រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣១ ឧសភា ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញគ្រោងលើកយកសំណុំរឿងព្រហ្មទណ្ឌមួយពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ថៅកែហាងនំប៉័ង យីហោរដ្ឋាអន្តរជាតិ ដែលមានទីតាំងស្ថិតនៅផ្សារចោមចៅ ខណ្ឌដង្កោ ។ សពជនរងគ្រោះត្រូវឃាតកដឹកយកទៅទម្លាក់ចោលនៅលើផ្លូវក្បែររបងក្រសួងការពារជាតិក្នុងទឹកដីខណ្ឌ៧មករា នាវេលាម៉ោង៣រសៀលថ្ងៃទី១៥ តុលា ឆ្នាំ២០១០ ។ សំណុំរឿងនេះមានរយៈពេលជិត១ឆ្នាំហើយ ដែលសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងឈានទៅរកការជំនុំជម្រះទោសលើជនដែលត្រូវចោទឱ្យមានភាពសុក្រឹតនិងយុត្តិធម៌សម្រាប់ជនរងគ្រោះ ។
គួររំលឹកថា នៅវេលាម៉ោង៣រសៀលថ្ងៃទី១៥ តុលា ឆ្នាំ២០១០ មានអំពើឃាតកម្មបាញ់សម្លាប់លោកស៊ឹម រដ្ឋា ថៅកែហាងនំប៉័ងរដ្ឋាអន្តរជាតិប្លន់យករថយន្តម៉ាកឡិចស៊ីស ស៊េរី៤៧០ ពណ៌ទឹកមាស ១គ្រឿង ហើយសពត្រូវឃាតកទម្លាក់ចោលនៅលើដងផ្លូវជាប់របងក្រសួងការពារជាតិ ក្នុងខណ្ឌ៧មករា ឯរថយន្តរបស់ជនរងគ្រោះត្រូវគេយកទៅប្លុងចោលនៅក្បែរប្លុកបុរីកីឡា ។ អំពើឃាតកម្មនេះត្រូវបានសាក្សីឃើញហេតុការណ៍បញ្ជាក់យ៉ាងច្បាស់ថា ឃាតកគឺជនតែម្នាក់។ បានជាមានការអះអាងយ៉ាងដូច្នេះ ព្រោះពេលកើតហេតុជនរងគ្រោះនិងជនដៃដល់ជិះរថយន្តជាមួយគ្នាហើយក៏មានការផ្ទុះអាវុធ រួចហើយជនរងគ្រោះធ្លាក់ពីលើរថយន្ត ។
ក្រោយពីហេតុការណ៍នោះកើតឡើងបានរយៈពេលជិត១ខែ សមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយលោកឧត្តមសេនីយ៍សៀ សម្បត្តិ បានស្រាវជ្រាវ និងបើកកិច្ចបង្ក្រាបករណីនេះ ហើយនៅថ្ងៃទី៦ វិច្ឆិកា ២០១០ ឃាត់ខ្លួនមនុស្ស៥នាក់ ក្នុងនោះមានជនដៃដល់២នាក់ និង៣នាក់ពាក់ព័ន្ធនឹងការផ្តល់អាវុធនិងមធ្យោបាយធ្វើសកម្មភាព ។ ជនដៃដល់ឈ្មោះសន សាវឿន ហៅកុក ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះចាន់ សេរីបុត្រ ភេទប្រុស អាយុ២៣ឆ្នាំ ទាំង២នាក់នេះជាអ្នកធ្វើសកម្មភាពបាញ់សម្លាប់លោកស៊ឹម រដ្ឋា ។ ចំណែកជនពាក់ព័ន្ធ៣នាក់ទៀតមាន១-ឈ្មោះម៉ុន សុខា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកយានដ្ឋានជួសជុលរថយន្ត ២-ឈ្មោះសន សោភា ភេទស្រី អាយុ៣២ឆ្នាំ ២នាក់នេះជាប់ចោទជាអ្នកសមគំនិតក្នុងអំពើឃាតកម្ម ទី៣-ឈ្មោះតន់ វិចិត្រ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរទិញ-លក់រថយន្ត ជាប់ពាក់ព័ន្ធថាបានលក់អាវុធកា៥៩ មួយដើម ឱ្យទៅឈ្មោះសន សាវឿន យកទៅធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ ។
