រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំអភិបាលខេត្តកំពង់ឆ្នាំង ត្រូវត្រួតពិនិត្យមើលករណីបង្គោលភ្លើងសូឡា មួយដើម មានតម្លៃរហូតដល់៨លានរៀល ឬស្មើ២០០០ដុល្លារ ដែលបានដាក់ដំឡើងនៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បន្ទាប់ពីកាលពីពេលថ្មីៗនេះ មានករណីដាក់ដេញថ្លៃ បង្គោលភ្លើងសូឡាតម្លៃ ១ដើម ៨លានរៀល (ប្រហែល ២,០០០ដុល្លារ) នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ហើយករណីនេះ កំពុងក្លាយជាប្រធានបទក្តៅ និងទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជននៅលើបណ្តាញសង្គម ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ថ្មីៗនេះ ឃើញមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះបង្គោលភ្លើងសូឡាតម្លៃ ២ពាន់ដុល្លារ នៅខេត្តកំពង់ឆ្នាំង ។ ហេតុនេះ រដ្ឋបាលខេត្ត ត្រូវចុះពិនិត្យមើលករណីនេះយ៉ាងណាដែរ ? ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ៖ “ប៉ុន្មានថ្ងៃនេះ ឃើញអារឿងស្អីបង្គោលភ្លើង ២ពាន់ដុល្លារ ឡើងផ្អើល អាហ្នឹងហេតុផលយ៉ាងម៉េច ត្រូវមើល ខេត្តត្រូវពិនិត្យមើលថា ត្រូវមានហេតុម៉េចស្អីយ៉ាងណា។ អាហ្នឹងគេដាក់ខ្ពស់ដេញថ្លៃ តែទំលាក់ថ្លៃលូ ថ្លៃអីខ្ញុំមិនដឹងទេ ប៉ុន្តែត្រូវពង្រឹង” ។
សម្តេចធិបតី បានលើកឡើងទៀតថា ត្រូវពិនិត្យដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ និងទទួលមកវិញបានផលច្រើន ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីបង្គោលភ្លើងនេះដែរ បើយោងតាមរបាយការណ៍គម្រោងឃុំ បានដំឡើង ចំនួន៣បង្គោល ដែលចំណាយអស់សរុប ២៤លានរៀល។ គម្រោងអភិវឌ្ឍន៍ រួមមាន ផ្លូវ លូ និងបង្គោលសូឡានេះ គឺដេញថ្លៃបានដោយក្រុមហ៊ុន «ឡាយ ផល្លា»។ មេឃុំ បានបកស្រាយថា នេះជាយុទ្ធសាស្ត្រដេញថ្លៃរបស់ក្រុមហ៊ុន ដែលទម្លាក់តម្លៃមុខទំនិញខ្លះឱ្យថោក ហើយដំឡើងតម្លៃបង្គោលសូឡានេះឱ្យខ្ពស់ ដើម្បីឱ្យជាប់ការដេញថ្លៃគម្រោងសរុប ៕



ចែករំលែកព័តមាននេះ