ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្រី​បង្កើត​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា​ បាន​ទទួលមរណភាព​ហើយ ​ក្នុង​ជន្មាយុ​៨៨​ឆ្នាំ

20 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោកស្រី រស់ សា​បឿន ដែល​គេ​ស្គាល់​ថា ជា​បងស្រី​បង្កើត​របស់​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា​ បាន​ទទួលមរណភាព​ហើយ​ ក្នុង​ជន្មាយុ​៨៨​ឆ្នាំ ដោយ​ជរាពាធ​ កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង ៧​និង​៤២​នាទី​យប់ ក្នុង​គេហដ្ឋាន​របស់​លោកស្រី​នា​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

ពិធីបុណ្យ​តម្កល់សព​ប្រព្រឹត្ត​តាម​គន្លង​ព្រះពុទ្ធ​សាសនា​នៅ​សាលាឆាន់ វត្ត​ដំរី​ស ក្នុងភូមិ​កម្មករ ឃុំ​ស្វាយប៉ោ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ខ​ណៈ​ពិធី​បូជាសព​នឹង​ប្រារព្ធ​ឡើង​នៅ​​ល្ងាច​ថ្ងៃ​សុក្រ ទី​២១ ខែសីហា ឆ្នាំ​២០២៦​។

អដ្ឋិធាតុ​របស់​លោកស្រី​នឹង​ត្រូវ​ដង្ហែ​យក​ទៅ​តម្កល់​ក្នុង​ចេតិយ៍​របស់​រាជិនី​សំឡេង​មាស រស់​សេរី​សុទ្ធា នៅ​បរិវេណ​វត្ត​តា​មឹ​ម ស្ថិត​ក្នុង​ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​ចេតិយ៍​នេះ​បាន​កសាង​រួចរាល់​កាលពី​ខែមីនា ឆ្នាំ​២០២៥​ដោយ​ថវិកា​ផ្ទាល់​របស់ ឯកឧត្ដម ប៉ែន វិបុល ទេស​រដ្ឋមន្ត្រី​ទទួល​បេសកកម្ម​ពិសេស និង​លោក​ជំទាវ​។

ដំណឹង​នេះ​ជា​ដំណឹង​ដ៏​សែន​រន្ធត់​ក្តុកក្តួល​សោកស្តាយ​ជា​ពន់ពេក​ដោយពេល​នេះ ជា​ការ​បាត់បង់​សាក្សី​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​រូប ហើយ​ក៏​ជា​ការ​បាត់បង់​សាច់ញាតិ​ដ៏​ជិតស្និទ្ធ​បំផុត និង​ចុង​ក្រោយបង្អស់​របស់ រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា​ ផង​ដែរ​។

កន្លង​មក លោកស្រី​តែងតែ​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការ​ចែករំលែក​ការ​ចង​ចាំ​ជា​ច្រើន​ជុំវិញ​រឿងរ៉ាវ​ប្រវត្តិ​របស់​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា​។

បើ​យោង​តាម​កិច្ច​សម្ភាសន៍​របស់​លោក វី​រៈ វ៉ា​រ៉ា​នី ក្រុម​ដំណើរ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា លោកស្រី រស់ សា​បឿន កើត​នៅ​ឆ្នាំ​១៩៣៨ នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​វត្ត​គរ សង្កាត់​ស្វាយប៉ោ ខេត្តបាត់ដំបង ជា​កូន​របស់​លោក រស់ ប៊ុ​ន ទាហាន​សម័យ​បារាំង និង​លោកស្រី ណាត់ សា​មៀន មេផ្ទះ​។

