តួអង្គទេវតាក្រង៉ែងក្រង៉ង់ ក្នុងរឿង «ព្រះច័ន្ទគោរព» បង្ហាញមហិច្ជតាក្លាយជាអ្នកដឹកនាំសម្តែងសិល្បៈនាពេលអនាគត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកដែលបានទស្សនាយីកេរឿង «ព្រះច័ន្ទគោរព» ប្រាកដជាបានស្គាល់យ៉ាងច្បាស់នូវតួអង្គទេវតាក្រង៉ែង
ក្រង៉ង់ ដែលមានទេពកោសល្យខ្ពស់នៅក្នុងការសម្តែង ដែលធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ និងលើកសសើរយ៉ាងខ្លាំង ។

តួអង្គរូបនេះ មានឈ្មោះថា មុំ វណ្ណដាវីន ជាអតីតនិស្សិតអាហាររូបករណ៍នៃសាលាមធ្យមវិចិត្រសិល្បៈ ផ្នែកដឹកនាំរឿង ឯកទេសល្ខោនយីកេ ខណៈពេលដែលលោកបានចូលរៀនលើជំនាញសិល្បៈនេះតាំងពីក្មេងមកម្ល៉េះ ។ តាមរយៈបទពិសោធន៍នៃការសម្តែងអស់រយៈពេលជាច្រើនឆ្នាំមកនេះ មុំ វណ្ណដាវីន បានបង្ហាញមហិច្ជតាចង់ក្លាយជាអ្នកដឹកនាំសម្តែងសិល្បៈបុរាណ
នាពេលអនាគត ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីសិល្បៈបុរាណខ្មែរឲ្យកាន់តែទូលំទូលាយថែមទៀត ។

ថ្លែងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិច លោក មុំ វណ្ណដាវីន បានលើកឡើងថា ជាឈាមជ័រ ដែលមានឪពុកជាអ្នកសម្តែងល្ខោនយីកេ និងមីងជាអ្នកធ្លាប់សិក្សានៅសាលាមធ្យមវិចិត្រសិល្បៈនោះ លោកក៏មានឱកាសចូលរៀនសូត្រនៅសាលាសិល្បៈនេះដូចគ្នា ។

លោកបន្តថា ការផ្តើមចេញពីការសិក្សា នៅសាលាសិល្បៈ លោកក៏ធ្លាប់ឆ្លងកាត់ការប្រឡងសិល្បៈក្នុងកម្មវិធីនានា ខណៈពេលដែលលោកក៏តែងតែទទួលបានជ័យលាភីយកទៅជូនសាលារៀនវិញផងដែរ ។ លោកបញ្ជាក់ថា តាមរយៈសមិទ្ធផលទាំងនេះដោយសារតែលោកមានដុង និងស្រឡាញ់វិស័យសិល្បៈតាំងពីកុមារភាព ក្នុងពេលដែលលោកបានទទួលការបណ្តុះបណ្តាលនៅសាលាមធ្យមវិចិត្រសិល្បៈរយៈពេល៥ឆ្នាំ និងបន្តសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឯកទេសល្ខោនយីកេនេះផងដែរ ។

លោក មុំ វណ្ណដាវីន បានបន្ថែមទៀតថា ការសិក្សានៅសាលាវិចិត្រសិល្បៈអាចនិយាយបានថា ជារបកគំហើញ និងការបើកទំព័រថ្មីសម្រាប់ជីវិតរបស់លោក ព្រោះបានត្រួសត្រាយផ្លូវឲ្យលោកមានឱកាសចូលក្នុងសិល្បៈដែលធ្វើឲ្យលោកអាចរកកម្រៃពីអាជីពមួយសម្រាប់ផ្គត់ផ្គង់ការសិក្សា ក៏ដូចជីវភាពរស់នៅប្រចាំថ្ងៃ ។ លោកបន្តថា អំឡុងពេលសិល្បៈនៅសាលានោះលោកក៏បានជួបមិត្តភក្តិម្នាក់ ហើយក៏បានចាប់ដៃគ្នាបង្កើតទម្រង់សិល្បៈថ្មីមួយដែលមានឈ្មោះថា ល្ខោនថ្លក់ ហើយលោកក៏មានជំនាញត្រូវនឹងតួថ្លុកនេះដែរ ។

លោកបញ្ជាក់ថា ការសម្តែងនេះ គឺមានបងប្អូនទស្សនិកជនគាំទ្រច្រើន នៅពេលដែលពួកយើងបានដើរសម្តែងតាមទីកន្លែងនានា ហើយទាំងនេះបានធ្វើឲ្យលោកមានលទ្ធភាព សម្រាប់បន្តការសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ លោកថា
រយៈពេលចុងក្រោយនេះ គឺយើងបានចេញសម្តែងច្រើនមិនថា ថ្នាក់ជាតិ ឯកជន ឬតាមសាលានានារៀននោះឡើយ ពោលពួកយើងបានពុះពារគ្រប់បែបយ៉ាងណាឲ្យតែការសម្តែងនោះទទួលបានថវិកាសម្រាប់ផ្គត់ផ្គង់បន្តការសិក្សា ។

លោកបញ្ជាក់ថា ឆ្លងកាត់ការសិក្សា និងបទពិសោធន៍ក្នុងការសម្តែងនេះ លោកបានដាក់គោលដៅសម្រាប់ខ្លួនឯង ដោយចង់ក្លាយជាមនុស្សដែលមានឥទ្ធិពលមួយរូបនៅក្នុងវិស័យសិល្បៈបុរាណ ដើម្បីក្លាយជាអ្នកដឹកនាំក្រុមសិល្បៈចូលរួមផ្សព្វផ្សាយទម្រង់សិល្បៈបុរាណឲ្យកាន់តែទូលំទូលាយ និងមានភាពរីកចម្រើនថែមទៀត ៕






<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