ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​លង្កា ៖ វះកា.ត់​យក​គ្រួ​ស​ទម្ងន់​ជាង​ ៣​គីឡូក្រាម​ពី​ប្លោក​នោម​បុរស​ម្នាក់ ដែល​គេ​ជឿ​ថា ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន

1 ថ្ងៃ មុន

ប្រទេស​ស្រី​លង្កា ៖ ក្រុម​គ្រូពេទ្យ​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា​បាន​វះកាត់​យក​គ្រួ​ស​ក្នុង​ប្លោក​នោម​ទម្ងន់ ៣,១ គីឡូក្រាម​ចេញពី​ខ្លួន​បុរស​ម្នាក់ ដែល​ពួក​គេ​ជឿ​ថា​គឺជា​គ្រួ​ស​ធំ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ នេះ​បើ​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៦​។

ការ​វះកាត់​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ស​ប្តា​ហ៍​មុន នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង ទ្រី​ន​កូ​ម៉ា​លី (Trincomalee) ភាគ​ខាងកើត​ប្រទេស​ស្រី​លង្កា​។ ដើម​ឡើយ អ្នកជំងឺ​អាយុ​៥៥​ឆ្នាំ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បន្ទាប់​ពី​មាន​អាកា​រៈដាច់​សរសៃឈាម​ខួរក្បាល​។ ប៉ុន្តែ​អំឡុង​ពេល​សម្រាក​ព្យាបាល គ្រូពេទ្យ​បាន​រក​ឃើញ​គ្រួ​ស​ក្នុង​ប្លោក​នោម​របស់​គាត់ បន្ទាប់​ពី​កត់សម្គាល់​ឃើញ​ថា ពិបាក​បត់ជើងតូច​។

នៅ​ក្នុង​ការ​វះកាត់ ក្រុម​គ្រូពេទ្យ​បាន​យក​គ្រួ​ស​នោះ​ចេញ ដោយ​មាន​ទម្ងន់​ស្មើនឹង​ទារក​ទើបនឹង​កើត​គ្រប់​ខែ​ម្នាក់ និង​មាន​ទំហំ​ប៉ុន​ពង​សត្វ​អូ​ទ្រី​ស​។ យោង​តាម​លោក​វេជ្ជបណ្ឌិត Pragalathan Balakrishnan ដែល​ដឹកនាំ​ការ​វះកាត់​បាន​ប្រាប់ BBC Sinhala ថា តាម​កំណត់​ត្រា​ដែល​មាន នេះ​គឺជា​គ្រួ​ស​ក្នុង​ប្លោក​នោម​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​កត់​ត្រាទុក និង​ត្រូវ​បាន​យក​ចេញ​តាម​រយៈ​ការ​វះកាត់​។ ស្រប​ពេល​អ្នកជំងឺ​មាន​សុខភាព​ល្អ​ប្រសើរ​។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា គ្រួ​ស​នេះ​ប្រហែលជា​បាន​កកើត​ក្នុង​ប្លោក​នោម​អ្នកជំងឺ​អស់​រយៈពេល​ពី ៥ ទៅ ១០ ឆ្នាំ​មក​ហើយ​។ តាម​ការ​បញ្ជាក់​ពី​គ្រូពេទ្យ បច្ចុប្បន្ន​អ្នកជំងឺ​នៅ​តែ​បន្ត​សម្រាក​នៅ​មន្ទីរពេទ្យ ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត​។

គួរ​បញ្ជាក់​ថា គ្រួ​ស​ក្នុង​ប្លោក​នោម កើតឡើង​នៅ​ពេល​សារធាតុ​រ៉ែ​ក្នុង​ទឹកនោម​ចាប់ផ្តើម​ឡើង​ក្រាម រួច​ក្លាយទៅជា​ដុំ​រឹង ហើយ​ច្រើន​តែ​កើតឡើង​នៅ​ពេល​ប្លោក​នោម​មិន​អាច​បញ្ចេញ​ទឹកនោម​អស់ពី​ខ្លួន ដែល​បន្សល់​ទុក​ទឹកនោម​ខាប់​ខ្លាំង រហូត​អាច​ប្រែ​ក្លាយទៅជា​ក្រាម​គ្រួ​សបាន​។ គ្រួ​ស​ក្នុង​ប្លោក​នោម​តូច​ៗ​មាន​ទំហំ​ប៉ុន​គ្រាប់​ខ្សាច់ អាច​ធ្លាក់​មក​ក្រៅ​វិញ​ដោយ​ខ្លួនឯង ប៉ុន្តែ​គ្រួ​សមាន​ទំហំ​ធំ​ជាង ១ សង់ទីម៉ែត្រ ជា​ញឹកញាប់​តែង​ស្ទះ​លំហូរ​ទឹកនោម និង​ទាមទារ​ឱ្យ​មានការ​ព្យាបាល​ពី​គ្រូពេទ្យ ខណៈ​គ្រួ​ស​ក្នុង​ប្លោក​នោម​មាន​ទំហំ​ធំ​ជាង ៤ សង់ទីម៉ែត្រ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គ្រួ​ស​យក្ស​ហើយ​។

បើ​យោង​តាម​សៀវភៅ​កំណត់​ត្រា​ពិភពលោក​ហ្គី​ណេ​ស (Guinness World Records) គ្រួ​ស​ក្នុង​ប្លោក​នោម​ដែល​ធំ​បំផុត​ត្រូវ​បាន​វះកាត់​យក​ចេញពី​អ្នកជំងឺ​ម្នាក់​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល កាលពី​ឆ្នាំ ២០០៣ ដោយ​មាន​ទម្ងន់ ១,៩ គីឡូក្រាម និង​មាន​ប្រវែង ១៧,៩ សង់ទីម៉ែត្រ​។ ចំណែកឯ​គ្រួ​ស​ក្នុង​ប្លោក​នោម​ដែល​ត្រូវ​បាន​វះកាត់​យក​ចេញ​ក្នុង​ប្រទេស​ស្រី​លង្កា កាលពី​ស​ប្តា​ហ៍​មុន មាន​ប្រវែង​ប្រហែល ១៧ សង់ទីម៉ែត្រ​៕