រាជធានីភ្នំពេញ ៖ បេក្ខភាពបវរកញ្ញា ជូរី ល្អហួស បានធ្វើការឆ្លើយតបទៅកាន់មហាជនមួយចំនួនដែលបានគិតរឿងអវិជ្ជមានមកលើរូបនាង ក្នុងដំណើរលើវិថីបវរកញ្ញា បើទោះបីជានាងបានសាងកេរ្តិ៍លើវិស័យមួយបានយ៉ាងជោគជ័យនិងទទួលការគាំទ្រពីថ្នាក់ដឹកនាំ និងទស្សនិកជនខ្មែរស្ទើរទូទាំងប្រទេសក៏ដោយ។
ការគិតអវិជ្ជមាននោះគឺមហាជនខ្លះបានគិតមកលើរូបនាងថា នាងទទួលបានការស្រឡាញ់ និងគាំទ្របន្ទាប់ពីនាងទើបទទួលបានកេរ្តិ៍នាពេលនេះប៉ុណ្ណោះ។
ឆ្លើយតបការយល់ឃើញខាងលើនេះ យុវតី ជូរី ល្អហួស បានលើកឡើងតាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមថា ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំក្នុងការខិតខំប្រឹងប្រែង ដើម្បីដើរតាមក្ដីស្រមៃមួយនេះ តាំងពីខ្ញុំនៅជាក្មេងស្រីតូចម្នាក់ ដែលមានត្រឹមតែក្ដីសង្ឃឹម និងរូបភាពនៃក្ដីស្រមៃនៅក្នុងចិត្ត។ មានការលះបង់ ការលំបាក ទឹកចិត្ត និងការអធិស្ឋានជាច្រើន ដែលមនុស្សមិនធ្លាប់បានឃើញ។ ប៉ុន្តែទោះបីជាផ្លូវមួយនេះមិនតែងតែងាយស្រួលក៏ដោយ ខ្ញុំមិនដែលឈប់ជឿលើក្ដីស្រមៃរបស់ខ្លួនឡើយ។ ហេតុនេះហើយ ទើបឱកាសមួយនេះមានអត្ថន័យធំធេងចំពោះខ្ញុំ លើសពីអ្វីដែលពាក្យសម្ដីអាចពណ៌នាបាន។
នាងបន្តថា ខ្ញុំមិនដែលវាស់តម្លៃឱកាសណាមួយតាមរយៈថា កម្មវិធីប្រកួតនោះតូច ឬធំនោះទេ។ សម្រាប់ខ្ញុំ អ្វីដែលសំខាន់បំផុត គឺការមានឱកាសបានឈរលើឆាកអន្តរជាតិ ដើម្បីបង្ហាញអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងមរតកដ៏មានតម្លៃរបស់ជាតិខ្មែរទៅកាន់ពិភពលោក។ ប្រសិនបើខ្ញុំអាចធ្វើឱ្យមនុស្សនៅលើពិភពលោកបានស្គាល់ និងមើលឃើញភាពស្រស់ស្អាតនៃប្រទេសកម្ពុជាយើង សូម្បីតែបន្តិច ក៏ជាមោទនភាពដ៏ធំធេងសម្រាប់ខ្ញុំដែរ។
ចំពោះអ្នកដែលអាចគិតថា ខ្ញុំទើបទទួលបានការស្រឡាញ់ និងការគាំទ្របន្ទាប់ពីមានកេរ្តិ៍ឈ្មោះ ខ្ញុំសូមនិយាយថា សូមក្រឡេកមើលឱ្យឆ្ងាយជាងអ្វីដែលអ្នកបានឃើញនៅថ្ងៃនេះ។ ដំណើររបស់ខ្ញុំមិនបានចាប់ផ្ដើមនៅថ្ងៃដែលមនុស្សចាប់ផ្ដើមស្គាល់ខ្ញុំនោះទេ។ វាបានចាប់ផ្ដើមតាំងពីខ្ញុំនៅតូច តាំងពីថ្ងៃដែលខ្ញុំខិតខំកសាងខ្លួនឯង