រាជធានីភ្នំពេញ ៖ បេក្ខជនចំនួន ១៥០០ នាក់ មកពីទូទាំងប្រទេសកម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតសរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» លើកទី ៣ ឆ្នាំ ២០២៦ នៅទឹកដីខេត្តសៀមរាប ។ នេះជាកម្មវិធីមួយដែលបង្កើតឡើង ដើម្បីលើកកម្ពស់អក្សរសាស្ត្រខ្មែរ តាមរយៈការសរសេរតាមអានដែលនឹងអាចក្លាយទៅជាទិវាសរសេរតាមអានជារៀងរាល់ឆ្នាំ ដោយផ្តោតលើប្រធានបទស្ដីពី «រមណីយដ្ឋានអង្គរ» ។

លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធី «សំណេរអង្គរ» នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កម្មវិធី «សំណេរអង្គរ» លើកទី ៣ នេះនឹងប្លែកជាងការប្រកួតមុនៗ ដោយអ្នករៀបចំកម្មវិធីកៀរគរឱ្យមានជនបរទេសស្រលាញ់អក្សរសាស្ត្រខ្មែរចូលរួមបានច្រើនជាងមុន គឺពី ១៥ នាក់ ទៅ ២០ នាក់ ក្នុងចំណោមបេក្ខជនប្រកួត ១៥០០ នាក់ ព្រោះយើងចង់ពង្រីកការយល់ដឹងភាសាខ្មែរទៅក្រៅប្រទេសតាមរយៈពួកគាត់ ។ លោកថា បច្ចុប្បន្នមានជនបរទេសច្រើនរៀនភាសាខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាពិសេសនៅតាមស្ថានទូតនានាក៏ចេះភាសាខ្មែរដែរ ។

លោកបានក្រើនរម្លឹកផងដែរថា ដើម្បីត្រៀមខ្លួនចូលរួមប្រកួតទទួលបានលទ្ធផលល្អបេក្ខជនគួរតែអានសៀវភៅឱ្យបានច្រើន ជាពិសេសសៀវភៅផ្លូវការដែលចេញពីក្រសួងអប់រំ ឬបេក្ខជនត្រូវកត់សម្គាល់ និងពង្រឹងខ្លួនឯងនូវពាក្យដែលតែងតែសរសេរខុស ។
លោក លីម ប៊ុនហុក បញ្ជាក់ទៀតថា កម្មវិធី «សំណេរអង្គរ» លើកទី ៣ ឆ្នាំ ២០២៦ នឹងអញ្ជើញអ្នកប្រាជ្ញខាងអក្សរសាស្ត្រខ្មែរ ចូលរួមជាភ្ញៀវកិត្តិយស ក៏ដូចជាធ្វើជាសាក្សីផងដែរ ។ ចំពោះអ្នកអានសំណេរតាមអាន «សំណេរអង្គរ» លើកទី ៣ នេះក៏នឹងអញ្ជើញឥស្សរជនក្នុងអក្សរសាស្ត្រខ្មែរផងដែរ ។

គួររម្លឹកផងដែរថា អ្នកអានកម្មវិធី «សំណេរអង្គរ» កាលពីលើកទី ១ ឆ្នាំ ២០២៤ គឺលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងកម្មវិធី «សំណេរអង្គរ» លើកទី ២ ឆ្នាំ ២០២៥ គឺលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតសរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» លើកទី ៣ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី ១៨ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក នៅទីតាំងស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ។ ចំពោះការចុះឈ្មោះធ្វើឡើងតាមរយៈលេខ ៖ ០៩២ ៣៣៧ ៦២៦ (តេឡេក្រាម) ហើយថ្ងៃចុះឈ្មោះចុងក្រោយនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ ដោយកំណត់ចំនួនបេក្ខជនចូលរួមត្រឹមតែ ១៥០០ នាក់ប៉ុណ្ណោះ ៕




ចែករំលែកព័តមាននេះ