ថ្លែងពីព្រះបទុមកុមារបុត្រច្បងព្រះបាទចក្រព័ត្រ ដែលទើបតែមានអាយុ១៣វស្សា ភ័យភិតឥតឧបមាហើយបានគេចលួចរត់រួចផុតពីកណ្តាប់ដៃពួកស្តេចដំបងគ្រញូង ។ ព្រះអង្គបានទៅសាងផ្នួសជាងសង្ឃក្នុងព្រៃភ្នំក្រំថ្ម ចាប់តាំងពីថ្ងៃនោះមក ។ គេបានដឹងថា ព្រះអង្គមិនដែលទាក់ទង ឬនិមន្តចេញចូលកាត់តាមស្រុកភូមិ អ្នកស្រុកឡើយ ហើយគេបានដឹងទៀតថា ព្រះអង្គបានរៀនចេះចាំគ្រប់សិល្ប៍សាស្ត្រវេទមន្តវិជ្ជាការខ្លាំងពូកែអស្ចារ្យ ។
ចំនែកឯព្រះរាជបុត្រទី២ គឺព្រះសិរីកុមារ ដែលទើបតែមានព្រះជន្ម៥វស្សា រួមជាមួយនឹងមេដោះខំរត់ពួនគេវេះវាងយករួចខ្លួនដែរ តែរត់មិនផុតត្រូវក្រុមសេនាដំបងគ្រញូងចាប់បាន ។ ព្រះសិរីកុមារត្រូវពលសេនាទាំងនោះចាប់គ្រវាត់បោះចូលទៅក្នុងភ្នក់ភ្លើង ដើម្បីឲ្យស្លាប់ ។ នាកាលនោះពេលល្ងាចព្រលប់យប់បន្តិច ហេតុតែសំណាងបុណ្យបារមីមកជួយទាន់ស្រាប់ តែពលទាហានមួយក្រុមមកដល់មើលឃើញប្រទះនឹងភ្នែកក៏កើតមានចិត្តសង្វេគអាណិតអាសូរ នាំគ្នាំអូសទាញអូសព្រះសិរីកុមារចេញពីភ្លើងយកមកលាក់ទុកក្នុងគុម្ពោត ផ្តៅក្រែក ហើយក៏នាំគ្នារត់បាត់ទៅ ។ ព្រះអង្គមិនសុគតទេ គ្រាន់តែត្រូវភ្លើងឆាបឆេះរលាត់រលួយមានដំបៅ ស្លាកស្នាម ពាសពេញរាងកាយតែប៉ុណ្ណោះ ។
បន្ទាប់មកចៃដន្យអ្វី មានព្រះសង្ឃមួយក្រុមនិមន្តកាត់មកតាមនោះបានយល់ឃើញព្រះសិរីកុមារ ស្ថិតក្នុងសភាពដ៏សែនខ្លោចផ្សារដូច្នេះ ព្រះសង្ឃទាំងអស់អង្គមានចិត្តមេត្តាករុណា សង្គ្រោះជួយរើសយកទៅចិញ្ចឹមបីបាច់ថែរក្សា ។ អស់កាលយូរបន្តិចមក ដំបៅព្រះរាជកុមារក៏បានជាសះស្បើយ តែដៃជើងរបស់ព្រះអង្គត្រូវឡើងក្រញឹងក្រញង់រួញជាប់គ្នា រកដើរមិនកើត ។
ដើម្បីនឹងធ្វើចលនាទៅមុខថយក្រោយទៅឆ្វេងទៅស្តាំង ព្រះអង្គខំប្រឹងរំកិលដោយគូធ ។ ហេតុដូច្នេះហើយ បានជាអ្នកផងទាំងពួងដាក់ឈ្មោះ ឲ្យថាព្រហ្មកិល ។ អ្នកខ្លះទៀតនិយមហៅពញាក្រែក ព្រោះព្រះសង្ឃបានរើសយកចេញពីគុម្ពោតផ្តៅក្រែក ។ ឥឡូវយើងនឹងអធិប្បាយនិយាយអំពីស្តេចដំបងគ្រញូងក្សត្រខ្មែរទី១៧វិញ ព្រះអង្គសោយរាជ្យបាន៧ឆ្នាំ ៧ខែហើយ ។
ថ្ងៃមួយព្រះអង្គបានកោះហៅ ព្រះរាជហោរាមកទស្សន៍ទាយមើលជោគជតារាសីរបស់ព្រះអង្គ ។ ព្រះអង្គចង់ដឹងថា តើមានអ្នកមានបុណ្យណាមួយអាចមកដណ្តើមរាជ្យពីព្រះអង្គឬទេ ? ហោរាវាយលេខអត្តៈ គន់គូរបូកសងគុណចែកចុះឡើងមើលទៅឃើញថា ព្រះអង្គ ដំបងគ្រញូងសោយរាជ្យសម្បត្តិ ប្រទេសកម្ពុជាបានតែ៧ឆ្នាំ៧ខែ និង៧ថ្ងៃប៉ុណ្ណោះ ដូច្នេះ៧ថ្ងៃទៀតព្រះអង្គនឹងត្រូវអស់បុណ្យ ។
ពេលនោះមានអ្នកមានបុណ្យនឹងចេញមកដណ្តើមយករាជ្យសម្បិត្តជាមិនខាន ។ លឺសូរហោរាទស្សទ៍ទាយដូច្នេះ ស្តេចដំបងគ្រញូងនឹកគិតថា បើអ្នកមានបុណ្យនោះចេញមកមែន យើងនឹងយកដំបងគ្រញូងរបស់យើងគប់វាឲ្យបែកខ្ទេចម៉ត់តែម្តង តែបើយើងវាយកម្ទេច យកជ័យជំនះមិនបានទេ នោះយើងនឹងសូមចុះចាញ់ហើយ យើងនឹងលើករាជបល្ល័ង្គថ្វាយភ្លាម ដើម្បីចៀសវាងកុំឲ្យកើតមានសង្គ្រាមកាប់សម្លាប់បង្ហូរឈាមគ្នា ។
