រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្មីៗនេះមានការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាននិងបណ្ដាញសង្គមនានាជាច្រើន ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបង្គោល និងអំពូលសូឡាមានតម្លៃរហូតដល់ ៨.០០០.០០០រៀល ក្នុង១ដើម ដែលតម្លៃនេះខ្ពស់ជាងតម្លៃទីផ្សារហួសហេតុ ។
ពាក់ព័ន្ធនឹងករណីនេះ កន្លងមក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញឱ្យចុះពិនិត្យ ស៊ើបអង្កេតស្រាវជ្រាវ ដោយរកឃើញមានភាពមិនប្រក្រតី នៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំ ចំនួន៥ នៃខេត្តកំពង់ឆ្នាំង ក្នុងនោះក៏មានរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ផងដែរ ។
ផ្អែកលើមូលដ្ឋាននេះ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ឱ្យចាត់វិធានការជាបន្ទាន់លើមន្ត្រីទាំងឡាយណា ដែលមានការពាក់ព័ន្ធគប់គិតគ្នាក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ ទាំង៥ខាងលើ មិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងនីតិវិធីកំណត់ ដោយត្រូវចាត់វិធានការវិន័យ ឬទណ្ឌកម្មឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងវាយតម្លៃជាប់ជាប្រចាំលើកិច្ចការអភិវឌ្ឍ មូលដ្ឋាន កត្តានេះបានជួយពង្រឹងភាពម្ចាស់ការ ស្វ័យភាព តម្លាភាព គណនេយ្យភាព និងសមត្ថភាព ឆ្លើយតបរបស់រដ្ឋបាលឃុំ សង្កាត់ ចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ សំដៅរួមចំណែកក្នុងការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅមូលដ្ឋាន ប្រកបដោយចីរភាពនិងសមធម៌សង្គម ៕


ចែករំលែកព័តមាននេះ