រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង ប្រាក់ គន្ធា បានចេញមុខឆ្លើយតបទៅកាន់បុរសម្នាក់ដែលបានធ្វើការរិះគន់ចំៗមកលើរូបនាងដោយអះអាងថា នាងស្រឡាញ់ភេទដូចគ្នាគឺគ្មានអនាគតនោះឡើយ និងបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់នាងដែលកំពុងធ្វើនាពេលនេះ ។
តារាស្រីរូបនេះបានចាត់ទុកការរិះគន់ពីសំណាក់បុរសខាងលើថាគឺជាការរើសអើងចំពោះអ្នកដែលស្រឡាញ់ភេទដូចគ្នា ខណះពេលដែលចំណងស្នេហារបស់នាងនាពេលនេះគឺបានអូសបន្លាយពេលអស់ជាច្រើនឆ្នាំ និងក្រោមការដឹងលឺនិងទទួលស្គាល់ពីសាច់ញាតិទាំងសងខាងផងដែរ ។
តារាចម្រៀងនាង ប្រាក់ គន្ធា បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលនាងបានទទួលការរិះគន់ចំៗដោយផ្ទាល់ពីបុរសម្នាក់ដែលចូលមកឆាតនាង ហើយលើកឡើងដូចខាងលើ ក្នុងពេលដែលកន្លងមកនាងក៏ធ្លាប់ទទួលបានពាក្យរិះគន់បែបដែរ ប៉ុន្តែមិនដែលជួបត្រង់ដូចលើកនេះឡើយ ។
នាងបន្តថា ចំពោះចំណងស្នេហ៍ភេទដូចគ្នារបស់នាងនាពេលនេះគឺមានគ្រួសារ បងប្អូន និងមិត្តភក្តិនាងជាច្រើនបានគាំទ្រ និងស្រឡាញ់ពេញចិត្តទាំងអស់ ដោយមិនមានពាក្យរើសអើង ឬមិនពេញចិត្តអ្វីនោះឡើយ ។
នាងថា គ្រួសារពួកយើងទាំងពីរគឺស្រឡាញ់រាប់អានគ្នាដូចជាគ្រួសារបង្កើតនោះដែរ និងផ្តល់ភាពកក់ក្តៅដល់កូន មិនដាក់សម្ពាធ ឬរារាំងកូនចំពោះផ្លូវដែរកំពុងដើរនោះទេ ហើយមុននឹងគាត់ទទួលយកដៃគូរបស់កូនោះក៏គាត់ត្រូវមើលដែរថា អាចមើលថែកូនគាត់បានល្អអត់ បានគាត់ព្រមអោយ ។
យ៉ាងណានាងបញ្ជាក់ថា ការបញ្ចេញមិតរបស់ពូគឺមិនមានអ្នកណាហាមឃាត់នោះឡើយ ប៉ុន្តែការនិយាស្តីរបស់លោកពូគឺមានការរើសអើងទាំងស្រុងមកលើពួកនាង ក្នុងពេលដែលសង្គមបច្ចុប្បន្នគេក៏មិនបានរើសអើងឬប្រកាន់ចំពោះរឿងនេះដែរ ។ ប្រសិនបើពូមិនចូលចិត្តពូអាចអូសរំលងបានកុំមើលអ្វី ប៉ុន្តែពូពិតជាក្លាហានដោយបានឆាតមកនាងផ្ទាល់ និងរើសអើងមកលើរូបនាងថា សោកស្តាយដែលពួកនាងធ្វើដូច្នេះ ហើយការស្រឡាញ់ភេទដូចគ្នានេះគឺគ្មានអនាគតឡើយ ។
ចំណុចនេះនាងចង់សួរបញ្ជាក់ថា តើអនាគត់ពួកខ្ញុំគឺស្ថិតនៅលើមាត់លោកពូមែន ដែលលោកពូចង់ដឹង និងឈឺឆ្អាល់ចំពោះរឿងពួកនាងបែបនេះ ។
នាងថា ទំនាក់ទំនងរវាងដៃគូនាងគឺមានរយះពេលជិត៦ឆ្នាំហើយ មិនមែនទើបតែថ្មីៗ ហើយមិនមែនទើបតែទាក់ទងគ្នាស្ងាត់ៗ ហើយម៉ែឪមិនដឹងលឺដែរ ពោលគ្រួសាររបស់ពួកនាងគឺដឹង ហើយទទួលយកនូវក្តីសុខរបស់ពួកខ្ញុំ ព្រោះនេះជាសិទ្ធរបស់កូន គាត់មិននិយាយអ្វីឡើយ ។
តារាចម្រៀងនាង ប្រាក់ គន្ធា បានអះអាងបន្ថែមថា សព្វថ្ងៃពួកនាងជាមនុស្សរបស់មហាជន ហើយកន្លងមកនាងក៏ធ្លាប់ទទួលបានពាក្យទាំងអស់នេះដែរ ប៉ុន្តែពួកគាត់ទាំងអស់នោះមិនដែលមកឆៅៗដូចជាបុរសម្នាក់នេះនោះឡើយ ។
នាងបញ្ជាក់ថា កន្លងមក ពួកនាងមិនដែលបានបង្ហាញទង្វើអ្វីដែលអសីលធម៌ដល់សង្គមនោះឡើយ ហើយនាងក៏មិនដែលទៅធ្វើអ្វីខុសដែរ ខណះពេលបញ្ហានេះគឺជាជីវិតផ្ទាល់ខ្លួនរបស់ពួកនាង ដូច្នេះមុនហាមាត់និយាយអ្វីគួរតែគិតពិចារណាសិន ។
គួរបញ្ជាក់ថា តារាចម្រៀង នាង គន្ធា បានភ្ជាប់ស្នេហ៍ភេទដូចគ្នាជាមួយអ្នកចម្រៀង ម៉ាម៉ា ដែលកំពុងជ្រកក្រោមផលិតតែមួយ ដែលគិតមកទល់នាពេលនេះមានរយះពេលប្រមាណជិត៦ឆ្នាំមកហើយ ខណះពេលដែលសព្វថ្ងៃពួកគេក៏បានសម្រេចក្តីស្រមៃរួមគ្នាជាហូរហែ ដូចជាការទិញរថយន្ត និងធ្វើផ្ទះដើម្បីរស់នៅក្រោមដំបូលតែមួយផងដែរ ៕












ចែករំលែកព័តមាននេះ