ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងកម្សាន្ត ក្នុងឱកាសភ្ជុំបិណ្ឌជាង២លានដងនាក់កើន០,៨%
- ភ្នំពេញ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ពោលក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅ មានភ្ញៀវទេសចរដើរលេងកម្សាន្ត ចំនួនជាង២លានដងនាក់កើនឡើង០,៨% ធៀបនឹងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥ ។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅតាមបណ្តារាជធានី-ខេត្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦ ទេសចរណ៍ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត សរុបប្រមាណ២,១៦១,២១១ដងនាក់ កើនឡើង០,៨% ធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ។ ក្នុងនោះ បែកចែកជាទេសចរ៣ប្រភេទ រួមមាន៖ ទេសចរជាតិស្នាក់នៅ សរុបប្រមាណ៣៨២,៥៤៩ដងនាក់, ប្រជាពលរដ្ឋដើរលេងកម្សាន្ត្រសរុបប្រមាណ ១,៧៥៤,៣១៩នាក់ និងទេសចរបរទេសសរុប២៤,៣៤៣ដងនាក់ ។

ជាមួយគ្នានេះ ខេត្តចំនួន៥ទទួលបានទេសចរច្រើនគេរួមមាន៖ ១-ខេត្តសៀមរាប ២៥៦,៧១៥ដងនាក់, ២-ខេត្តកំពត ២២៤,៨៦០ដងនាក់, ៣-ខេត្តព្រះសីហនុ ១៩៥,៩៩៤ដងនាក់, ៤-ខេត្តកំពង់ឆ្នាំង ១៦៨,០១៦ដងនាក់ និង៥-ខេត្តកំពង់ចាម ១៦៥,២៧២ដងនាក់ ។

តាមការបញ្ជាក់របស់ក្រសួង ការរាប់ស្ថិតិទេសចរណ៍ ក្នុងអំឡុងពេលព្រឹត្តិការណ៍ពិធីបុណ្យ ឬកម្មវិធីនានាជាការរាប់ចំនួនដង ឬលើកនៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ មិនមែនរាប់ជាចំនួនមនុស្សទេ ក្នុងនោះ ភ្ញៀវទេសចរម្នាក់អាចធ្វើដំណើរកម្សាន្ត ឬទស្សនានៅទីកន្លែងនីមួយៗលើសពីមួយដង ឬមួយលើក ៕
ចែករំលែកព័តមាននេះ