អ្នកគាំទ្រសាទរក្រោយឃើញ គៀត សុវណ្ណាឡាង វិលមកចាប់វិស័យចម្រៀងជាថ្មីឡើងវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកគាំទ្រជាច្រើនបានសម្តែងការរីករាយ និងសាទរនៅពេលពួកគេបានឃើញតារាស្រីនាង គៀត សុវណ្ណាឡាង បានវិលមកកាន់វិស័យចម្រៀងជាថ្មីម្តងទៀត បន្ទាប់ពីនាងបានឃ្លាតឆ្ងាយពីអាជីពមួយនេះអស់ជាច្រើនឆ្នាំ ។

ការវិលមកអាជីពសិល្បៈចម្រៀងពី គៀត សុវណ្ណាឡាង នាពេលនេះ ក៏ជាការស្របគ្នាផងដែរ ដែលនាងបានចាប់យកអាជីពសម្តែងជាថ្មីដូចគ្នា ដោយនៅក្នុងនោះភាពយន្តដំបូងរបស់នាងដែលនាងផ្តើមការសម្តែងឡើងវិញនោះ គឺរឿងម្តាយមរណមាតា ដែលទើបចាក់បញ្ចាំងតាមរោងភាពយន្តនានា ។
តាមរយៈវីដេអូឃ្លីបមួយដែលបង្ហោះតាមបណ្តាញសង្គមបង្ហាញពីការថតបទចម្រៀងថ្មីក្នុងស្ទីឌីយោជាមួយនិពន្ធល្បីឈ្មោះមួយរូប គៀត សុវណ្ណាឡាង បានភ្ជាប់ជាមួយសំណេរខ្លីថា ត្រឡប់មកកាន់ក្បាលមេក្រូសារជាថ្មី ។

តាមរយៈសំណេរ និងសកម្មភាពខាងលើនេះ គេអាចសន្និដ្ឋានថា គៀត សុវណ្ណាឡាង កំពុងតែងាកមកអាជីពសិល្បៈជាថ្មីឡើងវិញ បន្ទាប់ពីនាងបានខកខានមិនបានចេញមុខក្នុងវិស័យមួយនេះអស់ជាច្រើនឆ្នាំ ដោយសំងំបើកមុខរបរថ្មីផ្ទាល់ខ្លួន ។
យ៉ាងណា ក៏វិលមកអាជីពចម្រៀងជាថ្មីពីសំណាក់ គៀត សុវណ្ណាឡាង នាពេលនេះ គេឃើញទស្សនិកជន ជាពិសេស បណ្តាអ្នកគាំទ្ររូបនាងជាច្រើនបានសម្តែងការអបអរ និងគាំទ្រចំពោះរូបនាង ខណៈពេលដែលពួកគេបានសម្តែងការនឹករលឹក និងចង់ឃើញតារាស្រីរូបនេះវិលមកជាថ្មីម្តងទៀត ។

គួរបញ្ជាក់ថា គៀត សុវណ្ណាឡាង ធ្លាប់បានប្រឡូកក្នុងវិស័យចម្រៀងមួយរយៈក្នុងផលិតកម្មមួយដែលស្ថិតក្នុងចង្កោមផលិតហង្សមាស នៅមុនពេលដែលនាងងាកមករកអាជីពសម្តែងវិញ ដោយសារតែអាជីពចម្រៀងរបស់នាងហាក់មិនសូវជាលូតលាស់ខ្លាំង ។
យ៉ាងណា បទចម្រៀងដែលតារាស្រីរូបនេះបានចេញលក់លើទីផ្សារនោះ ក៏មានបទខ្លះទទួលបានគាំទ្រច្រើនពីប្រិយមិត្តអ្នកស្តាប់ផងដែរ បើទោះបីជាបទចម្រៀងប្រមាណជិត២០បទរបស់នាងដែលបានចេញ មិនអាចយឹតយោងនាងឱ្យអណ្តែតខ្ពស់ក្នុងពិភពសិល្បៈចម្រៀងក៏ដោយ ។

ក្រោយបញ្ចប់កុងត្រា៤ឆ្នាំ ជាមួយផលិតខាងលើ គៀត សុវណ្ណាឡាង ក៏បានងាកមកចាប់អាជីពសម្តែងវិញ ហើយដែលពេលនោះមកតារាស្រីរូបនេះ ក៏បានចាប់ឈោងភាពល្បីល្បាញក្នុងពិភពសិល្បៈនេះ តាមរយៈការសម្តែងជាតួឯកនៅក្នុងខ្សែភាពយន្តជាបន្តបន្ទាប់ ។
ទោះជាយ៉ាងណាក៏ដោយ គេរំពឹងថា ការវិលមកអាជីពសម្តែង និងចម្រៀងពីសំណាក់ គៀត សុណ្ណាឡាង នាពេលនេះ រូបនាងនឹងនៅតែអាចទទួលការគាំទ្រពីសំណាក់ទស្សនិកជនដដែល ដោយសារតែតារាស្រីរូបនេះមានទេពកោសល្យទាំងច្រៀង និងសម្តែង ៕






ចែករំលែកព័តមាននេះ