អ្នកស្រី រស់ សា​បឿន ជា​កូនស្រី​ច្បង​ក្នុង​ចំនោម​បងប្អូន​សរុប ៥​នាក់ ក្នុង​រួម​មាន​ប្អូនស្រី​ទី​២ ឈ្មោះ​រស់ សា​បឿ​ត ប្អូនប្រុស​ទី​៣ ឈ្មោះ រស់ សុគន្ធ ប្អូនស្រី​ទី​៤ ឈ្មោះ​រស់ សេរី​សុទ្ធា និង​ប្អូនស្រី​ទី​៥ ឈ្មោះ រស់ សេរី​សោភ័ណ​ ។ ​កាលពី​កុមារភាព​ លោកស្រី​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា​ទ​ក្ខិ​ណ និង​សាលា​វិទ្យាល័យ​វត្ត​កំផែង ​ដោយ​លោកស្រី​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់ឌីប្លូម រួច​ក៏​ចាប់ផ្តើម​បង្កើតរ​បរជា​អ្នក​តុង​តែងការ ដែល​សព្វថ្ងៃ​ហៅ​ថា អ្នក​សំអាងការ​។

ចំពោះ​ភាព​ជោគជ័យ​នៃ​ជីវិត​សិល្បៈ​របស់​លោកស្រី​រស់​ សេរី​សុទ្ធា លោកស្រី រស់ សា​បឿន ក៏​មាន​ចំណែក​យ៉ាង​ធំ​ផង​ដែរ ក្នុង​ការ​ជ្រោម​ជ្រែង​ជំរុញ​ទឹកចិត្ត​អោយ​លោកស្រី​រស់​ សេរី​សុទ្ធា​ ចាប់​អាជីព​ជា​អ្នកចម្រៀង និង​ការ​មើល​ការ​ខុស​ត្រូវ​ក្នុង​នាម​ជា​បងស្រី​មួយ​រូប ​តាំងពី​អំឡុង​ពេល​ដែល​លោកស្រី​រស់ ​សេរី​សុទ្ធា​ ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ទាំង​នៅ​បាត់ដំបង នឹង​នៅ​ភ្នំពេញ​។

នៅ​ទស​វត្ស​៦០ លោកស្រី​បាន​រៀប​មង្គលការ​ជាមួយ​លោក អ៊ៀ​ប គឹ​ម​ស៊ា​ន ត្រូវជា​ក្មួយ​ប្រុស​បង្កើត​របស់​លោក​អៀ​ប ឃុ​ត ។ លោកស្រី​នឹង​ស្វាមី​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់ ប្រុស​១​ស្រី​២ មានកូន​ប្រុស​ទី​១​ឈ្មោះ អៀ​ប ភី​វ៉ា​ន់ កូនស្រី​ទី​២ ឈ្មោះ អៀ​ប ផា​វី និង​កូនស្រី​ពៅ​ទី​៣ ឈ្មោះ​អៀ​ប កន្និកា​។

នៅ​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម លោកស្រី ក៏​ដូច​ជា​ប្រជាជន​ខ្មែរ​ដទៃ​ទៀត បាន​ក្លាយជា​ទាសករ​ដាច់​ថ្លៃ រស់នៅ​រង​ទុក្ខវេទនា​ជាមួយ​កូនស្រី​ពៅ ក្នុងស្រុក​៤១ តំបន់​៣ ចំណែក​កូនប្រុស​ទី​១ និង​កូនស្រី​ទី​២​នាក់​បាន​ទៅ​រស់នៅ​ភ្នំពេញ ហើយ​ក៏​ត្រូវ​ខ្មែរក្រហម​សម្លាប់​ជាមួយ​លោកស្រី​រស់​ សេរី​សុទ្ធា​ នៅ​ក្នុង​ចម្ការ​ស្វាយ​មួយ​កន្លែង ខាងត្បូង​វត្ត​ជាំ​សង្កែ ស្រុក​ភ្នំ​ស្រូ​ច ខេត្តកំពង់ស្ពឺ ចំណែក​ស្វាមី​របស់​លោកស្រី​បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​បារាំង ហើយ​បាន​រៀប​ការ​ភរិយា​ថ្មី​ និង​ទទួលមរណភាព​ដោយ​ជំងឺ​បេះដូង ។

