រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច ផេកហ្វេសប៊ុករបស់តារាចម្រៀង សួស វីសា បានសរសេរថា ៖ «នាងខ្ញុំ សួស វីសា សូមជម្រាបជូនសាធារណជន និងប្រិយមិត្តទាំងអស់ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦នេះ នាងខ្ញុំ និងអតីតស្វាមី លោក ប៊ុនថុល ប៊ុនថង (ថមមី) បានសម្រេចចិត្តលែងលះគ្នាជាស្ថាពរទៅតាមផ្លូវច្បាប់ នៅសាលាដំបូងរាជធានីភ្នំពេញ» ។
អ្នកនាង សួស វីសា បានប្រកាសជាសាធារណៈថា ចាប់ពីថ្ងៃនេះតទៅ ពួកយើងទាំងពីរនាក់ មិនមានទំនាក់ទំនងក្នុងនាមជាប្តីប្រពន្ធតទៅទៀតឡើយ។ មូលហេតុគឺដោយសារការរស់នៅមិនចុះសម្រុងនឹងគ្នា ហើយពួកយើងបានសម្រេចចិត្តដើរតាមផ្លូវរៀងៗខ្លួនដោយសន្តិវិធី ដោយការគោរពគ្នា និងគ្មានការចងគំនុំអ្វីនឹងគ្នានោះទេ ។
អ្នកនាង សួស វីសា បន្តថា នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បងប្អូនទាំងអស់គ្នានឹងមេត្តាគោរពតាមការសម្រេចចិត្តរបស់ពួកយើងទាំងពីរនាក់។ នាងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការស្រឡាញ់ និងការគាំទ្ររបស់អ្នកទាំងអស់គ្នានាពេលកន្លងមក ។
ជាមួយគ្នានេះដែរ អ្នកនាង សួស វីសា ក៏សូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកមេធាវី អាំង សុវណ្ណារ៉ា ដែលបានជួយសម្របសម្រួលរៀបចំរឿងក្តីរបស់នាង ឱ្យបញ្ចប់ទៅដោយសន្តិវិធី និងរលូន ៕




ចែករំលែកព័តមាននេះ