ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាហូលីវូត អេនជឺលីណា ជូលី គ្រោងនាំយកគម្រោងមួយចំនួនមកកម្ពុជា នៅឆ្នាំ២០២៧

7 ម៉ោង មុន

សារព័ត៌មាន PEOPLE ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ តារាភាពយន្ត​ហូ​លី​វូ​ដ​ដ៏​ល្បីល្បាញ គឺ​លោកស្រី អេ​ន​ជឺ​លី​ណា ជូ​លី (Angelina Jolie) មាន​គម្រោង​នាំ​យក​គម្រោង​សិល្បៈ និង​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់ Atelier Jolie មក​បង្កើត​កម្មវិធី និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ផ្នែក​សិល្បៈ​នៅ​កម្ពុជា នៅ​ឆ្នាំ​២០២៧ ។

ប្រភព​ដដែល​បាន​រាយការណ៍​ថា កម្មវិធី Atelier Jolie ដែល​ជា​គម្រោង​សហគមន៍​ច្នៃប្រឌិត​របស់​លោកស្រី បង្កើត​ឡើង​នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០២៣ ដោយ​មាន​គោលបំណង​ប្រមូលផ្តុំ​អ្នក​កាត់ដេរ អ្នក​រចនា​ម៉ូ​ដ សិល្បករ និង​សិប្បករ ដើម្បី​បង្កើត​ស្នាដៃ​ថ្មី​ៗ និង​លើកកម្ពស់​ការ​ច្នៃ​ម៉ូ​ដ​ប្រកបដោយ​ចីរភាព គ្រោង​បង្កើត​នូវ​កម្មវិធី Atelier Jolie Residency នៅ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​ច្នៃប្រឌិត សិល្បករ អ្នក​រចនា​ម៉ូ​ដ និង​សិប្បករ ក្នុង​ការ​ជួបជុំ​ផ្លាស់​ប្តូរ​ចំណេះដឹង និង​បង្ហាញ​ស្នាដៃ​សិល្បៈ ។

ប្រភព​ដដែល​បាន​បន្ត​ថា គម្រោង​នេះ​នឹង​សហការ​ជាមួយ​មជ្ឈមណ្ឌល​បុប្ផា​ណា ដែល​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​របស់​ផលិតករ និង​អ្នកដឹកនាំ​ភាពយន្ត​កម្ពុជា លោក រិ​ទ្ធី ប៉ាន់ ព្រមទាំង​មូលនិធិ Maddox Foundation របស់​លោកស្រី ។

គួរ​រំលឹក​ថា ក្រោយ​ពេល​លោកស្រី​លក់​លំនៅ​ស្ថាន ដ៏​ប្រណីត​មួយ​នៅ​ទីក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេ​ស របស់​លោកស្រី​បាន​សម្រេច​នា​ពេល​ថ្មី​ៗ​នេះ តារាភាពយន្ត វ័យ​៥១​ឆ្នាំ រូប​នេះ បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ដោយ​លោកស្រី​ក៏​បាន​ចូល​ថ្វាយបង្គំ សម្ដេចព្រះ​មហាសុមេធាធិបតី សម្ដេច​សង្ឃនាយក អំ លឹ​ម​ហេង នៅ​វត្ត​ចំពុះក្អែក កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦​ថ្មី​ៗ​នេះ​ផង​ដែរ ៕