មិនមែនមានត្រឹមសម្រស់! មកដឹងពីគុណសម្បត្តិ និងភាពក្លាហានរបស់ ហ្វីយ៉ាតា ដែលនាំឱ្យទទួលតំណែងអនុប្រធានកិត្តិយសសមាគមបវរកញ្ញាកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែង អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ត្រូវបានជ្រើសតាំងជាអនុប្រធានកិត្តិយសនៃសមាគមបវរកញ្ញាកម្ពុជា ស្របពេលពេលដែល កុយ អេនណា ជាអនុប្រធាននៃសមាគមមួយនេះ។
ក្នុងនាមជាប្រធានសមាគមបវរកញ្ញាកម្ពុជា លោកជំទាវ ញ៉ែម មរកត បានលើកឡើងពីគុណសម្បត្តិមួយចំនួនដែលធ្វើអោយ ហ្វីយ៉ាតា មានភាពសាកសមនៅក្នុងការទទួលបានតួនាទីខាងលើនេះ។
តាមរយះសំណេរបង្ហោះលើបណ្តាញសង្គមលោក ជំទាវ.ញ៉ែម មរកត បានលើកឡើងថា សូមស្វាគមន៍អ្នកនាង ថៃ នារីសុជាតា ជា អនុប្រធានកិត្តិយស របស់សមាគមបវរកញ្ញាកម្ពុជា។
ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ជាម្ចាស់ម្កុដបវរកញ្ញាចក្រវាល ឆ្នាំ២០២៥ «Miss Universe 2025» ក្នុងកំឡុងពេលជាប់ម្កុដ គឺជាពេលវេលាដែលប្រទេសថៃរំលោភបំពាន បានបង្ករសង្គ្រាមយ៉ាងខ្លាំងមកលើប្រទេសកម្ពុជា ពេលនោះក្នុងនាមលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ខ្ញុំមិនបានទៅបំពាក់ម្កុដជូនកញ្ញាហ្វីយ៉ាតាទេ ព្រោះចំថ្ងៃផ្ទះលេខ២ផ្លោងគ្រាប់ខ្លាំងណាស់។
ហ្វីយ៉ាតា ជាស្ត្រីដែលមានចំណេះដឹងខ្ពស់ ក្រៅពីសម្រស់ស្រស់ស្អាតទន់ភ្លន់ នាងមានមនសិកាជាតិខ្ពស់ណាស់ ទោះបីការប្រកួតនៅលើឆាកអន្តរជាតិ រៀបចំធ្វើនៅក្នុងផ្ទះលេខ២ក្តី កំឡុងពេលប្រទេសកម្ពុជានិងសៀម មានជម្លោះព្រំដែនយ៉ាងក្តៅគគុក ផ្ទះលេខ២ស្អប់ខ្មែរខ្លាំងយ៉ាងណា ក៍បរវកញ្ញាហ្វីយ៉ាតានៅតែទៅចូលរួមតំណាងជាតិមិនខ្លាចរអារឡើយ។
ហ្វីយ៉ាតា បានពុះពារទៅប្រកួតដោយលើកទង់ជាតិកម្ពុជានៅលើឆាកអន្តរជាតិកំឡុងពេលដែលក្នុងផ្ទះលេខ២អវត្តមាន
ទូតកម្ពុជា។ ពេលនោះឈុតតំណាងជាតិចាប៉ីដងវែង នឹងគ្រឿងលម្អធ្វើឡើងដោយដៃកូនខ្មែរ ត្រូវបានហ្វីយ៉ាតាយកទៅបង្ហាញថាចាប៉ីដងវែងគឺជារបស់ខ្មែរ។
ហ្វីយ៉ាតា បានចូលរួមធ្វើកិច្ចការសង្គម មានទឹកចិត្តសប្បុរសតាំងពីធំដឹងក្តីមក ដោយជួយដល់ចាស់ជរា, ក្មេងកំព្រា ឬក៏សាលារៀនដែលខ្វះខាត ក៏ដូចជាជួយអ្នកជំងឺដែលខ្វះថវិកា..។ល។
បច្ចុប្បន្ន បវរកញ្ញា ហ្វីយ៉ាតា កំពុងបើកសាលា HOUSE OF F7 បណ្ដុះបណ្ដាលចំណេះដឹងផ្នែកផ្លូវចិត្ត ក៏ដូចជាពង្រឹងសមត្ថភាពដែលមាននៅក្នុងខ្លួនស្រាប់.. នឹងបង្រៀនជូនដល់បងប្អូន មិនថាអ្នកដែលចង់ចូលជាបវរកញ្ញា ឬអ្នកដែលគ្រាន់តែចង់ឲ្យខ្លួនប្រសើរជាងអតីតកាល។
#ថ្មីៗនេះម្ចាស់ម្កុដចក្រវាលកម្ពុជា បានចូលរួមបង្ហាញឈុតស្បៃ និងដឹកនាំជនមានពិការភាពភ្នែកសម្តែងក្នុងព្រឹត្តការណ៍បើកកីឡាជាតិ ដើរឈុតស្បៃក្នុងភូមិហ្វ្រង់កូហ្វូនី នឹងបដិសណ្ឋារកិច្ចប្រធានាធិបតីបារាំង និងភ្ញៀវរបរទេសក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គួរជាទីមោទនៈ។
ជាការកត់សម្គាល់ បន្ទាប់ពីទទួលបានតួនាទីខាងលើនេះ ហ្វីយ៉ាតា បានបង្ហោះសំណេរលើបណ្តាញសង្គមថា សូមគោរពអរគុណលោកជំទាវម៉ាក់ សូមគោរពអរគុណដល់បងប្អូននិងក្រុមការងារដែលពាក់ព័ន្ធក្នុងសមាគមទាំងអស់ ហើយនាងខ្ញុំនឹងឈរជាបង្អែករឹងមាំ, ជំរុញនឹងជួយការងាររបស់សមាគម ដោយពេញចិត្តនឹងរីករាយ ហើយនេះគឺជាកិត្តិយសរបស់នាងខ្ញុំ៕







ចែករំលែកព័តមាននេះ