ជនទាំង៥នាក់ រួមទាំងវត្ថុតាងមួយចំនួនដូចជារថយន្ត និងអាវុធជាមធ្យោបាយធ្វើសកម្មភាពត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយពួកគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារជាបណ្តោះអាសន្ន ចាប់តាំងពីពេលនោះមក សរុបទៅជិត១ឆ្នាំហើយ ។ នៅថ្ងៃទី៣១ ឧសភាខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងគ្រោងលើកយកសំណុំរឿងនេះមកបើកសវនាការផ្តន្ទាទោសពួកគេតាមផ្លូវច្បាប់ និងតាមទោសកំហុសដែលពួកគេបានប្រព្រឹត្ត ។ ប៉ុន្តែអ្វីដែលគួរឱ្យសង្វេគគឺក្មេងប្រុស-ស្រីចំនួន៥នាក់ ជាបងប្អូនបង្កើត ក្នុងនោះមានទាំងកូនភ្លោះ២នាក់ផងកំពុងរស់នៅកណ្តោចកណ្តែងអត់មានមេបាគ្រប់គ្រងឱ្យកក់ក្តៅដូចកុមារដទៃ ព្រោះឪពុកម្តាយរបស់ពួកគេកំពុងជាប់ក្នុងពន្ធនាគារជិត១ឆ្នាំមកហើយ ។ ពួកគេមិនមានកំហុសទេ តែបែរជាត្រូវរស់នៅទាំងវេទនាព្រាត់មេព្រាត់បាទៅវិញ ។
បើតាមការអះអាងពីលោកមេធាវីការពារក្តីឱ្យជនជាប់សង្ស័យជាឪពុកនិងម្តាយក្មេងទាំង៥នាក់នោះថា ប៉ុន្មានថ្ងៃមុននេះអាជ្ញាធរភូមិនិងសង្កាត់ភ្លើងឆេះរទេះ បានបញ្ជាក់ច្បាស់ហើយ ថា ឈ្មោះសន សោភា ពិតជាម្តាយក្មេងទាំងនេះដែលមាន១-ឈ្មោះម៉ុន សុកបញ្ញាលីន ភេទស្រី អាយុ១០ឆ្នាំ ២-ឈ្មោះម៉ុន សុកជាតា ភេទស្រី អាយុ៧ឆ្នាំ ៣-ឈ្មោះម៉ុន សុបញ្ញារិទ្ធ ភេទប្រុស អាយុ៥ឆ្នាំ ៤-ឈ្មោះម៉ុន សុបញ្ញារាជ្យ ភេទប្រុស អាយុ៣ឆ្នាំ និង៥-ឈ្មោះម៉ុន សុកបញ្ញារ៉ុង ភេទប្រុស អាយុ៣ឆ្នាំ ដោយកូនទី៤និងទី៥ ជាកូនភ្លោះ ។ បច្ចុប្បន្ន ពួកគេកំពុងរស់នៅក្រោមដំបូលផ្ទះញាតិជិតខាងមើលថែរក្សា តែមិនពិតថា បានដិតដល់ឬកក់ក្តៅដូចការថែពីឪពុកម្តាយបង្កើតនោះឡើយ ។
ដូចដែលឃើញក្នុងរូបភាពនេះស្រាប់ កូនខ្លះដែលដឹងក្តីបានតិចតួច លើកដៃសំពះបួងសួងដល់ទេវតាថែរក្សាក្នុងលោក ពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវ តើត្រូវរកវិធីណាដើម្បីសម្រាលទោសទណ្ឌដល់ម្តាយបាននៅក្រៅឃុំមើលគ្រប់គ្រងពួកគេឱ្យបានកក់ក្តៅនិងចូលសាលាដូចកូនអ្នកដទៃផង ។
ទុក្ខមហាធំធេងរបស់ក្មេងទាំង៥នាក់នេះ បើគ្មានសម្តេចនិងលោកជំទាវជួយទេ ពួកគេពិតជាគ្មានអនាគត ហើយក៏មានជំនឿថា នៅថ្ងៃទី៣១ ឧសភា ខាងមុខដែលជាថ្ងៃបើកសវនាការលើសំណុំរឿងនេះ ទាំងតំណាងអយ្យការទាំងប្រធានក្រុមប្រឹក្សាជំនុំជម្រះពិតជាងាកមកពិចារណាលើគំនរទឹកភ្នែកក្មេង៥នាក់នេះ ជាក់ជាមិនខាន ។ យើងមានជំនឿថា តុលាការពិតជាមានបេះដូងមិនអាចទល់ភ្នែកមើលសត្វលោកដែលកំពុងរស់នៅយ៉ាងវេទនានោះទេ ៕
ចែករំលែកព័តមាននេះ