ធ្លាប់បរាជ័យក្នុងជីវិតគូម្តងហើយ! ទូច ស្រីល័ក្ខ សន្យាខ្លួនឯងថានឹងមិនឱ្យខុសជាលើកទីពីរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទំនងជាជីវិតគូលើកដំបូងបានផ្តល់មេរៀនដ៏ឈឺចាប់ ដែលជាហេតុតារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ បានអះអាងដោយសន្យាចំពោះខ្លួននាងថា សម្រាប់ដៃគូជីវិតដែលនាងនឹងសម្រេចយកនោះ គឺនាងនឹងមិនអោយខុសជាលើកទីពីរទៀតឡើយ ។
ស្របពេលជាមួយគ្នានេះផងដែរ ទូច ស្រីល័ក្ខ ក៏បានបង្ហើបពីពេលវេលាជាក់លាក់គឺអាចនៅអំឡុងពេលចូលឆ្នាំខ្មែរឆ្នាំក្រោយនេះ ដែលនាងគិតថា ជាពេលវេលាសមស្របសម្រាប់នាងដែលត្រូវសម្រេចចិត្តច្បាស់លាស់ក្នុងការទទួលយកបុរសណាមួយ ដើម្បីជាគូរអនាគត ។
តាមរយះសំណេរបង្ហោះលើបណ្តាញសង្គម តារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ បានលើកឡើងថា ខ្ញុំបានបរាជ័យក្នុងជីវិតគូរម្តងហើយ ដូច្នេះហើយខ្ញុំសន្យាលនឹងខ្លួនឯងមិនអោយខុសជាលើកទី២ទៀតឡើយ ព្រោះការចំណាយពេលទៅលើប្រុសដោយគ្មានភាពច្បាស់លាស់វាប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្តគ្មានទំនួលខុសត្រូវគ្មានសេចក្តីថ្លៃថ្នូរមិនចេះគ្រប់ ។
នាងថា អ្នកដែរបាត់បង់គឺយើងជាមនុស្សស្រីខាតគ្រប់ទាំងផ្លូវចិត្តខាតពេលខាតអារម្មណ៍ខូចសម្រស់អញ្ជឹងចូលគិតអោយបានច្បាស់ ចូលឆ្នាំខ្មែរប្រហែលជាច្បាស់ហើយមើលទៅ ។
យ៉ាងណាបើតាមអ្នកនាង ទូច ស្រីល៏ក្ខ បានគូសបញ្ជាក់ថា រើសមនុស្សដែរស្រលាញ់យើង ហើយអោយ តម្លៃយើងច្បាស់លាស់ពិតមិនលាក់លៀមមិនចេះលួចលាក់ ។
ជាការកត់សម្គាល់ តារាចម្រៀងនាង ទូច ស្រីល័ក្ខ បានបែកបាក់ស្វាមីជាជនបរទេស ដែលគិតមកទល់នាពេលនេះមានរយះពេលប្រមាណជិត១០ឆ្នាំមក ខណះពេលដែលចំណងអាពាហ៍ពិពាហ៍របស់នាងក៏បានបន្សល់ទុកនូវចំណងដៃកូនប្រុសម្នាក់ ដែលកំពុងទទួលការបីបាច់ថែរក្សាពីរូបនាងផ្ទាល់ ។
ចាប់តាំងពីបែកបាក់ជាមួយស្វាមីបរទេសមក ទូច ស្រីល័ក្ខ បានជួបវិប្បត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ រហូតបានសំងំលាក់ខ្លួនមិនជួបមុខនរណាទាំងអស់ ហើយនាងបានព្យាយាមធ្វើបទចម្រៀងជាច្រើនទាក់ទង និងស្ត្រីដែលមានបញ្ហាផ្លូវចិត្តត្រូវគ្រួសារបោះបង់ចោល ជាក់ស្តែងរាល់បទចម្រៀងរបស់នាងដែលបានចេញនាពេលកន្លងមក សុទ្ធតែជាជីវិតពិតរបស់នាង ។
យ៉ាងណាក្រោយសម្រាកព្យាបាលរបួសផ្លូវចិត្តមួយរយះពេលមក ទូច ស្រីល័ក្ខ ក៏បានចាប់ផ្តើមចេញមុខក្នុងសង្គមសិល្បៈជាថ្មីឡើវិញ ដែលនាំឲ្យជីវិតរបស់នាងកាន់តែមានភាពស្រស់ស្រាយ និងបានស្គាល់មនុស្សថ្មីជាច្រើនថែមទៀតផង ។
ទន្ទឹមនឹងការចេញមុខចេញមាត់ឡើងវិញនាពេលនេះ កន្លងមក ទូច ស្រីល័ក្ខ ក៏ធ្លាប់ប្រកាសក្តែងៗដែរថា ពេលនេះនាងបានសម្រេចចិត្តបើកបេះដូងដើម្បីទទួលយកស្នេហាថ្មី ដើម្បីផ្តល់ក្តីសុខដល់ខ្លួនឯង ប្រសិនបើមើលឃើញថា បុរសម្នាក់នោះល្អគ្រប់គ្រាន់សម្រាប់នាង នាងនឹងរៀបការភ្លាម មិនបណ្តោយពេលវេលាចោលឥតប្រយោជន៍ទៀតទេ ព្រោះនាងបានរស់មានឈ្មោះជាស្ត្រីមេម៉ាយជិត១០ឆ្នាំមកហើយ ។
ទោះជាយ៉ាង ក្នុងពេលដែលនាងបានប្រកាសពីការបើកបេះដូងទទួលយកស្នេហាថ្មីក៏ដោយ ប៉ុន្តែរហូតមកទល់នាពេលនេះ គេនៅមិនទាន់ឃើញតារាស្រីរូបនេះ បើបង្ហាញ ឬបង្ហើបពីអត្តសញ្ញាណបុរសរូបណាដែលនាងនឹងសម្រេចទទួលយក ដើម្បីមកស្អំបេះដូង ដែលបានកំព្រាអស់ពេលជាច្រើនឆ្នាំមកនេះនៅឡើយទេ ៕



ចែករំលែកព័តមាននេះ