ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​ស្តី​ពី​វិបត្តិ​កូ​វី​ដ​-១៩ របស់ លី តៅ​ហ៊ួ ដែល​ពន្យារពេល​បញ្ចាំង​ជិត​៦​ឆ្នាំ បង្កើត​ឱ្យ​មានការ​វែកញែក​ពី​មហាជន

22 ម៉ោង មុន

ទីក្រុង​ហុងកុង ៖ ខ្សែភាពយន្ត​ដែល​និយាយ​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ សម្តែង​ដោយ​កំពូល​តារា​ហុងកុង លោក Andy Lau ដែល​គ្រប់​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា «​លី តៅ​ហួ​» ត្រូវ​បាន​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នានា នៅ​ក្នុង​ប្រទេស​ចិន នា​ថ្ងៃ​ទី​៦ ខែវិច្ឆិកា​ខាង​មុខ​នេះ ពោល​ជិត​៦​ឆ្នាំ បន្ទាប់​ពី​ការ​ថត​បាន​បញ្ចប់​ទាំងស្រុង ខណៈ​អ្នក​ទស្សនា​មួយ​ចំនួន​បាន​ចោទសួរ​ថា តើ​ពួក​គេ​ពិតជា​ចង់​រំ​ឮ​ក​ឡើង​វិញ​នូវ​ព្រឹត្តិការណ៍​ផ្ទុះ​ឡើង​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ដែរ​ឬទេ?

ភាពយន្ត​នេះ ដឹកនាំ​ដោយ​អ្នកដឹកនាំ​រឿង​ហុងកុង លោក Herman Yau និង​រួម​សម្តែង​ដោយ​តារា​សម្តែង​ស្រី​ចិនដីគោក កញ្ញា Yang Zishan ផង​ដែរ​។ ខ្សែភាពយន្ត​ដែល​មាន​ចំណងជើង​ថា «Angels in White» មួយ​នេះ រៀបរាប់​ពី​រឿងរ៉ាវ​របស់​ប្រជាជន​សាមញ្ញ ក្នុង​ទីក្រុង​វូ​ហាន (Wuhan) ដែល​បាន​រួមដៃគ្នា អំឡុង​ពេល​មានការ​ផ្ទុះ​ឡើង​វីរុស​កូ​វី​ដ​-១៩ នៅ​ដើមឆ្នាំ​២០២០​។ ដ្បិត​ការ​ថត​ភាពយន្ត​នេះ បាន​បញ្ចប់​តាំងពី​ខែធ្នូ ឆ្នាំ​២០២០ មក​ម្ល៉េះ​។

កាលពី​ពេល​ថ្មី​ៗ​នេះ ភាពយន្ត​មួយ​នេះ បាន​បញ្ចេញ​វី​ដេ​អូ​ខ្លី​មួយ ដែល​មាន​ចំណងជើង​ថា «៧៦ ថ្ងៃ និង​យប់​» (76 Days and Nights) ដែល​រំ​ឮ​ក​ឡើង​វិញ​នូវ​រយៈពេល ៧៦ ថ្ងៃ​ដែល​ទីក្រុង​វូ​ហាន​ត្រូវ​បាន​បិទ​ខ្ទប់​។ វា​បាន​បង្ហាញ​ពី​ទិដ្ឋភាព​បុគ្គលិក​សុខាភិបាល អ្នកជំងឺ និង​ប្រជាពលរដ្ឋ​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​គ្នា ដែល​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ ដោយ​អ្នកខ្លះ​បាន​ស្ម័គ្រចិត្ត​ទៅ​បំពេញការងារ​ជួរ​មុខ អ្នកខ្លះ​ការពារ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ជាដើម​។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ប្រកាស​ថ្ងៃ​ចាក់​បញ្ចាំង​នេះ បាន​បង្ក​ឱ្យ​មានការ​ជជែក​ដេញដោល​យ៉ាង​ក្តៅ​គគុក​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយ​អ្នក​ទស្សនា​មួយ​ចំនួន​បាន​លើក​ឡើង​ថា ពួក​គេ​មាន​អារម្មណ៍​រុញ​រា​នៅ​ក្នុង​ការ​រំ​ឮ​ក​ឡើង​វិញ​នូវ​ការ​លំបាក​នា​ពេល​នោះ​។ មតិ​មួយ​បាន​សរសេរ​ថា «​ខ្ញុំ​មិន​អាច​មើល​រឿង​នេះ​បាន​ទេ​» ម្នាក់​ទៀត​បាន​សួរ​ថា «​តើ​រឿង​នេះ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​អ្នក​ណាខ្លះ​រំជួលចិត្ត?​»​។

ទន្ទឹម​នឹង​នេះ ក៏​មាន​អ្នកចោទ​សួរ​ដែរ​ថា ហេតុ​អ្វី​បានជា​ភាពយន្ត​នេះ ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​យូរ​ខែ​យូរ​ឆ្នាំ​បែប​នេះ ដោយ​ពួក​គេ​យល់​ថា អារម្មណ៍​ជា​សាធារណៈ​ជុំវិញ​ជំងឺ​រាតត្បាត​ដ៏​សាហាវ​នេះ បាន​ផ្លាស់​ប្តូរ​បាត់​ទៅ​ហើយ​។ ការ​ទៅ​មើល​ការ​លំបាក​វេទនា​នៅ​ក្នុង​រោង​ភាពយន្ត​ឡើង​វិញ មាន​តែ​បន្ថែម​ទុក្ខ​ព្រួយ​ដល់​អ្នក​ទស្សនា​ប៉ុណ្ណោះ​៕