«បើសិនខ្ញុំនឹងត្រឡប់ទៅសម្ដែងវិញ បងប្អូនគាំទ្រអត់» នេះជាសំណេររបស់អតីតតារាសម្តែងអ្នកនាង ដាញ់ ម៉ូនីកា បានបង្ហោះតាមបណ្តាញសង្គម បញ្ជាក់ពីបំណងរបស់នាងនៅក្នុងការចូលច្រឡូកក្នុងសិល្បៈជាថ្មីឡើងវិញ ប្រសិនបើមហាជននៅបន្តការគាំទ្រមកលើរូបនាង ។

គិតមកទល់ពេលនេះ អតីតតារាសម្តែងអ្នកនាង ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីអាជីពសិល្បៈជាង១០មកហើយ បន្ទាប់ពីនាងសម្រេចចិត្តរៀបការកសាងគ្រួសារ និងបានចេញទៅរស់នៅជាមួយស្វាមីនៅក្នុងប្រទេសអូស្ត្រាលី ។ បើទោះបីជាខកខានពី
សិល្បៈអស់ជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែអតីតតារាស្រីរូបនេះ តែងតែនឹករលឹកដល់ការសម្តែងចាស់ៗរបស់នាង ហើយជាពិសេសនោះមិត្តភក្តិក្នុងរង្វង់សិល្បៈ ដែលធ្លាប់សម្តែងរួមគ្នានាពេលកន្លងមក ។

ជាក់ស្តែង កាលពីពេលថ្មីនេះ ដាញ់ ម៉ូនីកា ក៏បានរំលឹកជាថ្មីម្តងទៀត ពីគោលបំណងចង់វិលមកសម្តែងសិល្បៈជាថ្មីឡើងវិញ
ខណៈពេលដែលបំណងនេះ អាចសម្រេចទៅបានគឺអាស្រ័យលើទស្សនិកជនដែលនៅគាំទ្ររូបនាងទៀត ឬយ៉ាងណា ។ ជាការកត់សម្គាល់ ក្រោយពីឃើញសំណេរខាងលើ របស់នាងបង្ហោះតាមបណ្តាញសង្គមនោះ គេឃើញមានមិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈជាច្រើន ជាពិសេស បណ្តាអ្នកគាំទ្ររូបនាងបានសម្តែងការគាំទ្រ ដោយចង់ឲ្យរូបនាងវិលមកសម្តែងជាថ្មី ក្នុងពេលដែលអ្នកខ្លះ ក៏មានការនឹករលឹកទៅដល់ការសម្តែងចាស់ៗរបស់នាងពីមុនផងដែរ ។

ទោះជាយ៉ាងណា ដាច់ ម៉ូនីកា នៅមិនទាន់ឆ្លើយតបជាវិជ្ជមានណាមួយថាតើនាងអាចនឹងមានឱកាសចូលសម្តែងជាថ្មីឡើងវិញនៅពេលណានោះឡើយ ប៉ុន្តែនាងបានសម្តែងការអរគុណទៅកាន់មហាជនទាំងអស់ ដែលនៅតែមានការគាំទ្ររូបនាង បើទោះបីជានាងបានឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំក៏ដោយ ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលអតីតតារាសម្តែងក្នុងរឿង ទុំទាវ នាង ដាញ់ ម៉ូនីកា បានបង្ហាញបំណងចង់
វិលមកអាជីពសិល្បៈជាថ្មីឡើងវិញ ពោលកន្លងមក អ្នកនាងក៏ធ្លាប់គូសបញ្ជាក់ដូចគ្នានេះផងដែរ ដោយនៅក្នុងនោះនាងចង់សម្តែងរួមគ្នាជាមួយតារាស្រីពីររូបដែលធ្លាប់សម្តែងរួមគ្នានាពេលកន្លងមក ។

ដាញ់ ម៉ូនីកា បានបញ្ជាក់ថា បើមានឱកាសនាងចង់សម្តែងជាមួយអ្នកនាង កែវ ពេជ្រពិសី និងអ្នកនាង សារាយ សក្ខណា
ខណៈពេលដែលនាងក៏មានការនឹករលឹកទៅកាន់តារាស្រីទាំងពីររូបនេះផងដែរ ព្រោះជាមិត្តភក្តិ និងអ្នកសិល្បៈរួមជំនាន់ ។
អតីតតារាសម្តែងនាង ដាញ់ ម៉ូនីកា បានរៀបអាពាហ៍ពីពាហ៍ ជាមួយបុរសខ្មែរអាណិកជនរស់នៅប្រទេសអូស្ត្រាលីកាលពីអំឡុងឆ្នាំ២០២០ ហើយបច្ចុប្បន្ន នាងមានកូនប្រុសស្រីចំនួន២រូបជាចំណងដៃហើយដែរ ៕





ចែករំលែកព័តមាននេះ