ក្រោយ​សម័យ​ខ្មែរក្រហម​ឆ្នាំ​១៩៧៩ អ្នកស្រី​ធ្វើការ​ទទួល​បន្ទុក​ខាង​ភូមិ​ឃុំ​នៅ​បាត់ដំបង និង​ជា​អ្នក​រៀបចំ​សណ្ដាប់ធ្នាប់​ភូមិ​ឃុំ​ជាមួយ​ផ្នែក​ចម្រុះ​យោធា​ខ្មែរ និង​ជំនាញការ​វៀតណាម​។ ក្រោយមក​ទៀត​អ្នកស្រី​ចូលរួម​ប​ម្រេ​ី​ការ​ខាង​សមាគម​ន៍​នារី​យុវជន​ក្នុង​ខេត្តបាត់ដំបង​ដដែល និង​បាន​បន្ត​ការ​សិក្សា​នៅ​ប្រទេស​វៀតណាម​ជាមួយនឹង​សមាគម​ន៍​នារី ហើយ​បន្ទាប់​ពី​វិល​ត្រឡប់​មក​វិញ​អ្នកស្រី​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណ​អភិបាលស្រុក​ខេត្តបាត់ដំបង​។ ក្រោយ​ពី​ចូល​និវត្តន៍ លោកស្រី​បាន​ក្លាយជា​ប្រធាន​គណៈ​ក​ម្មា​ការ​ចំណុះ​ជើងវត្ត​ដំរី​.ស​។

តាំងពី​ទស​វត្ស​៩០ រហូត​មក ក្រុម​អ្នក​ស្រាវជ្រាវ​ទាំង​ជាតិ​និង​អន្តរជាតិ ដែល​ចង់​ដឹង​ពី​ប្រវត្តិ​លំអិត​នៃ​ជីវិត​រាជិនី​សំឡេង​រស់​សេរី​សុទ្ធា តែងតែ​នាំ​គ្នា​ស្កាត់​ទៅ​ជួប​សម្ភាសន៍​លោកស្រី​ដោយ​ខាត​មិន​បាន ហើយ​ក៏​តែងតែបាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​ពី​លោកស្រី​ផង​ដែរ ដោយ​មានការ​រាប់អាន​យ៉ាង​ជិត​ស្និទ្ធ​ទៀត​ផង​។ យ៉ាងណាមិញ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាន​យ៉ាង​ចិត្ត​ទុក​ចំពោះ​លោកស្រី ដោយ​មានការ​ផ្តល់​ថវិកា​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ក៏​ដួច​ជា​ផ្តល់​នូវ​ការ​សួរសុខទុក្ខ​ជា​ហូរហែ​ផង​ដែរ​។

ដោយឡែក​នៅ​ឆ្នាំ​២០១៥ លោកស្រី រស់ សា​បឿន តំណាង​ក្រុម​គ្រួសារ​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា​បាន​ទទួល​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​គ្រប់គ្រង​ចម្រៀង​មួយ​បទ បទ ឈាមខ្មៅ ដែល​ជា​ស្នាដៃ​និពន្ធ​របស់​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា រួម​ជាមួយ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។

តាំងពី​កក្កដា ឆ្នាំ​២០២៦ លោកស្រី រស់ សា​បឿន មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង សម្រាក​ព្យាបាល​ជំងឺ​ជា​ច្រើន​ដង ហើយ​ក៏​ចាប់ផ្តើម​មាន​ជំងឺ​វង្វេង រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៦ អាការៈរោគ​របស់​លោកស្រី​បាន​រុករាន​កាន់តែ​ខ្លាំង វង្វេង​លែង​ដឹង​អ្វី​ទាំងអស់ ហើយ​ពុំ​អាច​ទទួលទាន​អាហារ​បាន​ក្រៅពី​ទឹក​ប៉ុណ្ណោះ​។ ស្ថានភាព​ជំងឺ​របស់​លោកស្រី​កាន់តែ​ដុនដាប​ពី​ថ្ងៃមួយ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​ម៉ោង​៧ និង​៤២​នាទី​យប់ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៦ ​លោកស្រី ក៏បានទទួលមរណភាព ដែល​គួរ​ឱ្យសោកស្តាយ​បំផុត ៕