ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​បា.ញ់​កប៉ាល់​ដឹក​ទូ​កុង​តេណឺ​ដែល​ប្រុង​បើក​ចូល​កំពង់​ផែ​អ៊ីរ៉ង់​បំ.ពា.ន​នឹង​ប.ម្រា.ម​របស់​ខ្លួន​

8 ម៉ោង មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ ក្រោយ​ព្រឹត្តិ​ការណ៍​វាយ​ប្រហារ​​ពី​សំណាក់​ក្រុម​ហ៊ូទី​ទៅ​លើ​នាវា​ដឹកទំនិញ​ខ្នាត​​តូច​មួយ​គ្រឿង​ដែល​ដោត​ទង់​ជាតិ​ប្រទេស​​តង់​ហ្សានី​កាល​ពី​ម្សិល​មិញ អាមេរិក​ចាត់​វិធាន​ការ​សង​សឹក​វិញ​ដោយ​បាញ់​កប៉ាល់​ដឹក​ទូ​កុង​តេណឺ​មួយ​គ្រឿង​ដែល​ចង់​បើក​បំពាន​បម្រាម​របស់​​ខ្លួន​​ចូល​ទៅ​​ឈប់​សំចត​នៅ​កំពង់​ផែ​អ៊ីរ៉ង់​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ជន​ជាតិ​យេម៉េន​២​នាក់​ដែល​ជា​ក្រុម​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ហ៊ូទី​ក៏​បាន​ស្លាប់​​ក្រោម​ស្នា​ដៃ​របស់​ក្រុម​ហ៊ូទី​នៅ​ច្រក​សមុទ្រ​បាប​ អែល​ មេន​ដេប (Bab el-Mandeb) ផង​ដែរ​។ នេះ​បើ​យោង​តាមការ​បង្ហើប​ឱ្យ​ដឹង​ពីឆ្មាំ​ល្បាត​ដែន​សមុទ្រ​យេម៉េន​។ ​ប្រសិន​បើ​ការ​វាយ​ប្រហារ​នេះ​ជា​ការ​ពិត​មែន វា​ជា​លើក​ដំបូង​ដែល​កប៉ាល់​ឈ្មោះ​ទី​ហាម៉ា (Tihamah) របស់​ប្រទេស​អេ​ហ្ស៊ីប​រង​ការ​វាយ​ប្រហារ​រហូត​ដល់​មាន​មនុស្ស​ស្លាប់​​ចាប់​តាំង​ពី​សង្គ្រាម​អ៊ីរ៉ង់​ផ្ទុះ​ឡើង​ដំបូង​។

នៅ​ថ្ងៃ​​ដដែល​នោះ​​ ក្រុម​ហ៊ូទី​ប្រកាស​ទទួល​ស្គាល់​ថា​ខ្លួន​​បាន​វាយ​ប្រហារ​​កប៉ាល់​មួយ​គ្រឿង​នៅ​ច្រក​សមុទ្រ​បាប​ អែល​ មេន​ដេប​ពិត​មែន​។ ហ៊ូទី​អះ​អាង​ថា​ដោយ​សារ​កប៉ាល់​នោះ​ដឹក​ជញ្ជូន​គ្រឿង​បរិក្ខារ​យោ​ធា​របស់​អារ៉ាប៊ី​សា​អូឌីត​។​ ប៉ុន្តែ​ហ៊ូទី​មិន​បាន​បញ្ជាក់​ថា​តើ​កប៉ាល់​ដែល​ខ្លួន​វាយ​ប្រហារ​នោះ​ឈ្មោះ​អ្វី​ទេ​។ ​អារ៉ាប៊ី​សាអូឌីត​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សារ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ស្នើ​សុំ​ការ​ឆ្លើយ​បំភ្លឺ​អំពី​បញ្ហា​នេះ​ឡើយ​​។ ទី​ភ្នាក់​ងារ​អង់​គ្លេស​ដែល​ធ្វើ​ការ​លើ​ផ្នែក​លំហ​សមុទ្រ​ (UKMTO) រាយ​ការណ៍​ថា​មាន​ហេតុ​ការណ៍​ផ្ទុះ​អាវុធ​ទៅ​លើ​កប៉ាល់​ដឹក​ទំនិញ​មួយ​ករណី​កាលពី​ម្សិល​មិញ​។ ពួក​គេ​ថ្លែង​បន្ត​ទៀត​ថា​កប៉ាល់​នោះ​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​មួយ​គ្រាប់​ដែល​គេ​មិន​ស្គាល់​អត្ត​សញ្ញាណ​។

