ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វី​យ៉ា​តា ឆ្លើយ​តប​អ្នក​រិះគ.ន់​រឿង​លាក់បាំង​មិន​បង្ហាញមុខ​កូន​តាម​បណ្តាញ​សង្គម

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​និង​ជា​បេក្ខភាព​បវរកញ្ញា​ អ្នក​នាង ថៃ នារី​សុជាតា ហៅ ហ្វី​យ៉ា​តា បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​កាន់​មហាជន​មួយ​ចំនួន​ដែល​បាន​រិះគន់ និង​ចោទប្រកាន់​មក​លើ​រូប​នាង​ថា ព្យាយាម​លាក់បាំង​រឿង​កូន ដោយ​មិន​បង្ហាញ​តាម​បណ្តាញ​សង្គម ក្នុង​ពេល​ដែល​នាង​បាន​វិល​មក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​នា​ពេល​នេះ ។

ហ្វី​យ៉ា​តា បាន​បញ្ជាក់​ថា រឿង​ឯកជន​របស់​នាង​គឺ​នាង​មិន​ចាំបាច់​អ្វី​បង្ហាញ​គ្រប់​បែប​យ៉ាងនោះ​ឡើយ ហើយ​អ្វី​ដែល​នាង​មិន​បាន​បង្ហាញ​នោះ​គឺ​មិន​មាន​ន័យ​ថា នាង​មិន​បាន​ធ្វើ​អ្វី​ដើម្បី​កូន​នោះ​ឡើយ ពោល​កូន​របស់​នាង​បានដឹង​ច្បាស់​ពី​ការ​ស្រឡាញ់​របស់​នាង​ចំពោះ​គេ ។

ហ្វី​យ៉ា​តា បាន​លើក​ឡើង​ថា ខ្ញុំ​មិន​ចាំបាច់​បង្ហាញ​គ្រប់យ៉ាង ដើម្បី​បញ្ជាក់​ថា​ខ្ញុំ​ជា​ម្ដាយ​ល្អ​ទេ មនុស្ស​មួយ​ចំនួន​យល់​ថា អ្វី​ដែល​គេ​មិន​បានឃើញ​នៅ​លើ Social Media គឺ​មាន​ន័យ​ថា (​យើង​មិន​មាន​, ឬ​យើង​មិន​បាន​ធ្វើ​) តែ​សុំ​រំលឹក​បន្តិច Social Media មិនមែន​ជា​ជីវិត​ពិត​ទាំងមូល​របស់​យើង​ទេ​។

នាង​ថា ការ​ដែល​ខ្ញុំ​មិន​បង្ហាញ​កូន​ខ្ញុំ​លើ​បណ្ដាញ​សង្គម មិន​មាន​ន័យ​ថា​ខ្ញុំ​ជា​ម្ដាយ​មិនល្អ​ទេ​។ ការ​ដែល​ខ្ញុំ​មិន​យក​រឿង​ផ្ទាល់ខ្លួន​មក​បង្ហាញ ក៏​មិន​មាន​ន័យ​ថា​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​សម្រាប់​កូន​ខ្ញុំ​ដែរ​។

នាង​បញ្ជាក់​ថា មនុស្ស​ម្នាក់​ៗ​មាន​សិទ្ធិ​ជ្រើសរើស​ថា “​តើ​អ្វី​គួរ​បង្ហាញ និង​អ្វី​គួរ​រក្សា​ទុកជា​រឿង​ឯកជន ជា​ពិសេស ក្នុង​នាម​ជា​ម្ដាយ ខ្ញុំ​មាន​សិទ្ធិ​ការពារ​កូន​ខ្ញុំ និង​ជ្រើសរើស​របៀប​រក្សា​ឯកជន​ភាព​របស់​គ្រួសារ​ខ្ញុំព្រោះតែ​ខ្ញុំ​ដឹង​ច្បាស់​ពី​សង្គម online មួយ​នេះ ថា​វា​គួរ​ឲ្យ​ខ្លាច​កម្រិត​ណា​។

