ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ បញ្ជាក់​ជា​ថ្មី​ថា ទោះ​អត់មាន CLV-DTA តែ​ការ​អភិវឌ្ឍ​តាម​ព្រំដែន​នៅ​តែ​បន្ត

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​រំលឹក​ថា ​ទោះបីជា​ ពុំ​មាន​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ប៉ុន្តែ​ការ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន​ ជា​ពិសេស​តំបន់​ឦ​សាន្ត​ នៅ​តែ​បន្ត​អភិ​វឌ្ឍ​ន៍​ដដែល ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សមិទ្ធផល​នានា​ នៅ​ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៦​ថា កាលពី​ប្រមាណ​ជា​ ២ឆ្នាំ​មុន មាន​បុគ្គល​ជ្រុលនិយម​ បាន​លើក​ឡើង​ក្នុង​ចេតនា​បំផុស​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​កំហឹង​ថា រាជរដ្ឋាភិបាល​បាន​យក​ទឹកដី​ ៤​ខេត្ត​របស់​កម្ពុជា ​មាន​ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​ ទៅ​ឱ្យ​ប្រទេស​ក្បែរ​ខាង ក្នុង​ហេតុផល​ដាក់​បញ្ចូ​ល​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ CLV-DTA ។ ប៉ុន្តែ​សម្តេច​ធិ​បតី ​ឆ្លើយ​តប​ថា អ្វី​ដែល​លើក​ឡើង​នេះ​ មិន​ពិត​ទាល់តែ​សោះ ព្រោះ​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​នេះ មាន​តាំងពី​ឆ្នាំ​១៩៩៩​ មក​ម្ល៉េះ ​ដែល​បង្កើត​ឡើង​ក្នុង​គោល​បំ​ណង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សន្តិ​សុខ​តាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ។

សម្តេច​ធិ​បតី ​បាន​បន្ត​ថា ប៉ុន្តែ​បែរជា​ក្រុម​ជ្រុលនិយម​ បាន​ញុះញង់​ខុស​ពី​ការ​ពិត​ទៅ​វិញ ហើយ​ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​ មាន​ក្តី​កង្វល់​នោះ រាជរដ្ឋាភិបាល​ និង​សម្តេច​តេ​ជោ ហ៊ុន សែន​ ដែល​ជា​ស្ថាបនិក​ផ្តួចផ្តើម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ​ក៏​បាន​ប្រកាស​ដកខ្លួន​ចេញពី​កាលពី​អំឡុង​ឆ្នាំ​២០២៤ ។

សម្តេច​ធិ​បតី ​បាន​គូសបញ្ជាក់​ថា “​អ៊ីចឹង​អ្វី ​ដែល​សំខាន់​គឺ​ការ​អភិវឌ្ឍ​របស់​យើង ទោះ​មាន​ឬ​មិន​មាន ​CLV-DTA ឬ​ក្រប​ខណ្ឌ​សហប្រតិបត្តិការ ប៉ុន្តែ​យើង​មានមិនមែន​បាត់​អធិបតេយ្យភាព​ទេ ប៉ុន្តែ​ខ្ញុំ​និយាយ​ថា ទោះ​មាន​មិន​មានការ​អភិវឌ្ឍ​តំបន់​ឦសាន​នេះ ក៏​ស្ថិត​នៅ​ក្នុង​គោលការណ៍​អាទិភាព​របស់​រាជរដ្ឋាភិបាល​” ​។

គួរ​រំលឹក​ថា រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ដកខ្លួន​ជា​ផ្លូវការ​ចេញពី​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​។ ការ​សម្រេចចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​វាយតម្លៃ​យ៉ាង​ល្អិតល្អន់ និង​ដើម្បី​ឆ្លើយ​តប​ទៅនឹង​កង្វល់​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ​បង្ការ​កុំឱ្យ​ក្រុមប្រឆាំង​ប្រើប្រាស់​បញ្ហា​នេះ​ជា​ឧបករណ៍​នយោបាយ​ញុះញង់ បំបែកបំបាក់​សាមគ្គីភាព​ជាតិ​ ។

ទោះបីជា​ដកខ្លួន​ចេញពី​ក្រប​ខណ្ឌ CLV-DTA ក៏​ដោយ ក៏​កម្ពុជា​នៅ​តែ​បន្ត​រក្សា​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជា​ធម្មតា​ជាមួយ​ប្រទេស​ជិតខាង​ទាំង​ឡាវ និង​វៀតណាម តាម​រយៈ​អាស៊ាន (ASEAN) កិច្ច​សហប្រតិបត្តិការ​តំបន់​មេគង្គ និង​ក្រប​ខណ្ឌ​អន្តរជាតិ​នានា ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​។

សូម​ជម្រាប​ផង​ដែរ ​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ត្រូវ​បាន​ផ្តួចផ្តើម​បង្កើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៩៩ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ ៕