្វី​ដែល​បាន​គិត​ទុក​នោះ​មែន គឺ​ធ្វើ​ដំណើរ​គ្មាន​ទិស​ដៅ​ចាក​ចេញពី​ព្រះ​នគរ​ក្នុង​ខែភទ្របទ ឆ្នាំវក ស្តេច​ដំបងគ្រញូង​បាន​ទៅ​ដល់​ស្រុក​លាវ ដែល​កាលនោះ​នគរ​ចម្ប៉ា​សាក់ ត្រូវ​ហ្វូង​ដំរី​ចេញ​មក​យារ​យី​រាតត្បាត​ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​រង​ទុក្ខវេទនា និង​វិនាស​ហិនហោច​អស់​ជា​ច្រើន ។

ស្តេច​ដំបងគ្រញូង​បាន​ចេញ​ទៅ​ជួយ​យកអាសារ​ស្តេច​លាវ​កំចាត់​អស់​ហ្វូង​ដំរី ដូច្នេះ​ហើយ​ដើម្បី​តបស្នង​សងគុណ​ផង ហើយ​ជា​ពិសេស​ដោយ​ភ័យ​ព្រួយបារម្ភ​ខ្លាច​កម្លាំង​អំណាច​តេជៈ​បារមី​ផង​ទើប​បានជា​ស្តេច​ស្រុក​លាវ​ព្រះ​ស៊ី​សុច្ច​ណា​គុណ​ហ៊ុត លើក​កូនក្រមុំ​ព្រះ​នាម សយ​បុ​បា្ផ ឲ្យ​ទៅ​ដំបងគ្រញូង​ទុក​ធ្វើ​ជា​ភរិយា ។ តែ​ស្តេច​លាវ​នឹកគិត​ក្នុង​ខ្លួន​ម្នាក់ឯង​ថា ដំបងគ្រញូង​នេះ​ខ្លាំងពូកែ​ណាស់ ហើយនឹង​អាច​ក្បត់​ដណ្តើម​រាជ្យ​ពី​យើង​ជា​មិន​ខាន ដូច្នេះ​ត្រូវ​តែ​ធ្វើ​ដូច​ម្តេច ដើម្បី​កំចាត់​ឲ្យ​បាន​មុន​ជា​ដាច់ខាត ស្តេច​លាវ​ក៏​អង្វរ​កូនស្រី​ឲ្យ​ប្រើ​ល្បិច​កិច្ចកល​ស៊ើបសួរ​ប្តី​ថា តើ​ធ្វើ​ដូច​ម្តេច​ទើប​គេ​អាច​សម្លាប់​បាន ? ហើយ​បើ​ចង់​សម្លាប់​វិញ តើ​គេ​ប្រើ​មធ្យោបាយ​ដូច​ម្តេច​ដែរ? ។

កាលណា​បានដឹង​គ្រប់​សេចក្តី​ហើយ នាង​ត្រូវ​មក​ប្រាប់​បិតា​វិញ​ជា​បន្ទាន់ ។ លុះ​ទៅ​ដោយ​ការ​លួងលោម​របស់​ប្រពន្ធ​ដំបងគ្រញូង​រៀបរាប់​អស់​នូវ​រឿង​អាថ៌​កំបាំង​ដែល​មាន​ជាប់​ទាក់ទង​ទៅ​នឹង​អាយុជីវិត​របស់​ខ្លួន ហើយ នាង​សយ​បុ​បា្ផ ក៏​យក​ដំណឹង​នោះ​ទៅ​ប្រាប់​បិតា តាម​ដំណើររឿង ។ បានដឹង​ដូច​បំណង​ស្តេច​លាវ មិន​បង្អន់​យូរ​ឡើយ ក៏​ចាត់ចែង​រៀបចំ​ឲ្យ​ធ្វើ​គ្រឿងយន្ត​ដាក់​ក្នុង​បង្គន់​សម្រាប់​សម្លាប់​ដំបង​ក្រ​ញូ​ង ។

