ខេត្តសៀមរាប៖ ប្រាសាទបន្ទាយក្តី មានសម្រស់ស្រស់ស្អាតមិនចាញ់ប្រាសាទ ធំៗដទៃទៀតនោះទេ នៅក្នុងរមណីយដ្ឋានអង្គរ ។ សូមបង្ហាញការយល់ដឹងពីប្រាសាទនេះ ។
ប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវាន់ ។
បើតាមឯកសារមួយឱ្យដឹងថា ប្រាសាទបន្ទាយក្ដីកសាងឡើងនៅពាក់កណ្តាលទី២នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ ។ ការស្រាវជ្រាវ ថ្មីៗនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហុ្វីយ៉ា បញ្ជាក់ថាបន្ទាយក្តី បានសាងសង់ឡើងនៅលើប្រាសាទ ដែលមានអាយុចាស់ជាងសតវត្សរ៍ទី១២ ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀត ក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តី ដែលគេសន្និដ្ឋានថាវាមានការទាក់ទងទៅនឹងភូមិកុដិ តាំងពីសម័យព្រះបាទជ័យវរ្ម័នទី២ ។ ប្រាសាទបន្ទាយក្តីមានខ្លោងទ្វារចំនួន២សម្រាប់ចេញចូលគឺនៅទិសខាងលិចនិងទិសខាងកើត ។
ឈ្មោះប្រាសាទបន្ទាយក្តីផ្គុំឡើងដោយពាក្យបន្ទាយបូកនិងពាក្យក្តី ។ ពាក្យបន្ទាយត្រូវបានសម្គាល់ថាជាក្រុង ឬប្រាសាទ រីឯពាក្យក្តី ក្លាយមកពីពាក្យកុដិ ដែលក្រោយមកត្រូវបានបញ្ចេញសូរ និងសរសេរជាក្តីវិញ ។
ប្រាសាទបន្ទាយក្តីគឺជាប្រាសាទបែបព្រះពុទ្ធសាសនាមហាយានមួយក្នុងចំណោមប្រាសាទព្រះពុទ្ធសាសនាមហាយានជាច្រើនកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ កសាងនៅក្នុងសតវត្សទី១២ ។ ប៉ុន្តែសម័យកណ្តាលប្រាសាទនេះបានក្លាយជាទីសក្ការៈបូជានៃព្រះពុទ្ធសាសនាហីនយានវិញដែលមានវត្ត និងចេតិយជាដើម។ មានភស្តុតាងជាច្រើន ដែលនាំឱ្យមានសេចក្តីសនិដ្ឋានយ៉ាងដូចច្នេះ គឺតាមរយៈការធ្វើកំណាយរកឃើញកោដិដាក់ធាតុជាច្រើននៅបរិវេណប្រាសាទនេះ ។
លើសពីនេះទៅទៀតនៅពេលភ្ញៀវទេសចរជនជាតិអឺរ៉ុបបានមកទស្សនាតំបន់អង្គរនៅសតវត្សរ៍ទី១៩ក៏បានកត់ត្រាទុកថា មានព្រះពុទ្ធបដិមា និងកុដិរបស់ព្រះសង្ឃនៅក្នុងបរិវេណរបស់ប្រាសាទនេះជាភស្តុតាងផងដែរ ៕




ចែករំលែកព័តមាននេះ