ស្វែងយល់ពី «ថ្មហួត»៖ អច្ឆរិយវត្ថុធម្មជាតិលាក់ខ្លួនកណ្តាលព្រៃព្រឹក្សានៃសហគមន៍តាំងយូរ
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ ប្រសិនបើលោកអ្នកមានឱកាសបានទៅកម្សាន្តនៅសហគមន៍តំបន់ការពារធម្មជាតិ តាំងយូរ ក្រៅពីការទៅអុជធូបបួងសួងសុំសេចក្តីសុខនៅ «ផ្ទាំងថ្មរូបឆត្រ» ដ៏ស័ក្តិសិទ្ធិហើយនោះ មានចំណុចដៅទេសចរណ៍ដ៏អស្ចារ្យ និងប្លែកភ្នែកមួយទៀត ដែលមិនគួររំលងទាត់ចោលទាល់តែសោះ នោះគឺផ្ទាំងថ្មធម្មជាតិដ៏រឹងមាំ ដែលអ្នកស្រុកភូមិប្រសិទ្ធនាមឱ្យថា «ថ្ម
ហួត» ។

មូលហេតុនៃឈ្មោះ «ថ្មហួត» និងទម្រង់រូបរាងដ៏អស្ចារ្យ យោងតាមការរៀបរាប់ជម្រាបជូនពី លោក ចាន់ វ៉ាន់ណូ ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាំងយូរបានឱ្យដឹងថា អត្ថន័យនិងប្រភពនៃឈ្មោះ «ថ្មហួត» នេះ គឺផ្អែកទៅលើរូបរាងដ៏ចម្លែកខុសពីធម្មតារបស់វា ។ ផ្ទាំងថ្មដ៏ធំមហិមានេះ មានទម្រង់ផ្នែកខាងក្រោមតូច រីឯផ្នែកខាងលើវិញរីកធំធាត់ (រាងកំពីង)។

អ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើល និងស្ងើចសរសើរមិនដាច់ពីមាត់នោះ គឺផ្ទាំងថ្មនេះអាចរក្សាលំនឹងថ្លឹងទម្ងន់ដ៏ធ្ងន់ខុសខ្នាតនេះបានយ៉ាងល្អឥតខ្ចោះ ដោយមិនងាយនឹងដួលរលំឡើយ ។ បើពិនិត្យមើលទៅផ្នែកទម្រខាងក្រោម គេនឹងឃើញមានចន្លោះប្រហោងមិនជាប់ដីទាំងស្រុងនោះទេ ដែលមើលទៅមានលក្ខណៈស្រដៀងនឹងការយកម្ជុលមកបន្ទុបបញ្ឈរឱ្យទ្រទម្ងន់វត្ថុដ៏ធំដូច្នោះ
ឯង។

លោកប្រធានសហគមន៍បានបន្តចែករំលែករឿងរ៉ាវពីអតីតកាលថា កាលពីដើមឡើយ ទីតាំងថ្មហួតនេះ គឺជាកន្លែងដ៏ស្ងប់ស្ងាត់ ដែលចាស់ព្រឹទ្ធាចារ្យបុរាណជឿជាក់ និងតែងតែជ្រើសរើសធ្វើជាកន្លែងគង់សមាធិធម៌។ ក្រៅពីជាទីសក្ការៈបែបជំនឿ ទីនេះក៏ធ្លាប់ជាជម្រកដ៏សុខសាន្តរបស់ហ្វូងដំរីព្រៃផងដែរ ។

លោកប្រធានសហគមន៍បានបន្ថែមថា កាលពីមុន លោកផ្ទាល់ធ្លាប់បានឃើញស្លាកស្នាមដានផុកដី និងរោមដំរីដែលបន្សល់ទុកពីការត្រដុសខ្លួននឹងផ្ទាំងថ្មទាំងនេះ ប៉ុន្តែគួរឱ្យស្តាយ ដែលបច្ចុប្បន្នស្លាកស្នាមប្រវត្តិសាស្ត្រធម្មជាតិទាំងនោះត្រូវបានលុបបាត់អស់ទៅហើយ។

តំបន់ថ្មហួត មានភូមិសាស្ត្រស្ថិតនៅចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីទឹកធ្លាក់តាំងយូរ និងប្រហែល៥០០ម៉ែត្រប៉ុណ្ណោះ ពីវត្តតាំងយូរ។ ប្រសិនលោកអ្នកចង់ទៅកម្សាន្តពេលវេលាល្អបំផុតគឺចាប់ពី ខែកញ្ញាឡើងទៅ។ ហេតុអ្វីគួរទៅកម្សាន្តចាប់ពីខែកញ្ញា? តាមការណែនាំរបស់លោក ចាន់ វ៉ាន់ណូ នៅក្នុងអំឡុងខែនេះ គឺជារដូវកាលដែលអំណោយផលបំផុត ព្រោះនៅក្បែរតំបន់ថ្មហួតត្រឹមតែចម្ងាយជិត១០០ម៉ែត្រ លោកអ្នកនឹងបានទស្សនាទឹកធ្លាក់ដ៏ស្រស់ស្អាតដែលមានរហូតដល់ទៅ៣ ទៅ៤ជាន់បន្ថែមទៀត។

ក្រៅពីនេះ ទេសចរណ៍អាចគយគន់ទិដ្ឋភាពព្រៃព្រឹក្សាដ៏ខៀវស្រងាត់ លាយឡំនឹងផ្ទាំងថ្មដុះរដិបរដុបតម្រៀបគ្នាតាមលក្ខណៈធម្មជាតិ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត ដក់អារម្មណ៍ និងស័ក្តិសមបំផុតសម្រាប់អ្នកដែលនិយមចូលចិត្តដំណើរផ្សងព្រេងចុងសប្តាហ៍ ។


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