បើ​តាម ហ្វី​យ៉ា​តា ខ្ញុំ​ដើរ​មុន​កូន ទើប​មិន​ចង់ឱ្យ​កូន​គេ​ពាក់ព័ន្ធ​នឹង បណ្ដាញ​សង្គម online នោះ​ទេ​។

នាង​បន្ត​ថា អ្នកខ្លះ​ដែល​ចូល​ចិត្ត​វិភាគ ដៀល​គេ អ្នកជា​អ្នក​ក្រៅ មិន​អាច​ដឹង​ថា​ជីវិត​របស់​គេ​នៅ​ពីក្រោយ​កាមេរ៉ា​ថា​យ៉ាង​មិច​ទេ មាន​អ្វីខ្លះ​ទេ ដូច្នេះ​កុំ​យក​អ្វី​ដែល​អ្នក​ឃើញ​លើ Internet មក​កាត់សេចក្ដី​ជីវិត​របស់​អ្នក​ដទៃ​។

នាង​ថា កូន​ខ្ញុំ​ដឹង​ថា ម៉ាក់​ស្រឡាញ់​គេ ខ្ញុំ​ដឹង​ថា ខ្ញុំ​ធ្វើ​អ្វីខ្លះ​សម្រាប់​កូន​ខ្ញុំ​ ​ហើយ​សម្រាប់​ខ្ញុំ វា​គ្រប់គ្រាន់​ហើយ ​ហើយ​សម្រាប់​អ្នក​ដែល​ខំ​សន្និដ្ឋាន​ថា ខ្ញុំ​ទៅ​ដើរ​លេង​ដោយ​គ្មាន​កូន ហើយ​ទុក​កូន​ឲ្យ​យាយ​មើល​បើ​មែន​…​ហើយ​ម៉េច? ឈប់​យក​រឿង​គ្រួសារ​ធម្មតា​ៗ មក​ធ្វើ​ដូច​ជា​រឿង​គ្រោះ​ធម្មជាតិ​ទៀត​ទៅ ។​

ជា​ការ​កត់សម្គាល់ ពាក់ព័ន្ធ​ប​ញ្ហ​ខាងលើ​នេះ កន្លង​មក ថៃ នារី​សុជាតា ឬ​ហ្វី​យ៉ា​តា ហាក់​មិន​បាន​លាក់លៀម ឬ​មិន​ទទួលស្គាល់​ថា នាង​មិន​ធ្លាប់​មានគ្រួសារ​ឬ​មានកូន​នោះ​ឡើយ គ្រាន់តែ​កន្លង​មក​នាង​មិនសូវ​ជា​បង្ហាញ​សកម្មភាព​រួម​គ្នា​ជាមួយ​កូន​ច្រើន​ជា​សាធារណៈ​ឬ​តាម​បណ្តាញ​សង្គម ។

តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​ទទួលស្គាល់​ថា នាង​បាន​រស់នៅ​ក្នុង​ភាព​ជា​ស្ត្រី​មេម៉ាយ (Single Mom) តាំងពី​វ័យ​២០​ឆ្នាំ ដោយ​នាង​តស៊ូ​ព្យាយាម​ដើម្បី​បីបាច់​ថែរក្សា​កូនប្រុស​របស់​នាង​ឲ្យ​បាន​ល្អ​បំផុត ដោយ​ឲ្យ​កូន​របស់​នាង​ធំ​ឡើង​ទៅ​ជា​មនុស្ស​ប្រុស​រឹង​មាំ ឆ្លាត​ល្អ​នឹង​មិន​ធ្វើបាប​អ្នក​ដទៃ ដើម្បី​តែ​សេចក្តីសុខ​ខ្លួនឯង ហើយ​កូន​របស់​នាង​នឹង​ត្រូវ​ដើរ​តាម​ផ្លូវ​ដែល​នាង​ត្រួសត្រាយ​ឲ្យ ៕