រាជធានីភ្នំពេញ៖ លោកអ៊ុំ សុផានុរក្ស ហៅយ៉ែល ជាម្ចាស់បទ «សំឡេងទ្រខ្មែរ» ដ៏ល្បីដែលសរសេររៀបរាប់ពីរឿងស្នេហាពិតរបស់លោក និងអតីតភរិយាអ្នកស្រីហួយ មាស ។
បើតាមក្រុមស្រាវជ្រាវដំណើរខ្មែរ ឱ្យដឹងថាលោកអ៊ុំ សុផានុរក្ស កើតនៅឆ្នាំ១៩៤១(ឆ្នាំមមី) នៅសង្កាត់លេខ៦ រាជធានីភ្នំពេញ ជាកូនប្រុសរបស់លោកឧកញ៉ាសុភាចារ្យបុរសញឹក អ៊ុំ និងលោកជំទាវនូ ភី ។ លោកអ៊ុំ សុផានុរក្ស មាននាមក្រៅថា មាណព្វ តែក្រោយមកលោកមានឈ្មោះក្រៅថា Riel (រៀល) ប៉ុន្តែមិត្តរួមថ្នាក់របស់លោកហៅឈ្មោះលោកខុសពី Riel បែរជាហៅថា យ៉ែលទៅវិញ ។
ក្នុងកុមារភាពអ៊ុំ សុផានុរក្ស បានចូលរៀននៅបឋមសិក្សាព្រះកែវមរតក បន្តមកលោកសិក្សានៅសាលាកម្ពុជបុត្រ ។ ដោយមាននិស្ស័យស្រឡាញ់វិស័យសិល្បៈតូរ្យតន្ត្រី លោកបានចូលរៀនផ្នែកភ្លេងនៅសាលាជាតិតូរ្យតន្ត្រី (លោកឃឹម ឌិត ចាងហ្វាង) ។
ក្រោយមកលោកអ៊ុំ សុផានុរក្ស បានបម្រើការនៅវង់តន្ត្រីវិទ្យុជាតិ នៃក្រសួងឃោសនាការជាតន្ត្រីករស្គរ ។ ក្រៅពីជាតន្ត្រីករ លោកធ្លាប់និពន្ធបទភ្លេងជាច្រើនបទផងដែរ សម្រាប់ផ្សាយក្នុងវិទ្យុជាតិ តួយ៉ាងដូចជាបទ ទេសភាពគិរីរម្យ និងបទសន្សើមដួងចិត្ត ច្រៀងដោយលោកស្រី កែវ សុខា , បទ ទេសភាពបឹងទន្លេសាប ច្រៀងដោយលោកស្រីសុត សុខា ជាដើម ។
ក្រុមព្រះសុរិយាបន្តថា លោកអ៊ុំ សុផានុរក្ស បានជួបប្រសព្វរៀបមង្គលការតាមប្រពៃណីជាគូស្វាមីភរិយាជាមួយលោកស្រីហួយ មាស នៅអំឡុងឆ្នាំ១៩៦៦ ហើយបានកូនស្រីមួយឈ្មោះអ៊ុំ សុម៉ាវត្តី ជាតំណក់ឈាមតែមួយគត់ ។
នៅចុងឆ្នាំ១៩៦៩ ដោយរស់នៅមិនចុះសម្រុងនឹងគ្នា លោកអ៊ុំ សុផានុរក្ស និងលោកស្រីហួយ មាស បានចែកផ្លូវគ្នា ។ មហាជនបានឮចម្រៀងឆ្លើយឆ្លង ផ្លែផ្កាទៅវិញទៅមក ទាក់ទងនឹងរឿងស្នេហាប្រេះឆានេះ ដូចជាបទសំឡេងទ្រខ្មែរ និងបទចិត្តខុសពីមុនជាដើម ។
នៅក្នុងសម័យសាធារណរដ្ឋខ្មែរ លោកអ៊ុំ សុផានុរក្ស បានចូលបម្រើការនៅក្នុងវង់តន្ត្រីយោធារបស់លោកអ៊ិត សួង ។
លោកអ៊ុំ សុផានុរក្ស បានបាត់ដំណឹងសូន្យឈឹងនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។
លោកស្រីអ៊ុំ សុផារ័ត្ន ជាប្អូនស្រីបង្កើតលោកអ៊ុំ សុផានុរក្ស បានរៀបរាប់ប្រវត្តិរឿងនេះជូនក្រុមអ្នកស្រាវជ្រាវ ៕




ចែករំលែកព័តមាននេះ