ប្រទេសចិន ៖ ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ វ៉ាង លី (Wang Li) រស់នៅក្នុងទីក្រុងស៊ូចូវ (Suzhou) ខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន បានក្លាយជាជនរងគ្រោះ យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីទទួលបានការវះកាត់ធ្វើត្របកភ្នែកពីរជាន់ កាលពី៥ឆ្នាំមុន តាមការបបួលរបស់មិត្តភក្តិ។ នេះបើតាមប្រភពពីសារព័ត៌មាន Sohu, Sina និង China Press ចេញផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
ផលវិបាកក្រោយការវះកាត់បានធ្វើឱ្យភ្នែកទាំងសងខាងរបស់ស្ត្រីរូបនោះ បានវិវត្តទៅជាបញ្ហាមិនអាចបិទភ្នែកជិតដូចធម្មតា សូម្បីតែពេលគេងក៏ត្រូវបើកភ្នែកដែរ។ ក្រៅពីនេះ ក្រពេញទឹកភ្នែកក៏ប៉ះពាល់ខ្លាំងផងដែរ បណ្តាលឱ្យទឹកភ្នែកហូរខុសប្រក្រតី ហើយបើតាមការវាយតម្លៃផ្នែកផ្លូវច្បាប់ របួសភ្នែករបស់ វ៉ាង លី ត្រូវបានចាត់ចូលជាពិការភាពកម្រិតទី ៩។
ផ្តើមចេញពីការវះកាត់កែសម្ផស្សឱ្យស្រស់ស្អាត ប្រែក្លាយទៅជារឿងរ៉ាវក្តីក្តាំងមានភាពស្មុគស្មាញយ៉ាងខ្លាំងរវាងជនរងគ្រោះ និងម្ចាស់គ្លីនិក គឺអ្នកស្រី ម៉េង មូហ្វាង (Meng Moufang) ដែលជាអ្នកវះកាត់ផ្ទាល់ដៃ ត្រូវបានរកឃើញថា ប្រកបរបរវេជ្ជសាស្ត្រដោយគ្មានអាជ្ញាបណ្ណ។
ជាលទ្ធផល តុលាការបានកាត់ទោសឱ្យម្ចាស់គ្លីនិកជាប់ពន្ធនាគាររយៈពេល៦ខែ និងបង្គាប់ឱ្យសងជំងឺចិត្តដល់ជនរងគ្រោះចំនួន ៣៨ ម៉ឺនយន់ ឬប្រហែល ៥៦ ០០០ ដុល្លារអាមេរិក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មុនពេលប្រកាសសាលក្រម ភាគីខាងម្ចាស់គ្លីនិកបានសុំសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដើម្បីដោះដូរនឹងលិខិតលើកលែងទោស ដោយសរុបទឹកប្រាក់ដែលជនរងគ្រោះទទួលបានពីការព្រមព្រៀងគ្នា និងសំណងតុលាការគឺ ៨៥ ម៉ឺនយន់ ឬប្រហែល ១២៥ ០០០ ដុល្លារ។
យ៉ាងណាមិញ អ្វីៗមិនបញ្ចប់ត្រឹមនេះឡើយ ក្រោយពេលបាននៅក្រៅឃុំបណ្តោះអាសន្ន ម្ចាស់គ្លីនិក និងបងថ្លៃស្រីជនរងគ្រោះបានផ្ទុះជម្លោះពាក្យសម្តីគ្នាយ៉ាងខ្លាំងលើបណ្តាញទំនាក់ទំនងសង្គម ដោយបងថ្លៃស្រីបានយករឿងរ៉ាវជនរងគ្រោះទៅបង្ហោះ ជាហេតុនាំឱ្យម្ចាស់គ្លីនិកប្តឹងបកទៅជនរងគ្រោះវិញ ដោយចោទថា នាងបានរំលោភលើកិច្ចព្រមព្រៀងរក្សាការសម្ងាត់ ដោយទាមទារសងចំនួន ៤០ម៉ឺនយន់ (ប្រហែល ៥៨ ០០០ ដុល្លារ)។ ជាលទ្ធផល តុលាការបានសម្រេចឱ្យជនរងគ្រោះសងប្រាក់ ២០ ម៉ឺនយន់ (ប្រហែល ២៩ ០០០ដុល្លារ) ទៅឱ្យម្ចាស់គ្លីនិកវិញ។
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ជនរងគ្រោះបានទទួលលិខិតបដិសេធការតវ៉ាពីសាលាដំបូង មានន័យថា នាងនៅតែត្រូវសងប្រាក់ ២០ម៉ឺនយន់នោះដដែល។ ជនរងគ្រោះបានបង្ហាញការឈឺចាប់ និងខកចិត្តជាខ្លាំង ព្រោះបច្ចុប្បន្នភ្នែករបស់នាងនៅតែមិនអាចបិទជិត ហើយថែមទាំងរងការប្រមាថតាមបណ្តាញសង្គមពីម្ចាស់គ្លីនិក រហូតធ្វើឱ្យនាងធ្លាក់ខ្លួនមានជំងឺបាក់ទឹកចិត្ត (Depression) និងជំងឺថប់បារម្ភ (Anxiety) ថែមទៀតផង។
ជាមួយគ្នានោះ ជនរងគ្រោះបានរាយការណ៍ព័ត៌មានប្រមាថដែលបានបង្ហោះដោយម្ចាស់គ្លីនិកទៅប៉ូលិស ប៉ុន្តែប៉ូលិសបានដកសំណុំរឿងនេះចេញ បន្ទាប់ពីរកមិនឃើញអង្គហេតុព្រហ្មទណ្ឌ។ ទោះយ៉ាងណាក៏ដោយ បច្ចុប្បន្ន វ៉ាង លី បានដាក់ពាក្យបណ្ដឹងបទបរិហារបង្កាច់កេរ្តិ៍ទៅកាន់តុលាការ៕



ចែករំលែកព័តមាននេះ