របាយ​ការណ៍​តាម​ដាន​ចរាចរណ៍​ជើង​ទឹក​បង្ហាញ​ថា​កប៉ាល់​ដែល​រង​គ្រោះ​ឈ្មោះ​ទី​ហា​ម៉ា​នោះ​បើក​ក្បែរ​ភូមិ​នេសាទ​មូរ៉ាត (Murad) កាល​ពី​ថ្ងៃទី​១១ ខែ​សីហា។ ជន​ជាតិ​ប៉ាគីស្ថាន​បី​នាក់​​ដែល​ជា​នាវឹក​នៅ​លើ​កប៉ាល់​នោះ​បាន​ស្លាប់​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ក្រសួង​ការ​បរទេស​ប៉ាគី​ស្ថាន​។ ក្រសួង​ការ​បរទេស​យេម៉េន​ថ្លែង​ថា​ជន​ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ក៏​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ផង​ដែរ​។ ឆ្មាំ​ល្បាត​ដែន​សមុទ្រ​យេម៉េន​ថ្លែង​ថា​ក្រោយការ​វាយ​ប្រហារ​នោះ នាវឹក​នៅ​លើ​កប៉ាល់​បាត់​បង់​ម្ចាស់​ការ​ទាំង​ស្រុង​។ មិន​យូរ​ប៉ុន្មាន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​២​នាក់​មកពី​ចលនា​តស៊ូ​ជាតិ​ដែល​ប្រឆាំង​នឹង​ក្រុម​ហ៊ូទី​ក៏​​បើក​ទូក​ទៅ​ក្បែរ​កប៉ាល់​នោះ​ ហើយ​ក៏​ត្រូវ​ក្រុម​​ហ៊ូទី​វាយ​ប្រហារ​ថែម​ទៀត​បណ្ដាល​ឱ្យ​ពួកគេ​ស្លាប់​ទាំង​២​នាក់​។ មនុស្ស​ដប់​នាក់​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​នោះ, ក្នុង​នោះ​មាន​នាវឹក​៧​នាក់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ពេល​កប៉ាល់​បោះ​យុថ្កា​ឈប់​សំចត​នៅ​ភាគ​ឦសាន​កោះ​ផឺរីម (Perim) ប្រទេស​យេម៉េន​។

នៅ​ក្នុង​ព្រឹត្ត​ការណ៍​មួយ​ទៀត​ បញ្ជា​ការ​ដ្ឋាន​កណ្ដាល​យោធា​អាមេរិក​ប្រកាស​ថា​ខ្លួន​ទើប​តែ​បាញ់​មីស៊ីល​ម៉ាក​ហឹល​ហ្វាយ​អឺ (Hellfire) ២​គ្រាប់​សំដៅ​ទៅ​រក​កប៉ាល់​ដឹក​ទូ​កុង​តេណឺ​មួយ​គ្រឿង​ដែល​ដោត​ទង់​ជាតិ​ប៉ាណាម៉ា​ឈ្មោះ​វេឡា ណូវ៉ា (Vela Nova)។ ពេល​នោះ ​​កប៉ាល់​នេះ​បើក​នៅ​លើ​ឈូង​សមុទ្រ​អូម៉ង់ ហើយ​​ប្រុង​បើក​បង្ហួស​ចូល​កំពង់​ផែ​អ៊ីរ៉ង់​។ មិន​ទាន់​ដល់​កំពង់​ផែ​ផង​ អាមេរិក​ពន្លះ​មួយ​ប្រាវ​តែ​ម្ដង​។ អាមេរិក​អះ​អាង​ថា​ខ្លួន​ផ្ដល់​សញ្ញា​ព្រមាន​ទៅ​កប៉ាល់​នោះ​រួច​ហើយ​ដើម្បី​​​កុំ​ឱ្យ​បើក​តម្រង់​ទៅ​ដែន​សមុទ្រ​អ៊ីរ៉ង់​ ប៉ុន្តែ​ពួកគេ​មិន​ព្រម​ស្ដាប់​​។ នេះ​ជា​លើក​ទី​១២​ដែល​អាមេរិក​វាយ​ប្រហារ​កប៉ាល់​​​បើក​បំពាន​បម្រាម​របស់​ខ្លួន​ចាប់​តាំង​ពី​ខ្លួន​បិទ​ខ្ទប់​ដែន​សមុទ្រ​អ៊ីរ៉ង់​កាល​ពី​ខែ​មេសា​។ កប៉ាល់​នោះ​ទើប​តែ​ចូល​ចត​នៅ​កំពង់​ផែ​ទី​ក្រុង​ម៉ុម​បៃ​ ប្រទេស​ឥណ្ឌា និង​កំពង់​ផែ​ខ្លាំង (Klang) ប្រទេស​ម៉ាឡេ​ស៊ី​។ គេ​ជឿ​ជាក់​ថា​កប៉ាល់​នោះ​ត្រូ​វបាន​វាយ​ប្រហារ​នៅ​ពេល​បើក​ដល់​ចំណុច​មួយ​ចម្ងាយ​១៣១​គី​ឡូ​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ប៉ាគី​ស្ថាន​។ ឥឡូវ​នេះ កប៉ាល់​ដែល​បើក​កាត់​ច្រក​សមុទ្រ​បាប​ អែល​ មេន​ដេប និង​សមុទ្រ​ក្រហម​បាន​ថយ​ចុះ​ជាង​៥០%​ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ហ៊ូទី​ចូល​វ៉ាង​ទីទី​នោះចន្លោះ​ពី​ឆ្នាំ​២០២៣​ដល់​២០២៥​៕ ​ប្រភព៖ Reuters