កូនប្រុសកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ គឺលោក N.John នឹងបង្ហាញវត្តមានច្រៀងនៅលើឆាកតន្ត្រីជាលើកដំបូងរបស់ខ្លួនក្នុងប្រទេសកូរ៉េ ក្នុងពេលដែលការប្រគំតន្ត្រីនេះនឹងមានការចូលរួមពីតារាល្បីៗជាច្រើនចូលរួមផងដែរ ។

ការមានឱកាសចេញច្រៀងនៅលើឆាកតន្ត្រីអន្តរជាតិរបស់ N.John នាពេលនេះ ត្រូវចាត់ទុកជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់វិស័យសិល្បៈខ្មែរ ក្នុងពេលកូនប្រុសទី២របស់តារាចម្រៀងលោក ព្រាប សុវត្តិ រូបនេះកំពុងបង្កើនប្រជាប្រិយភាពទាំងឆាកជាតិ និងអន្តរជាតិ ។

លោក ព្រាប សុវត្ថិ បានធ្វើដំណើររួមគ្នា ជាមួយកូនប្រុសលោក N.John តាមព្រលានយន្តហោះ ឆ្ពោះទៅកាន់ប្រទេសកូរ៉េ កាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៦ ខណៈពេលដែលការប្រគំតន្ត្រីមួយនេះនឹងធ្វើឡើងនៅថ្ងៃទី២៨ ឧសភា នេះ ។

ជុំវិញការចូលរួមប្រគំតន្ត្រីនៅកូរ៉េនាពេលនេះ សម្រាប់តារាចម្រៀងលោក N.John ក៏បានបង្ហោះរូបភាពបញ្ជាក់ពីការចូលរួមច្រៀងនេះផងដែរ ដែលនេះបានធ្វើឲ្យមហាជន ជាពិសេស បណ្តាអ្នកគាំទ្ររូបលោកជាច្រើន បានសម្តែងការអបអរសាទរ និងមានមោទនភាពចំពោះលោកក្នុងពេលដែលគេរំពឹងថា N.John នឹងទទួលបានជោគជ័យនៅក្នុងកម្មវិធីមួយនេះ ។

ជាការកត់សម្គាល់ មុននឹងឈានទៅកាន់ឆាកប្រគំតន្ត្រីនៅក្នុងប្រទសេកូរ៉េនាពេលនេះ បទចម្រៀងរបស់តារាចម្រៀងលោក N.John ដែលបានចេញផ្សាយនោះ មួយចំនួនក៏ត្រូវបានតារាកូរ៉េយកទៅច្រៀង និងរាំលេងកម្សាន្ត ហើយបង្ហោះនៅលើបណ្តាញសង្គមនានាផងដែរ ។

តារាចម្រៀងលោក N.John ដែលជាកូនប្រុសរបស់លោក ព្រាប សុវត្ថិ ត្រូវបានគេដឹងថា រូបលោកបានចេញទៅហាត់ពុតលុតដំលើផ្នែកបទចម្រៀងនេះ អស់រយៈពេលប្រមាណ២ឆ្នាំមកហើយ នៅលើទឹកដីសហរដ្ឋអាមេរិក ។ រយៈពេលពេលចុងក្រោយនេះ N.John ក៏បានចេញបទចម្រៀងជាបន្តបន្ទាប់ ហើយបទចម្រៀងរបស់លោកក៏ទទួលបានភាពល្បីល្បាញផងដែរ តាមរយៈការចូលមើលជាច្រើន នៅពេលបង្ហោះលើបណ្តាញសង្គម ។

ក្នុងនាមជាឪពុកដែលមានការគាំទ្រដល់កូនប្រុស តារាចម្រៀងលោក ព្រាប សុវត្ថិ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយផងដែរ ក្នុងពេលដែលលោកឃើញកូនប្រុសរបស់លោកទទួលបានជោគជ័យជាបណ្តើរៗលើថិវីសិល្បៈ ហើយលោកក៏រំពឹងថា N.John នឹងទទួលបានជោគជ័យនៅក្នុងការចូលរួមច្រៀងនៅលើឆាកតន្ត្រីលើកដំបូងនៅក្នុងប្រទេសកូរ៉េនាពេលនេះផងដែរ ៕


ចែករំលែកព័តមាននេះ