ប្រាសាទអង្គរ និងប្រាសាទបូរ៉ូប៊ូឌួរ បទពិសោធការទស្សនាខុសគ្នា
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ការទស្សនាប្រាសាទបូរ៉ូប៊ូឌួរ (Borobudur) នៅតំបន់ជ្វាកណ្ដាល ប្រទេសឥណ្ឌូណេស៊ី ជាឱកាសមួយដ៏ល្អក្នុងការឈ្វេងយល់អំពីប្រព័ន្ធគ្រប់គ្រងភ្ញៀវទេសចរ និងការរៀបចំការទស្សនានៅប្រាសាទព្រះពុទ្ធសាសនាដ៏សំខាន់មួយនៃតំបន់អាស៊ីអាគ្នេយ៍ ។
បើតាមវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម តម្លៃសំបុត្រសម្រាប់ភ្ញៀវបរទេសគឺ៤៥០.០០០រូពីឥណ្ឌូណេស៊ី (ប្រមាណ២៧ ដុល្លារអាមេរិក) ដោយកំណត់ពេលទស្សនាតាមក្រុម និងមានមគ្គុទ្ទេសក៍នាំផ្លូវ ចាប់ពីម៉ោង ៨:៣០ដល់ម៉ោង១០ព្រឹក ។ ភ្ញៀវទេសចរត្រូវដើរតាមផ្លូវដែលបានកំណត់ ដើម្បីគ្រប់គ្រងចំនួនភ្ញៀវ និងកាត់បន្ថយផលប៉ះពាល់លើសំណង់ប្រាសាទបុរាណ ។
ចំណែកនៅតំបន់រមណីយដ្ឋានអង្គរ ក្នុងប្រទេសកម្ពុជា ភ្ញៀវទេសចរបរទេសអាចទិញសំបុត្រចូលទស្សនារយៈពេលមួយថ្ងៃ ក្នុងតម្លៃ ៣៧ដុល្លារអាមេរិក ហើយអាចជ្រើសរើសទៅទស្សនាប្រាសាទជាច្រើននៅក្នុងតំបន់អង្គរ ពេញមួយថ្ងៃ ដោយគោរពតាមម៉ោងបើក និងបិទនៃប្រាសាទ នីមួយៗ ។
ជាមួយនឹងភាពខុសគ្នានៃតម្លៃសំបុត្រ តំបន់អង្គរផ្ដល់ឱកាសដ៏ពិសេសដល់ភ្ញៀវទេសចរក្នុងការឈ្វងយល់ពីសំណង់ស្ថាបត្យកម្ម និងប្រវត្តិសាស្ត្រដ៏សម្បូរបែប មិនត្រឹមតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយស្រី និងប្រាសាទជាច្រើនទៀត ។
ទាំងប្រាសាទបូរ៉ូប៊ូឌួរ និងតំបន់អង្គរ សុទ្ធតែជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃ ដែលមានលក្ខណៈពិសេស រៀងៗខ្លួន ទាំងផ្នែកប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សាសនា និងទេសភាពវប្បធម៌ ។ ភាពខុសគ្នានៃប្រព័ន្ធគ្រប់គ្រងភ្ញៀវទេសចរនៅតំបន់ទាំងពីរ ក៏ឆ្លុះបញ្ចាំងពីលក្ខណៈពិសេស និងតម្រូវការអភិរក្សបេតិកភណ្ឌរបស់ទីតាំង នីមួយៗ ។
ប្រភពដដែលបន្តថា បទពិសោធន៍នៃការទស្សនាប្រាសាទបូរ៉ូប៊ូឌួរ បានជំរុញឱ្យយើងកាន់តែយល់ច្បាស់អំពីតម្លៃ និងសក្ដានុពលដ៏ធំធេងនៃតំបន់អង្គរ ។ តំបន់អង្គរមិនត្រឹមតែសម្បូរទៅដោយសំណង់ប្រាសាទបុរាណដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទេសភាពវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងបរិស្ថានធម្មជាតិដ៏សម្បូរបែប ដែលផ្ដល់ឱកាសឱ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍ចម្រុះ ទាំងការទស្សនា ការសិក្សាឈ្វេងយល់ និងការឈ្វេងយល់អំពីជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ។
អង្គរមិនត្រឹមតែជាតំបន់បេតិកភណ្ឌពិភពលោកដ៏មានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញមួយនៅអាស៊ីអាគ្នេយ៍ ដែលផ្ដល់ឱកាសឱ្យភ្ញៀវទេសចរទស្សនាប្រាសាទជាច្រើនក្នុងរយៈពេលមួយថ្ងៃ ៕









ចែករំលែកព័តមាននេះ