ថ្ងៃមួយ​នៅ​ពេល​ដែល​ដើរ​ចូល​ទៅ​ក្នុង​បង្គន់​ដំបងគ្រញូង ដើរទៅ​ទាក់​ជើង​នឹង​ខ្សែ​ជា​ហេតុ​ធ្វើ​ឲ្យ​គន្លឹះ​គ្រឿងយន្ត​បាញ់​ស្ន​ចំ​ចូល​ក្នុង​រន្ធ​គូទ​ដែល​ជា​កន្លែង​ដួង​កែវ​ជីវិត ។ ដំបងគ្រញូង​មិន​បាន​ស្លាប់​ភ្លាម​នោះ​ទេ ។ ពេល​នោះ​ដំបងគ្រញូង​យល់​ច្បាស់​ណាស់ អំពី​បុព្វហេតុ​ដែល នាំ​បណ្តាល​ឲ្យ​អស់​ជីវិត ។ គាត់​បាន​ពោល​ថា មិន​គួរ​ណា​យើង​មក​បរាជ័យ​ចាញ់បោក​គេ ដោយសារ​តែ​សម្ផស្ស​របស់​ស្ត្រី​សោះ ហើយ​គាត់​បាន​ផ្តែផ្តាំ​ទៀត​ថា ១- មិន​ត្រូវ​ដេក​លង់លក់​ទេ នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ខ្យល់​បោកបក់​បបោសអង្អែល ។ ២- កាលណា​ចូល​ដំណេក​មិន​ត្រូវ​និយាយ​រឿង​អាថ៌​កំបាំង​ប្រាប់​ប្រពន្ធ​ទេ ។ ៣- មិន​ត្រូវ​ទុកចិត្ត​ស្រី​ណា​ដែល​នៅ​ក្រៅ​គ្រួសារ​ឡើយ ។ ៤ – កាលណា​ឃ្លាន​គេ​ត្រូវ​យក​អង្ករ​មក​លាង ដណ្តាំបាយ​ឲ្យ​ឆ្អិន​សិន សឹម​បរិភោគ​ក្រោយ ។ ដោយ​មាន​របួស​ជា​ទម្ងន់​ដំបង​ក្រ​ញូ​ង​ក៏​ចាក​ចេញពី​ស្រុក​លាវ ហើយ​ត្រឡប់​ទៅ​ស្លាប់​នៅ​ឯ​ស្រុក​កំណើត​តរបស់​ខ្លួន​វិញ គឺ​នៅ​ស្រុក​សួន​មង្ឃុត​វិញ​។

បើ​តាម​ឯកសារ​ពង្សាវតារ វត្ត​ទឹក​វិល​បាន​បញ្ជាក់​បន្ត​ទៀត​ថា ព្រះ​នាង​សយ​បុ​បា្ផ ដែល​ពោ​ពេញ​ទៅ​ដោយ​វិប្បដិសារី​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ស្វាមី ហើយ​បម្រើ​កំដរ​ប្រណិប័តន៍​រហូត​ដល់​ថ្ងៃ​ស្លាប់ ។ ព្រះ​នាង​បាន​រៀបចំ​ធ្វើ​ពិធី​បូជា​តាម​ទំនៀមទំលាប់​ប្រពៃណី ហើយ​បាន​យក​អដ្ឋិធាតុ​ទៅ​តម្កល់​ទុក​ក្នុង​ចេតិយ​មួយ​ក្នុងស្រុក​ចម្ប៉ា​សាក់ ។ រីឯ​ពញាក្រែក ឬ​ព្រហ្ម​កិល​វិញ ព្រះ​អង្គ​បាន​ទទួល​រាជាភិសេក​នៅ​ថ្ងៃ ១​កើត ឆ្នាំវក ព​.​ស ១៥៥២ គ​.​ស ១០០៨ ។ ព្រះ​អង្គ​បាន​ទទួល​ព្រះ​បរម​នាម​ថា ព្រះបាទ​សម្តេច​សន្ធ​ព​អ​ម្រែ​ក ព្រះ​បរម​ព្រហ្ម​កិល អង្គ​ម្ចាស់ ។ (​នេះ​បើ​តាម​ពង្សាវតារ របស់​ព្រះ​អង្គ​ម្ចាស់​នព្វរតន៍​) ។ តែបើ​តាម​ពង្សាវតារ វត្ត​កោ​ក​កាក​ថា ពញាក្រែក ឬ​ព្រហ្ម​កិល ព្រះ​អង្គ​មាន​ព្រះ​បរម​នាម​ថា ព្រះបាទ​សន្ធ​ព​អម្រិន្ទ ៕

ដកស្រង់​ចេញពី​សៀវភៅ​ព្រះ​ធម្មទេសនា របស់​ភិក្ខុ សុខ សុភាព ចៅអធិការ​វត្ត លៀប និង ជា​ព្រះ​ធម្មធរ​អនុក​ណ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

បញ្ជាក់ ៖ វគ្គទី១ មហិទ្ធិឫទ្ធិលោកតាដំបងគ្រញូងធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងប្រុស​ទាំងស្រី​ខ្លាច និង​សរសើរ

វគ្គទី២ ៖ ចេស្តា​របស់​លោកតា​ដំបងគ្រញូង​ខ្លាំង​អស្ចារ្យ​ណាស់បាន​វាយ​កម្ទេច​ព្រះ​នគរ

វគ្គទី៣ ៖ លោកតា​ដំបងគ្រញូង​អត់​ឫទ្ធិ​អំណាច និង​ចុះចាញ់​អ្នកមាន​បុណ្យ​ហើយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