ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វីយ៉ាតា ទម្លាយអាថ៌កំបាំង «លេខ៩» នៅពីក្រោយការជ្រើសរើសឈុតចាប៉ីដងវែងប្រកួត

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ការ​ប្រកួត Miss Universe ២០២៥ បាន​បញ្ចប់​នោះ ហ្វី​យ៉ា​តា ទើបតែ​បើក​បង្ហាញ​ពី​ហេតុផល​របស់​នាង ដែល​សម្រេច​ជ្រើសរើស​ឈុត​តំណាង​ជាតិ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ការ​ប្រកួត Miss Universe ២០២៥ បាន​បញ្ចប់​នោះ ហ្វី​យ៉ា​តា ទើបតែ​បើក​បង្ហាញ​ពី​ហេតុផល​របស់​នាង ដែល​សម្រេច​ជ្រើសរើស​ឈុត​តំណាង​ជាតិ (national costume) ដោយ​ភ្ជាប់​ជាមួយ​ចាប៉ី​ដង​វែង លើកយក​មក​បង្ហាញ និង​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ។

ហេតុផល​នោះ​ត្រូវ​បាន​ហ្វី​យ៉ា​តា បញ្ជាក់​ថា ដោយ​ឆ្នាំ​ដែល​នាង​ចូល​ប្រកួត​នេះ គឺជា​ឆ្នាំ​ទី​៩ ​របស់​កម្មវិធី​នេះ ហើយ​វា​ក៏​ជា​ខួប​ទី​៩​ឆ្នាំ ចាប៉ី​ដង​វែង ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ ។

ការ​ទម្លាយ​ហេតុផល​របស់ ហ្វី​យ៉ា​តា នា​ពេល​នេះ​បាន​ធ្វើ​ឡើង​ចំ​ថ្ងៃ​នៃ​ខួប​៩ ឆ្នាំ នៃ​ការ​ដាក់​ចូល​ចាប៉ី​ដង​វែង ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ២០១៦ នៅ​ទីក្រុង Addis Ababa ប្រទេស​អេ​ត្យូ​ពី ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម ហ្វី​យ៉ា​តា បាន​លើក​ឡើង​ថា មុន​ពេល​ខ្ញុំ​ចូលរួម​ការ​ប្រកួត Miss Universe Cambodia ខ្ញុំ​បានដឹង​រួច​ហើយ​ថា ឆ្នាំ​នេះ គឺជា​ឆ្នាំ​ទី​៩ របស់​ការ​ប្រកួត ។ នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​មកុដ ខ្ញុំ​ក៏​ដឹង​ថា ខ្ញុំ​នឹង​ក្លាយជា​ម្ចាស់​តំណែង Miss Universe Cambodia ជំនាន់​ទី​៩ ផង​ដែរ ។

នាង​បញ្ជាក់​ថា ចាប់តាំងពី​ការ​ប្រកួត national costume ចាប់ផ្តើម ខ្ញុំ​បាន​រៀបចំ​គម្រោង​យ៉ាង​ច្បាស់លាស់ ក្នុង​ការ​ស្វែងរក​ប្រធានបទ​បេតិកភណ្ឌ​វប្បធម៌​អ្វីមួយ ដែល​អាច​តំណាង​ឱ្យ​ឆ្លងកាត់​ខួប​លើក​ទី​៩ ក្នុងឆ្នាំនេះ? ហើយ​បាន​បណ្ដាល​ឱ្យ​ខ្ញុំ​ជ្រើសរើស ចាប៉ី​ដង​វែង ដែល​ជា​មរតក​វប្បធម៌​ដ៏​មាន​តម្លៃ និង​មាន​អត្ថន័យ​ខ្លាំង ។ វា​មិនមែន​ត្រឹមតែ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ទេ ប៉ុន្តែ​វា​ក៏​ភ្ជាប់​ពាក់ព័ន្ធ​ជាមួយ​ខ្ញុំ​ផ្ទាល់ ដោយសារ​តែ​ខ្ញុំ​ក៏​ជា​អ្នកចម្រៀង​ម្នាក់​ផង​ដែរ ។

នាង​បន្ត​ថា ថ្ងៃនេះ ក្នុង​នាម​ជា Miss Universe Cambodia ជំនាន់​ទី​៩ ខ្ញុំ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្ហាញ និង​អបអរសាទរ (​ចាប៉ី​ដង​វែង​) ដែល​ខ្ញុំ​បាន​ជ្រើសរើស​ឱ្យ​ជា​ឈុត​តំណាង​ជាតិ​របស់ខ្ញុំ​ក្នុងឆ្នាំនេះ ក្នុង​ការ​នាំ​យក​ទៅ​បង្ហាញ​ឱ្យ​ពិភពលោក​បានឃើញ នៅ​ក្នុង​ឱកាស​ខួប​ទី​៩ នៃ​ការ​ទទួលស្គាល់​វា​ជា​បេតិកភណ្ឌ​វប្បធម៌​ជាតិ​អបអរសាទរ​ខួប ៩ ឆ្នាំ​នៃ​ការ​ដាក់​ចូល ចាប៉ី​ដង​វែង ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ ។

គួរ​បញ្ជាក់​ថា ឈុត​តំណាង​ជាតិ​របស់ ហ្វី​យ៉ា​តា ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «Golden Japei / ចាប៉ី​ដង​វែង​: ចាប៉ី​ដង​វែង ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​មនុស្សជាតិ​ពិភពលោក ដោយ​អង្គការ UNESCO នា​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ២០១៦ នៅ​ទីក្រុង Addis Ababa ប្រទេស​អេ​ត្យូ​ពី ។

ចាប៉ី ដែល​មាន​សំឡេង​ពីរោះ គឺ​ធ្វើ​តាម​ពាក្យ​ពោល​ថា «​ស្នូក រាំង ដង ក្រសាំង សន្ទះ ខ្ទុ​ម្ព គីង្គក់ ធ្នង់ ខ្ទង់ ឆ្អឹង​» ។ តាម​គំនិត​ចាស់​បុរាណ​បានឱ្យ​និមិត្ដរូប​លើ​ឧបករណ៍​នេះ​ថា «​ស្នូក​តំណាង​ក្បាល​នាគ​, ដង​តំណាង​ខ្លួន​នាគ​, ប្រ​ពែ​តំណាង​កន្ទុយ​នាគ​» ដែល​បង្ហាញ​ពី​តម្លៃ​នៃ​វប្បធម៌​ដ៏​ចំណាស់​របស់​ខ្មែរ ព្រមទាំង​ជា​តួអង្គ​មួយ​ដ៏​លេចធ្លោ​នៅ​លើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