រី ស្រីនេត ចាត់ទុកដំណើរនៃការប្រកួតបវរកញ្ញាគឺជាមេរៀនដ៏មានតម្លៃ និងជាផ្នែកមួយដ៏សំខាន់ក្នុងជីវិត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់បេសកម្មនៅក្នុងការចូលរួមប្រកួតបវរកញ្ញានៅលើឆាកអន្តរជាតិ តារាសម្តែង រី ស្រីនេត បានបង្ហាញមោទនភាព និងបានចាត់ទុកដំណើរមួយនេះបានបន្សល់ទុកឲ្យនាងនូវបទពិសោធន៍ និងមេរៀនដ៏មានតម្លៃ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរបស់នាងនាងជារៀងរហូត ។
រី ស្រីនេត បានបញ្ចប់បេសកម្មភាពប្រកួតបវរកញ្ញានៃកម្មវិធី Miss Asia Pacific International 2026 ដែលប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន ដោយនៅក្នុងនោះបើទោះបីជាមិនបានគ្រងម្កុដ ប៉ុន្តែតារាស្រីរូបនេះក៏បានចូលក្នុង TOP 10 ព្រមទាំងទទួលបាន Special Title ជា Continental Queen Of Asia ផងដែរ ។
ជោគជ័យមួយនេះបានធ្វើឲ្យនាង និងបណ្តាអ្នកគាំទ្ររូបនាងជាច្រើនបានសម្តែងការរីករាយយ៉ាងខ្លាំង ខណៈពេលដែល រី ស្រីនេត បានចាត់ទុកថា នេះគឺជាមោទនភាពយ៉ាងខ្លាំងចំពោះនាង និងសម្រាប់ប្រទេសកម្ពុជា។
ទោះបីជាយ៉ាងណា ក្រោយការវិលត្រឡប់មកកាន់មាតុប្រទេសវិញកាលពីថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ តារាសម្តែង និងជាបេក្ខភាពបវរកញ្ញាតំណាងកម្ពុជា កញ្ញារី ស្រីនេត បានបង្ហោះសំណេរលើបណ្តាញសង្គមថា ថ្ងៃនេះ នាងខ្ញុំបានត្រឡប់មកដល់មាតុភូមិកម្ពុជាវិញហើយ គឺដោយក្ដីរំភើប និងពោរពេញទៅដោយ «មោទនភាព» ដែលបានធ្វើដំណើរតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ Miss Asia Pacific International 2026 ។
កញ្ញាបានបញ្ជាក់ថា ទោះបីជាការធ្វើដំណើរមួយនេះបានបញ្ចប់ក៏ពិតមែន ប៉ុន្តែអនុស្សាវរីយ៍ បទពិសោធន៍ និងមេរៀនដ៏មានតម្លៃទាំងអស់ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរបស់នាងខ្ញុំជារៀងរហូត។
ជាពិសេស កូនក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកម៉ាក់ជំទាវ ញ៉ែម មរកត Morokat Nhem ហើយ អ្នកមីង និង ប្អូនៗទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ មកទទួលស្វាគមន៍រូបនាងខ្ញុំនៅអាកាសយានដ្ឋាន ។
នាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូន និងអ្នកគាំទ្រទាំងអស់ ដែលតែងតែផ្តល់កម្លាំងចិត្ត សេចក្តីស្រឡាញ់ និងការគាំទ្រដល់នាងខ្ញុំតាំងពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃត្រឡប់មកដល់ផ្ទះវិញ។
ជាការកត់សម្គាល់ បើយោងតាមការចុះផ្សាយពីសារព័ត៌មានរបស់ប្រទេសហ្វីលីពីនបានឲ្យដឹងថា រី ស្រីនេត បវរកញ្ញារបស់កម្ពុជា ដែលត្រូវបានបំពាក់ម្កុដឈ្មោះថា «ម្ចាស់ក្សត្រីទ្វីបនៃអាស៊ី » បានជួបប្រទះនឹងឧបសគ្គភាសាក្នុងអំឡុងពេលសំណួរ និងចម្លើយនៃរាត្រីគ្រងរាជ្យបវរកញ្ញាអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិឆ្នាំ ២០២៦ នៅថ្ងៃទី ១០ ខែតុលា។
អ្នកបកប្រែរបស់នាងមិនអាចបង្ហាញទាំងសំណួរ និងចម្លើយរបស់នាងបានទេ ដែលជំរុញឱ្យ ស្រីនេត ឆ្លើយជាភាសាអង់គ្លេស។
នៅពេលសួរថា តើអ្វីទៅដែលធ្វើឱ្យមនុស្សមកពីប្រទេសផ្សេងៗគ្នាក្លាយជាគ្រួសារមនុស្សតែមួយ ស្រីនេត បានទទួលស្គាល់ថា នាងនិយាយភាសាអង់គ្លេសបានតិចតួចប៉ុណ្ណោះ ប៉ុន្តែបាននិយាយថា មនុស្សនៅតែអាចបង្កើតមិត្តភាពដោយភ្ជាប់ទំនាក់ទំនងតាមរយៈបេះដូងរបស់ពួកគេ។
នាងក៏បានចង្អុលបង្ហាញពីភាសាកាយវិការជាមធ្យោបាយមួយផ្សេងទៀតដើម្បីទំនាក់ទំនង និងយល់គ្នាទៅវិញទៅមក ទោះបីជាមានភាពខុសគ្នា ៕



ចែករំលែកព័តមាននេះ