កែវ ពេជ្រពិសី ទម្លាយរឿងធ្លាប់ជាប់បំណុលយ៉ាងចាក់ស្រេះ ដោយសារការធ្វើជំនួញមិនជោគជ័យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែងជើងចាស់ អ្នកនាង កែវ ពេជ្រពិសី បានដាច់ចិត្តទម្លាយនូវរឿងរ៉ាវផ្ទាល់ខ្លួនមួយ ដោយរូបនាងធ្លាប់ជាប់បំណុលគេយ៉ាងចាក់ស្រេះ ស្ទើររើខ្លួនមិនរួច បន្ទាប់ពីនាងបានចាប់ផ្តើមធ្វើជំនួញផ្ទាល់ខ្លួន ហើយមិនទទួលបានជោគជ័យដូចការរំពឹងទុក ។

ដោយសារតែបញ្ហានេះ តារាស្រីរូបនេះស្ទើរមានអារម្មណ៍ស្ត្រេសយ៉ាងខ្លាំង រហូតមកសម្ងំតែនៅក្នុងផ្ទះលេងជួបមុខអ្នកណា បើសូម្បីតែទូរស័ព្ទក៏នាងមិនទទួលឡើយ ដែលនោះជាដើមចមដែលធ្វើឲ្យនាងបាត់បង់ការងារសិល្បៈអស់មួយរយៈនាពេលកន្លងមក ។
ការទម្លាយរឿងរ៉ាវខាងលើ ពីតារាសម្តែងអ្នកនាង កែវ ពេជ្រពិសី បានធ្វើឡើងនៅក្នុងកម្មវិធីកម្សាន្តមួយរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុក ខណៈពេលដែលរឿងរ៉ាវនេះ ក៏បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលផងដែរ ។

តាមរយៈបទសម្ភាសន៍អ្នកនាង កែវ ពេជ្រ ពីសី បានអះអាងថា អំឡុងពេលបើកជំនួញដំបូងៗនោះ គឺនាងអាចគ្រប់គ្រងបាន ប៉ុន្តែក្រោយពេលដែលនាងចាប់ផ្តើមបង្កើតសាខាបន្ថែម និងពង្រីកអាជីវកម្មនោះ នាងក៏បានធ្លាក់ខ្លួនចូលទៅក្នុងបញ្ហាបំណុលតែម្តង ។
នាងបន្តថា ការបើកសាខា និងពង្រីកអាជីវកម្មបន្ថែមនេះ ពិតណាស់ យើងត្រូវការដើមទុនបន្ថែម នោះជាហេតុធ្វើឲ្យនាងបានទៅខ្ចីពីធនាគារ និងមនុស្សដែលស្គាល់មួយចំនួន ដើម្បីយករួមគ្នាជាមួយទុនដែលនាងមាននៅក្នុងដៃ ។

នាងបញ្ជាក់ថា ដើមឡើយកាលបើកមុខរបរតែមួយនោះ គឺនាងអាចគ្រប់គ្រងបាន ប៉ុន្តែដោយសារនាងទទួលយោបល់ពីមនុស្សនៅជុំវិញខ្លួន រួមទាំងខ្លួនឯងផងដែរ ដោយគិតចង់មានបាន និងចង់ឲ្យជីវភាពល្អជាងនេះថែមទៀតនោះ ទើបនាងសម្រេចធ្វើរឿងបែបនេះឡើង ។
បើតាមអ្នកនាង កែវ ពេជ្រពិសី ការបើកមុខរបរនេះ គឺមានរបរខ្លះមិនមែនជាជំនាញរបស់នាងឡើយ ប៉ុន្តែដោយសារមហិច្ជតាចង់ឲ្យមានបានលឿននោះ ទើបនាងចេះតែខំប្រឹង ហើយទីបំផុតនាង ក៏បានធ្លាក់ខ្លួនចូលក្នុងបំណុលនេះតែម្តង ។