បណ្ដុះបណ្ដាលចរិតលក្ខណៈ កសាងទំនុកចិត្ត និងព្យាយាមធ្វើខ្លួនឱ្យស័ក្តិសមនឹងក្ដីស្រមៃដែលខ្ញុំមាន។ ខ្ញុំដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែ និងមនុស្សគ្រប់រូបដែលបានស្រឡាញ់ ជឿជាក់ និងគាំទ្រខ្ញុំ តាំងពីពេលដែលខ្ញុំមិនទាន់មានអ្វីសោះ រហូតមកដល់ថ្ងៃនេះ។
ខ្ញុំដឹងថា ខ្ញុំមិនអាចដើរមកដល់ទីនេះតែម្នាក់ឯងបានឡើយ។ នៅពីក្រោយឱកាសនីមួយៗ គឺមានដំណើរដ៏វែងឆ្ងាយ។ នៅពីក្រោយសមិទ្ធផលនីមួយៗ គឺមានការលះបង់។ ហើយនៅពីក្រោយមនុស្សម្នាក់ដែលកំពុងឈរលើឆាក គឺមានរឿងរ៉ាវជាច្រើនដែលពិភពលោកមិនធ្លាប់បានដឹង។
ខ្ញុំមិនបានដេញតាមក្ដីស្រមៃនេះ ដើម្បីតែចង់ឱ្យមនុស្សស្គាល់ ឬចង់បានភាពល្បីល្បាញនោះទេ។ ខ្ញុំកំពុងដេញតាមក្ដីស្រមៃដែលបានរស់នៅក្នុងបេះដូងខ្ញុំតាំងពីកុមារភាព។ ក្ដីស្រមៃដែលអនុញ្ញាតឱ្យខ្ញុំតំណាងឱ្យអ្វីមួយដែលធំជាងខ្លួនឯង គឺឫសគល់ អត្តសញ្ញាណ និងមោទនភាពនៃការកើតមកជាកូនខ្មែរ។
អ្វីដែលខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នាយល់ គឺ សូមកុំវាយតម្លៃក្ដីស្រមៃរបស់នរណាម្នាក់ តាមរយៈទំហំឆាកដែលគេបានឈរ ឬកម្រិតនៃភាពល្បីល្បាញដែលគេទទួលបាន។ ព្រោះអ្វីដែលមើលទៅដូចជាឱកាសតូចមួយសម្រាប់អ្នកដទៃ អាចជាក្ដីស្រមៃដ៏ធំបំផុតក្នុងជីវិតរបស់មនុស្សម្នាក់។
នាងបញ្ជាក់ថា ថ្ងៃនេះ ខ្ញុំនៅតែជាក្មេងស្រីតូចម្នាក់ដែលធ្លាប់ស្រមៃចង់ឈរលើឆាកដ៏អស្ចារ្យមួយនេះ។ គ្រាន់តែថ្ងៃនេះ ខ្ញុំមានឱកាសបានដើរមួយជំហានទៀត ដើម្បីធ្វើឱ្យក្ដីស្រមៃរបស់ក្មេងស្រីម្នាក់នោះក្លាយជាការពិត។
បើតាម ជូរី ល្អហួស ខ្ញុំមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងទេ ប៉ុន្តែខ្ញុំដឹងច្បាស់ថា ខ្ញុំនឹងមិនភ្លេចដើមកំណើត មិនភ្លេចអ្នកដែលបានជួយជ្រោមជ្រែង និងមិនភ្លេចមូលហេតុដែលខ្ញុំចាប់ផ្ដើមដំណើរមួយនេះឡើយ ព្រោះក្ដីស្រមៃរបស់ខ្ញុំ មិនមែនមានតែការឈរលើឆាក ឬការពាក់មកុដនោះទេ ប៉ុន្តែគឺការប្រើគ្រប់ឱកាសដែលខ្ញុំមាន ដើម្បីធ្វើឱ្យគ្រួសារមានមោទនភាព និងធ្វើឱ្យជាតិខ្មែរត្រូវបានស្គាល់ដោយមោទនភាពនៅលើឆាកអន្តរជាតិ៕







ចែករំលែកព័តមាននេះ