ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់វាយប្រហារខេត្តខាំមួន ប្រទេសឡាវ ប៉ះពាល់មនុស្សជាង ៦ម៉ឺននាក់

6 ម៉ោង មុន

ប្រទេសឡាវ៖ ទឹកជំនន់បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦០,០០០នាក់ នៅទូទាំងស្រុកទាំង ១០ នៃខេត្តខាំមួន ប្រទេសឡាវ ខណៈភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ធ្វើឱ្យកម្ពស់ទឹកទន្លេជាច្រើនឡើងលើសកម្រិតប្រកាសអាសន្ន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី១២ ខែសីហានេះ។

​ទឹកជំនន់បានប៉ះពាល់ដល់ ២០៦ភូមិ និងជិត ៩,៥០០គ្រួសារ ចាប់តាំងពីចុងខែកក្កដា និងដើមខែសីហា។ ផ្ទៃដីស្រែ និងដំណាំជាង ១៥,០០០ហិកតា រួមទាំងផ្លូវ និងស្ពានជាច្រើន ក៏រងការខូចខាតផងដែរ។

អាជ្ញាធរប៉ាន់ប្រមាណថា ការខូចខាតបឋមមានតម្លៃយ៉ាងហោចណាស់​ប្រមាណ ៤.៤លានដុល្លារ​។

ទន្លេសែបាងហ្វៃបានឡើងលើកម្រិតទឹកជំនន់​ ខណៈទន្លេមេគង្គនៅទីក្រុងថៈហែក ក៏បានឡើងលើកម្រិតប្រកាសអាសន្នបន្តិចផងដែរ។

ក្រៅពីខេត្តខាំមួន ភ្លៀងខ្លាំងក៏បានបង្កទឹកជំនន់ និងការរអិលបាក់ដីនៅខេត្ត ចំប៉ាសាក់ ហ្លួងណាំថា សាវណ្ណខេត្ត អ៊ូដុមសៃ និងផុងសាលី ដោយប៉ះពាល់ដល់ផ្ទះសម្បែង ស្រែចម្ការ សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

អាជ្ញាធរឡាវបានព្រមានប្រជាពលរដ្ឋនៅតំបន់ទំនាបឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះ ទឹកជំនន់ភ្លាមៗ ការបាក់ដី និងទឹកជំនន់ក្នុងទីប្រជុំជន ខណៈប្រព័ន្ធសម្ពាធទាប និងខ្យល់មូសុងនិរតីត្រូវបានព្យាករណ៍ថា នឹងបន្តនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួនរហូតដល់ថ្ងៃទី១៦ ខែសីហា៕