ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពេជ្រធំជាងគេលំដាប់ទី២លើពិភពលោក ទីបំផុតរកអ្នកទិញឃើញ ក្រោយរង់ចាំជិត ២ឆ្នាំ

3 ថ្ងៃ មុន

ពីនេះពីនោះ៖ ពេជ្រឆៅ Motswedi ទម្ងន់ប្រមាណ ២,៤៨៨ ការ៉ាត់ ដែលជាពេជ្រគុណភាពនិងមានទំហំធំជាងគេលំដាប់ទី២ ដែលមិនធ្លាប់រកឃើញ ត្រូវបានលក់ចេញហើយ បន្ទាប់ពីក្រុមហ៊ុន Lucara Diamond របស់កាណាដា ចំណាយពេលជិត ២ឆ្នាំស្វែងរកអ្នកទិញ។ នេះបើយោងព័ត៌មានពី Business Insider Africa និង National Jeweler។

ពេជ្រដ៏កម្រនេះត្រូវបានរកឃើញនៅអណ្តូងរ៉ែ Karowe ក្នុងប្រទេសបូតស្វាណា កាលពីខែសីហា ឆ្នាំ២០២៤។ ដំបូងវាមានទម្ងន់ ២,៤៩២ ការ៉ាត់ ប៉ុន្តែបានបាត់បង់ទម្ងន់បន្តិចក្រោយការសម្អាត។

ក្រុមហ៊ុនមិនបានបង្ហាញអត្តសញ្ញាណអ្នកទិញ ឬតម្លៃលក់នោះទេ។ ការលក់មានភាពលំបាក ដោយសារពេជ្រដែលមានទំហំធំបែបនេះកម្រខ្លាំង ហើយពិបាកកំណត់តម្លៃតាមវិធីធម្មតា។ ម្ចាស់ថ្មីអាចកាត់វាជាពេជ្រតូចៗជាច្រើន ឬរក្សាទុកជាពេជ្រឆៅសម្រាប់ដាក់តាំងក្នុងសារមន្ទីរ។

វិទ្យាស្ថានត្បូងពេជ្រអាម៉េរិក (GIA) ចាត់ទុក Motswedi ជាពេជ្រឆៅដែលមានគុណភាពនិងទំហំធំជាងគេលំដាប់ទី២ បន្ទាប់ពីពេជ្រ Cullinan ទម្ងន់ ៣,១០៦ ការ៉ាត់ ដែលត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ១៩០៥។

ឈ្មោះ “Motswedi” ជាពាក្យក្នុងភាសា Setswana មានន័យថា ចរន្តទឹកក្រោមដីដែលហូរឡើងមកលើផ្ទៃដី៕