នាងថា ពេលនោះ នាងមានអារម្មណ៍ស្ត្រេសខ្លាំង ដោយសារនាងមានបំណុលជុំទិសផង បូករួមជាមួយនឹងការចំណាយប្រចាំខែផង ដែលមានចំនួនចម្លោះពី៣ ទៅ៤ម៉ឺនដុល្លារ ដែលនាងត្រូវចំណាយទូទាត់ដោយខ្លួនឯងទាំងអស់ ។
យ៉ាងណា នាងបញ្ជាក់ថា អំឡុងពេលនោះ នាងនៅតែស្វះស្វែងខិតខំរកទុនបន្ថែមទៀត ដើម្បីយកដាក់ទុនទៅលើមុខរបរអស់ទាំងនោះ ដោយពេលនោះ នាងព្រមទទួលយកការងារថតទាំងអស់ ប៉ុន្តែកម្រៃដែលទទួលបានមកនេះ គឺយើងមិនបានដាក់កាបូបទុកឡើយ ពោលគឺនាងត្រូវចំណាយទាំងអស់ទៅវិញ ថែមទាំងខ្វះខាតថែមទៀត ។ ហេតុនេះនាងត្រូវទៅខ្ចី ហើយចេះតែហ៊ានខ្ចីៗ ដើម្បីតែគិតពីមុខមាត់ និងកិត្តិយស ដោយសារតែនាងគិតថា ខ្លួនជាតារាដែលមានឈ្មោះល្បីក្នុងសង្គមម្នាក់ដែរ ដូចនេះ នាងត្រូវតែទៅមុខដោយមិនអាចថយក្រោយបានឡើយ ហើយនោះគឺនាំឲ្យនាងលង់ក្នុងបំណុលតែម្តង ។

អ្នកនាង កែវ ពេជ្រពិសី បានលើកឡើងបន្ថែមថា ដោយសារបំណុលចេះតែកើនឡើង ធ្វើឲ្យនាងកាន់តែស្ត្រេសខ្លាំង រហូតសូម្បីលេខទូរស័ព្ទដែលនាងទិញលេខមានតម្លៃថ្លៃខ្លាំងសម្រាប់ការងារជំនួញនោះ ក៏នាងលែងហ៊ានទទួលដែរ ។
លែងហ៊ានលើកដោយសារតែនាងមិនចង់កុហក់ម្ចាស់បំណុលម្តងជាពីរដងឡើយ ព្រោះកាលណាយើងនិយាយជាមួយម្ចាស់បំណុល៣ទៅ៤ដង នោះមានន័យថា យើងកុហក់គេហើយ ហេតុនេះ នាងពិតជាមានការព្រួយបារម្ភពីការរឹបអូសទ្រព្យសម្បត្តិ និងការបរិហារកេរ្តិ៍នាងពីសំណាក់ម្ចាស់បំណុល ។

នាងបញ្ជាក់ថា ដោយសារតែមិនអាចទប់រួច និងលែងមានគំនិតចង់ពង្រីកមុខរបរដោយសារការខ្ចីបំណុលបន្ថែមទៀតនោះ ទើបនាងសម្រេចបោះបង់ចោលមុខរបរស្ទើរទាំងអស់ចោលវិញ លែងគិតពីមុខមាត់ ហើយព្យាយាមលក់ទ្រព្យសម្បត្តិដែលនៅសេសសល់លក់ឡៃឡង់ ដើម្បីដោះបំណុលគេ ។
នាងបញ្ជាក់ថា រហូតមកទល់នាពេលនេះ នាងបានដោះបំណុលគេស្ទើរអស់ហើយ ដែលធ្វើឲ្យនាងហ៊ានចេញមុខក្នុងសង្គមខ្លះៗឡើងវិញ ហើយនេះជាលើកទីមួយហើយដែលនាងទម្លាយរឿងនេះចេញសាធារណៈ ដើម្បីឲ្យធូរទ្រូងបន្តិច ៕

ចែករំលែកព័តមាននេះ