ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរណ៍ខេត្តកែបមានការកើនឡើង១៦,១៨% ក្នុងពិធី​បុណ្យ​ភ្ជុំបិណ្ឌឆ្នាំ២០២៦ ក្រោមបរិយាកាសសុវត្ថិភាព និងកក់ក្តៅ

3 អាទិត្យ មុន
  • កែប

​ខេត្ត​កែប​៖ អំឡុង​ពេល​៣​ថ្ងៃ ដែល​ជា​ថ្ងៃ​សម្រាក​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ មាន​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​ជាង​១០​ម៉ឺន​នាក់​បាន​មក​លំហែ​កម្សាន្ត និង​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ខេត្ត​កែប ។

តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​បានអោយ​ដឹង​ថា បរិមាណ​នេះ មានការ​កើនឡើង​ជាង​១៦​ភាគរយ បើ​ប្រៀបធៀប​អំឡុង​ពេល​ដូច​គ្នា​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំ​កន្លង​ទៅ ។

តាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ដដែល​បាន​ឲ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៦ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​សរុប​ចំនួន​១០៥.៥៦១​នាក់ បាន​ចូល​មក​លំហែ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​កែប​។ ចំនួន​នេះ​មានការ​កើនឡើង​១៦,១៨​ភាគរយ បើ​ធៀប​រយៈពេល​ដូច​គ្នា​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំ​២០២៥​កន្លង​ទៅ ។ ក្នុង​នោះ ភ្ញៀវ​ជាតិ​មាន​ចំនួន​១០៥.១៤០​នាក់ កើនឡើង​១៤.៧៨៦​នាក់ ស្មើនឹង​១៦,៣៦​ភាគរយ​នៃ​ឆ្នាំ​កន្លង​ទៅ ។

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ទន្ទឹម​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​បែប​នោះ បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព និង​របៀបរៀបរយ​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា ក៏​ត្រូវ​បាន​រាយការណ៍​ថា មាន​ភាពល្អ​ប្រសើរ​ផង​ដែរ ។

ទាំងនេះ​ជា​ការ​រួមចំណែក​បង្ក​លក្ខណៈ​ងាយស្រួល និង​ផ្តល់​ភាព​កក់ក្តៅ​ជូន​ភ្ញៀវ​ទេសចរ ដើម្បី​បាន​សម្រាកលំហែ​កម្សាន្ត ព្រមទាំង​ស្នាក់​អាស្រ័យ​ក្នុង​ខេត្ត​កែប​នា​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ទៀតផង​៕