ខេត្តកណ្តាល ៖ ករណីឃាតកម្មមួយបានកើតឡើង ខណៈប្រជាពលរដ្ឋ បានប្រទះឃើញ សាកសពមនុស្សប្រុសម្នាក់ ត្រូវបានគេសម្លាប់ រួចចងភ្ជាប់នឹង បាវនីឡុងពណ៌ស ច្រកដីខ្សាច់មានទម្ងន់៣២គីឡូក្រាម ដើម្បីទាញសាកសពចុះកុំឲ្យផុសឡើងបំបាត់ភស្តុតាង ។
ឃាតកម្មនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញសព នៅវេលាម៉ោង ០៦ និង ៣០នាទី ថ្ងៃទី២៣ ខែកក្កដា ២០២៥ នៅក្នុងទឹកមាត់ច្រាំងទន្លេបាសាក់ត្រើយខាងកើត ក្នុងភូមិក្បាលកោះតូច ឃុំតាលន់ស្រុកស្អាង ខេត្តកណ្តាល និងទើបតែធ្លាយព័ត៌មាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ។
សមត្ថកិច្ចបានឲ្យដឹងថា សពខាងលើ ពុំស្គាល់អត្តសញ្ញាណភេទប្រុសអាយុប្រហែល៣០ឆ្នាំ មានកម្ពស់១៧៥ស.ម សំលៀកបំពាក់ស្លៀកខោខូវប៊យជើងវែង ពណ៌ខ្មៅ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅកបើក អណ្ដែតទឹកផ្ងារដៃទាំងពីរផុតពីទឹកក្នុងសភាពស្អុយនិងរលាត់ស្បែក ។
ក្នុងនោះសមត្ថកិច្ចរកឃើញ បាវនីឡុងពណ៌សច្រកដីខ្សាច់មានទម្ងន់(៣២គីឡូក្រាម) ចំនួន០១បាវ ដែកទំពក់ពណ៌សចំនួន ០១ ខ្សែនីឡុងពណ៌ត្រេអ៉ីចងជាប់នឹងបាវច្រកខ្សាច់មានប្រវែង១,៣០ ស.ម និង ទំហំ៣០ ស.ម ខ្សែលីឡុងត្រេអុីដែកចងចង្កេះសាកសពមានប្រវែង២,៨៨ ស.ម ។
សូមបញ្ជាក់ថានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៦ និង៥០នាទីព្រឹក បើតាមការបំភ្លឺរបស់ឈ្មោះ ញឹប នី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្ដាល មុខរបរ អ្នកនេសាទ បានប្រាប់សមត្ថកិច្ចអោយដឹងថា គាត់បានត្រឡប់មកពីនេសាទត្រីវិញ ហើយបានបើកបរទូកស្មាច់តាមបណ្ដោយទន្លេបាសាក់ ក្នុងទិសដៅ ពីត្បូង មកជើង ក្នុងគោលបំណងសម្ដៅមកផ្ទះ នៅឯឃុំត្រើយស្លាវិញ ខណៈពេលបើកបរដល់ចំណុចច្រាំងបាក់ត្រើយខាងកើត ស្ថិតនៅចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញសាកសពអណ្ដែតទឹក ដូចរៀបរាប់ខាងលើ គាត់មានចិត្តអាណិតអាសូរក៏បានឈប់ទូកយកខ្សែភ្លើងពណ៌ខៀវមួយខ្សែប្រវែង មកចងក៏ជើងខាងឆ្វេង រួចបើកទូកសណ្ដោង សា.កស.ពយកមកចងទុកនៅច្រាំងទន្លេបាសាក់ខាងកើត ក្នុងគោលបំណងទុកឲ្យសាច់ញាតិគេបាត់បង់សមាជិកមកយកវិញ ។ បន្ទាប់ពីបានយកសាកសពមកចងទុកនៅច្រាំងទន្លេរួច រូបគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ឲ្យបានដឹងផងដែរ ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមៗ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យខេត្តកណ្តាល ក៏បានចុះមកពិនិត្យសព មានសភាពហើម ភ្នែកលៀនរបកស្បែក ស្លៀកខូវប៊យជើងវែងពណ៌ខ្មៅ ពាក់អាវយឺតពណ៌ខ្មៅដៃខ្លីក បើក ស្លៀកខោលីអូពណ៌ប្រផេះ ធ្មេញខាំអណ្ដាតផ្ទៃមុខមានសភាពហើម មានពពុះឈាមហូរចេញតាមរន្ធច្រមុះ សពមានកម្ពស់១៧៥ស.ម នៅជាប់នឹងដល់ខ្លួនសាកសពមានចងចំណងខ្សែនីឡុងពណ៌ត្រីអ៉ីរុំចង្កេះចំនួន០៣ជុំ នៅខាងក្រោយចង្កេះសាកសពដោយមានចងភ្ជាប់នឹងទំពក់ដែកជាមួយបាវច្រកដីខ្សាច់ទម្ងន់៣២គីឡូ ដែកកេះពណ៌ក្រហមលាយខ្មៅនៅក្នុងហោប៉ៅខោពីក្រោយរបស់សាកសពចំនួន០១ ខ្សែក្រវ៉ាត់ម៉ាកអក្សរBជាប់នឹងចង្កេះខោសាកសពចំនួន០១ ។
ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា សពស្លាប់ដោយសារ អំពើឃាតកម្ម នឹងកំពុងធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវបន្ត។ ខណៈមកទល់ពេលនេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច សពត្រូវបានអាជ្ញាធរមូលដ្ឋានឃុំយកទៅបញ្ចុះនៅលើដីវត្តពោធិ៍ព្រែកស្លែង ស្ថិតនៅក្នុងភូមិព្រែកតាឯក ឃុំតលន់ ស្រុកស្អាង ខេត្តកណ្ដាលដើម្បីស្វែងរកសាច់ញាតិជនរងគ្រោះដើម្បីយកធ្វើបុណ្យតាមប្រពៃណី ៕






ចែករំលែកព័តមាននេះ