ឌួង ហ្សូរីដា ចែកចាយរូបភាពការសម្តែងភាពយន្តចុងក្រោយ បន្ទាប់ពីផ្អាកជាង១០ឆ្នាំ
- ភ្នំពេញ
គិតមកដល់ពេលនេះ ឌួង ហ្សូរីដា បានសម្រេចផ្អឹបការងារសម្តែងរបស់ខ្លួនជាង១០ឆ្នាំមកហើយ បន្ទាប់ពីនាងងាកមកចាប់អាជីពផ្ទាល់ខ្លួន ខណៈពេលដែលបច្ចុប្បន្ននាងក៏មានវ័យរាងជ្រេបន្តិចទៅហើយ សម្រាប់ការប្រឡូកក្នុងវិស័យមួយនេះ ។

យ៉ាងណា តារាស្រីរូបនេះហាក់នៅតែមានការនឹករលឹកនៅរាល់ការសម្តែងចាស់ៗពីមុនមករបស់នាងនៅឡើយ ដោយនៅក្នុងនោះ ឌួង ហ្សូរីដា ក៏បានចែកចាយរូបភាពចាស់ៗមួយចំនួនដែលនាងចូលរួមសម្តែងភាពយន្ត ក្នុងពេលដែលភាពយន្តនោះ គឺជារឿងចុងក្រោយបង្អស់ នៅមុនពេលផ្អាកពីអាជីពមួយនេះ ។

តាមរយៈរូបភាពដែលធ្លាប់បានបង្ហោះ កាលពីឆ្នាំ២០១១ ឌួង ហ្សូរីដា ក៏បានធ្វើការចែកចាយជាថ្មីឡើងវិញតាមបណ្តាញសង្គម ដោយភ្ជាប់ជាមួយសំណេរថា ១៥ឆ្នាំមុន កាលនៅជាតារាសម្តែង..! រឿង «រាជនីបញ្ចព៌ណ» ជាខ្សែភាពយន្តចុងក្រោយបង្អស់ដែលសំរាកពីការសម្តែងរហូតមកដល់ឥឡូវ ។

ជាការកត់សម្គាល់ តារាសម្តែង នាង ឌួង ហ្សូរីដា ត្រូវបានចាត់ទុកថា នាងគឺជាតារាមួយរូបដែលមានភាពលិចធ្លោ និងល្បីល្បាញម្នាក់ ក្នុងចំណោមតារាមួយចំនួនទៀតដែលប្រឡូកក្នុងសិល្បៈស្រករនាង ហើយក្រៅពីអាជីពសម្តែង ឌួង ហ្សូរីដា ក៏ធ្លាប់ជាពិធីការិនីដ៏មានសមត្ថភាពម្នាក់ផងដែរ ក្នុងពេលដែលកេរ្តិ៍ឈ្មោះរបស់នាងក៏ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានទស្សនិកជននៅក្នុង និងក្រៅប្រទេស ។

ឌួង ហ្សូរីដា បានផ្តើមឱកាសចូលក្នុងវិស័យសិល្បៈ និងទទួលបានការគាំទ្ររហូតមានកេរ្តិ៍ឈ្មោះត្រដែត ដោយសារនាងបានចូលប្រកួតកម្មវិធី Freshies Girls and Boy ជាលើកទី១ ហើយជាប់ចំណាត់ថ្នាក់មួយក្នុងចំណោមបេក្ខជន១០រូបចុងក្រោយ ។ ក្រោយមក នាងបានចូលប្រកួតយកតំណែងស្រីស្អាតសាប៊ូលុច្ស ហើយបានជាប់ត្រឹមតែជាតារាប្រជាប្រិយនៅវគ្គបញ្ចប់ ។

ក្រោយមក នាងបានសាកល្បងចូលប្រកួតយកតំណែងស្រីស្អាតសាប៊ូលុច្ស ហើយបានជាប់ត្រឹមតែជាតារាប្រជាប្រិយនៅវគ្គបញ្ចប់ប៉ុណ្ណោះ ។ ដោយការព្យាយាម និងចំណង់ចំណូលចិត្ត នាងក៏មានឱកាសក្នុងការឆក់យកបានតំណែងជាពិធីការិនីនៅតាមបណ្តាស្ថានីយទូរទស្សន៍ធំៗជាបន្តបន្ទាប់ ខណៈពេលដែលអាជីពជាពិធីការិនីនេះ កាន់តែធ្វើឲ្យរូបនាងមានកេរ្តិ៍ឈ្មោះលើវិថីសិល្បៈ ។

ឌួង ហ្សូរីដា ធ្លាប់បានគូសបញ្ជាក់ថា ឱកាសដែលនាងទទួលបាន គឺជាការខិតខំដោយភាពអត់ធ្មត់ និងឧស្សាហ៍ព្យាយាមដោយខ្លួនឯង និងការផ្តល់ឱកាសឱ្យពីបណ្តាអ្នកគ្រប់គ្រង អ្នកកាន់កម្មវិធីគ្រប់ស្ថានីយទាំងអស់ ប៉ុន្តែការជួយខ្លួនឯង គឺជាប្រការសំខាន់បំផុត។

បច្ចុប្បន្ន ក្រៅផ្អាកពីការងារសិល្បៈអស់ជាច្រើនឆ្នាំមកនេះ ឌួង ហ្សូរីដា បានងាកមកចាប់មុខជំនួញរកស៊ីផ្ទាល់ខ្លួនជាច្រើនមុខ ខណៈពេលដែលមុខជំនួញរបស់នាង ក៏ទទួលបានជោគជ័យផងដែរ ៕



ចែករំលែកព័តមាននេះ