ដូច្នេះប្រទេសជាតិខ្មែរក៏មិនរងទុក្ខវេទនាព្រាត់ប្រាស់មិនមានកម្មពៀរវេរាដោយសារតែរូបយើងដែរ ឯរូបយើងសោតក៏គ្មានជាប់ជំពាក់កម្មពៀរនឹងបណ្តាជនខ្មែរ ហើយយើងក៏គ្មានអ្នកណាអាចដាក់កំហុសផ្តន្ទាទោស ជេរប្រទេសផ្តាសាតកូនតចៅរៀងរហូតទៅដែរ ។ ដំណឹងទស្សទ៍ទាយបានលេចលឺជ្រួតជ្រាបទៅដល់ប្រជានុរាស្ត្រគ្រប់ទិសទី ដល់ថ្ងៃទី៧ មកដល់មនុស្សម្នាអ្នកស្រុកភូមិពីគ្រប់ដំបងជិតឆ្ងាយនាំគ្នាមកមហានគរជួបជុំកុះករកកកុញទ្រហឹងអឺងកងរង់ចាំមើលអ្នកមានបុណ្យ ។ ពញាក្រែក ឬព្រហ្មកិលចង់ទៅទីក្រុងដែរ ហើយក៏សុំសេចក្តីអនុញ្ញាតិពីព្រះសង្ឃ ដើម្បីមើលអ្នកមានបុណ្យនឹងគេដែរ ។
កាលនោះ (ព្រហ្មកិលមានអាយុ១៧ឆ្នាំ នេះបើតាមឯកសារពង្សាវតារវត្តកោកកាក) នាយខំប្រឹងរំកិល ចែវគាស់លើដីអូសគូធធ្វើដំណើរយ៉ាងសែនត្រដាបត្រដួសតាមផ្លូវឆ្ពោះទៅកាន់មហានគរដោយមានជំនឿ និងសង្ឃឹមថា បើមានអ្នកមានបុណ្យចេញមកមែនអ្នកដែលមានជំងឺមានរោគា ព្យាធិ មនុស្សខ្វាក់ មនុស្សខ្វិន មុខនឹងជាសះស្បើយ មើលឃើញដើររួច ដូចដើមជាមិនខាន ។ កាលបើបានឃើញអ្នកមានបុណ្យជិះសេះដល់ដូចហោរាទស្សន៍ទាយ ប្រជាពលរដ្ឋដែលនាំគ្នាចាំមើល កកកុញក្នុងមហានគរ ស្រែកហ៊ោរកញ្ជៀវ ទ្រហឹងអឺងកងរត់ប្រពាក់ប្រពូនតាមមើលព្រឹត្តការណ៍ ។
ចំណែកស្តេចដំបងគ្រញូងដែលរង់ចាំអ្នកមានបុណ្យជាយូរណាស់មកហើយ កាលបើបានឃើញជាក់ស្តែងនឹងភ្នែក កើតមានក្តីមួហ្មងក្តៅក្រហាយខឹងសម្បារជាខ្លាំងចាប់ទាញដំបងគ្រញូងមកគប់ចោលតម្រង់ទៅពញាក្រែក ឬព្រហ្មកិល ដើម្បីប្រហារជីវិតឲ្យក្សិណក្ស័យតែម្តង ។ ប៉ុន្តែដំបងរបស់ស្តេចដំបងគ្រញូងបែរជាអស់ឫទ្ធិ មិនបានប៉ះចំអ្នកមានបុណ្យទេ ហើយក៏ធ្លាក់បាត់ពេលនោះទៅ ហើយកន្លែងដែលដំបងធ្លាក់ក៏ក្លាយជាអូរ ដែលមានឈ្មោះថា អូរដំបង ហើយតំបន់នោះក៏មានឈ្មោះថាបាត់ដំបង (សព្វថ្ងៃភូមិ-ឃុំអូរដំបង ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង) ។
ឃើញហេតុដ៏អស្ចារ្យ ដូច្នោះប្រជានុរាស្ត្រខ្មែរគ្រប់រូបព្រមទាំងសេនានាហ្មឺនសព្វមុខមន្ត្រីក៏នាំគ្នាក្រាបថ្វាយបង្គំសំពះទទួលព្រហ្មកិល ។ ឯស្តេចដំបងគ្រញូងវិញដែលយល់ដឹងថា ខ្លួនអស់បុណ្យបារមី អស់សមត្ថភាពក៏សុខចិត្តដាក់ខ្លួនក្រាបថ្វាយបង្គំពញាក្រែក ឬព្រហ្មកិលសុំចំណុះចុះចាញ់ហើយលើករាជ្យសម្បតិ្តប្រគល់ថ្វាយក្នុងពេលជាមួយគ្នានោះទៅហោង ។ រឿងនេះនឹងមានផ្សាយជូនបន្តនៅវគ្គក្រោយទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
បញ្ជាក់៖ នេះវគ្គទី១ មហិទ្ធិឫទ្ធិលោកតាដំបងគ្រញូងធ្វើឲ្យពលរដ្ឋខ្មែរទាំងប្រុសទាំងស្រីខ្លាច និងសរសើរ
នេះវគ្គទី២ ៖ ចេស្តារបស់លោកតាដំបងគ្រញូងខ្លាំងអស្ចារ្យណាស់បានវាយកម្ទេចព្រះនគរ
ចែករំលែកព័តមាននេះ