ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់អំពី​ប្រព័ន្ធ​បង្ហូរទឹក​បុរាណ ​នៅ​ប្រាសាទ​តាមាន់ធំ

3 ម៉ោង មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​៖ ប្រាសាទតាមាន់ធំ ជា​ប្រាសាទបុរាណ​ខ្មែរ​ដ៏​សំខាន់​មួយ ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដងរែក ក្នុងភូមិ​តា​មាន់​សែន​ជ័យ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​។ ប្រាសាទ​នេះ​មាន​លក្ខណៈ​ពិសេស​ទាំង​ផ្នែក​ស្ថាបត្យកម្ម ការ​ប្រើប្រាស់​ផ្ទាំង​ថ្ម​ធម្មជាតិ​ជា​គ្រឹះ​សំណង់ និង​ប្រព័ន្ធ​ចង្អូរ​បង្ហូរទឹក​ដែល​មានការ​ទាក់ទង​នឹង​ពិធី​សាសនា ។

បើ​តាម​លោក​បណ្ឌិត​ផុ​ន កសិកា កាលពី​ឆ្នាំ​២០១៤ មន្ត្រី​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ចុះ​សិក្សា និង​ថតរូប​សំណង់​ប្រាសាទតាមាន់ធំ ព្រមទាំង​សិក្សា​ឯកសារ​របស់​អ្នក​ស្រាវជ្រាវ មុន​ៗ ដូច​ជា Étienne Aymonier, Étienne Lunet de Lajonquière និង​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត ។ ក្នុង​ចំណោម​រូបថត​ដែល​បាន​ថត​ទុក​នៅ​ពេល​នោះ មាន​រូបភាព​ចង្អូរ​ថ្ម​ដែល​រៀបចំ​ជា​ប្រព័ន្ធ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ដែរ ។

តាម​លក្ខណៈ​ស្ថាបត្យកម្ម ប្រាសាទតាមាន់ធំ​មាន​ប្លង់​បែរមុខ​ទៅ​ទិស​ខាងត្បូង និង​មាន​សំណង់​ប្រាសាទ​ជា​ច្រើន​ភ្ជាប់​គ្នា ។ ប្រាសាទ​នេះ​ត្រូវ​បាន​សន្និដ្ឋាន​ថា​សាងសង់​នៅ​ប្រហែល​ដើម​សតវត្ស​ទី​១១ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ឬ​សម័យ​ប្រហាក់ប្រហែល​នោះ ។

លក្ខណៈ​ពិសេស​មួយ​នៃ​ប្រាសាទតាមាន់ធំ គឺ​ការ​សាងសង់ ដោយ​ប្រើប្រាស់​ផ្ទាំង​ថ្ម​ធម្មជាតិ នៅ​លើ​ភ្នំ​ជា​ផ្នែក​នៃ​គ្រឹះ​សំណង់ ។ ស្ថាបត្យករ​ខ្មែរ​បុរាណ​បាន​ដាប់ និង​កែ​ច្នៃ​ផ្ទាំង​ថ្មភ្នំ​ឱ្យ​មាន​ផ្ទៃ​សម​ស្រប​សម្រាប់​ការ​សាងសង់ ព្រមទាំង​រៀបចំ​គ្រឿង​បង្គំ​ស្ថាបត្យកម្ម​ឱ្យ​សម្រប​ទៅ​តាម​សណ្ឋាន​ថ្ម​ធម្មជាតិ ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ពិសេស គឺ​ប្រព័ន្ធ​ចង្អូរ​បង្ហូរទឹក​ដែល​នៅ​សេសសល់​ក្នុង​បរិវេណ​ប្រាសាទ ។ តាម​រូបថត​ដែល​បាន​ថត​ក្នុង​ឆ្នាំ​២០១៤ គេ​អាច​សង្កេត​ឃើញ​ចង្អូរ​ថ្ម​បើកចំហ ដែល​រៀបចំ​ឡើង​ដោយ​ការ​ផ្គុំ​ដុំ​ថ្ម​ជា​បន្តបន្ទាប់ ដោយ​មាន​ជួរ​ថ្ម​អម​សងខាង និង​មាន​លំហ​សម្រាប់​បង្ហូរទឹក​នៅ​កណ្ដាល ។ ចង្អូរ​នេះ​លាតសន្ធឹង​ឆ្លងកាត់​ផ្ទាំង​ថ្ម​ធម្មជាតិ និង​ឆ្ពោះទៅ​កាន់​សំណង់​ប្រាសាទ ។

តាម​ការ​សិក្សា​របស់​លោក​សាស្ត្រាចារ្យ អាំង ជូ​លាន ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​បណ្ដា​ញយ​សោ​ធរ​(Yosothor) ប្រព័ន្ធ​ចង្អូរ​ថ្ម​នេះ​មានការ​ទាក់ទង​នឹង​ស្វយម្ភូ​លិង្គ​(Svayambhū Liṅga) ដែល​ជា​លិង្គ​ធម្មជាតិ​តំណាង​ឱ្យ​ព្រះ​ឥសូរ ស្ថិត​នៅ​ក្នុង​តួ​ប្រាសាទ ។ ចង្អូរ​ថ្ម​ត្រូវ​បាន​រៀបចំ​សម្រាប់​បង្ហូរ​ទឹកមន្ត​ដែល​ប្រើ​ក្នុង​ពិធី​ស្រោចស្រព​លិង្គ​ទៅ​ខាងក្រៅ​បរិវេណ​ទី​សក្ការបូជា ដើម្បី​ឱ្យ​សាសនិក​អាច​ត្រង​យក​ទៅ​ប្រើប្រាស់​តាម​ជំនឿ ។

ការ​ពិនិត្យ​រូបថត​ឆ្នាំ​២០១៤ ឡើង​វិញ បង្ហាញ​ឱ្យ​ឃើញ​ពី​លក្ខណៈ​សំណង់​ចង្អូរ​ថ្ម និង​ការ​រៀបចំ​ផ្លូវទឹក​ឱ្យ​សម្រប​ទៅ​តាម​សណ្ឋាន​ថ្ម​ធម្មជាតិ ។ ទោះជា​យ៉ាងណា ការ​កំណត់​ទិស​ដៅ​ទឹក​ហូរ និង​កា​រត​ភ្ជាប់​របស់​ចង្អូរ​ពី​តួ​ប្រាសាទ​ទៅ​ខាងក្រៅ ត្រូវការ​ការ​សិក្សា​លម្អិត​បន្ថែម​ទៀត​នៅ​ទីតាំង​ផ្ទាល់ ។

ប្រព័ន្ធ​ចង្អូរ​បង្ហូរទឹក​នៅ​ប្រាសាទតាមាន់ធំ ជា​ភស្ដុ​តាង​នៃ​ចំណេះដឹង និង​បច្ចេកទេស​សាងសង់​របស់​ដូនតា​ខ្មែរ ជា​ពិសេស​ការ​សម្របសម្រួល​សំណង់​ទៅ​តាម​សណ្ឋាន​ថ្ម​ធម្មជាតិ និង​ការ​រៀបចំ​ប្រព័ន្ធ​ទឹក​សម្រាប់​បម្រើ​ដល់​ពិធី​សាសនា ។ លក្ខណៈ​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​ស្ថាបត្យកម្ម និង​ជំនឿ​សាសនា​នៅ​សម័យ​អង្គរ ៕