រាជធានីភ្នំពេញ ៖ ផ្ទះលក់គ្រឿងអេឡិចត្រូនិចមួយកន្លែង យីហោ «អួបាំង» ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះលេខ២៦ បុរីពិភពថ្មីកំបូល១ ផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានភ្លើងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ហើយត្រូវបានសមត្ថកិច្ចសង្ស័យថា ផ្ដើមចេញពីហេតុការណ៍ឆ្លងចរន្តអគ្គិសនីនៅក្នុងពិដានជាន់ទី២ ។
នគរបាលបានប្រាប់ឲ្យដឹងថា ផ្ទះខាងលើនោះមានទំហំទទឹង៤.២ម៉ែត្រ និងបណ្តោយ១៨ម៉ែត្រ ជាប្រភេទផ្ទះថ្មល្វែងប្រក់ស័ង្កសីកម្ពស់២ជាន់ ហើយផ្ទះនេះ បានរងការខូចខាតជាន់ទី២ រីឯគ្រឿងអេឡិចត្រូនិចមួយចំនួនធំនៅក្នុងនោះ ក៏បានរងការខូចខាតដែរ។ ដោយឡែកម្ចាស់ផ្ទះឈ្មោះ LIAO JINY ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ គាត់ស្នាក់នៅផ្ទះកើតហេតុខាងលើនោះតែម្ដង និងពុំបានរងរបួសឡើយ ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ ខណៈដែលម្ចាស់ផ្ទះរូបនោះកំពុងលក់ដូរគ្រឿងអេឡិចត្រូនិចនៅខាងក្រោម ស្រាប់តែមានភ្លើងឆាបឆេះផ្ទះនៅលើជាន់ទី២ បង្កឲ្យមានផ្សែងហុយទ្រលោម។ ពេលនោះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងអាជ្ញាធរព្រមទាំងសមត្ថកិច្ចខណ្ឌកំបូលចេញជួយអន្តរាគមន៍ ដោយឡែករថយន្តពន្លត់អគ្គិភ័យ ក៏បានចេញទៅកាន់ទីនោះជាបន្តបន្ទាប់ ហើយក្រុមអ្នកពន្លត់ភ្លើងបានពន្លត់ញាប់ដៃញាប់ជើងផងដែរ ។
នគរបាលបានប្រាប់បន្ថែមទៀតថា នៅក្នុងប្រតិបត្តការពន្លត់ភ្លើងនោះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យច្រើនគ្រឿង ក្នុងនោះរថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៨គ្រឿង បានប្រើទឹកអស់ចំនួន៧២ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គីភ័យកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ចំនួន២គ្រឿងបានប្រើទឹកចំនួន១២ម៉ែត្រគូប រថយន្តពន្លត់អគ្គីភ័យប្រចាំការនៅសាលាខណ្ឌកំបូល ១គ្រឿងបានប្រើទឹកចំនូន៦ម៉ែត្រគូប ។
រថយន្តពន្លត់អគ្គិភ័យបូរីសង្ឃឹមថ្មី១គ្រឿងបានប្រើទឹកចំនួន៨ម៉ែត្រគូប ព្រមទាំងប្រើជណ្ដើរយោងឡើងពន្លត់ផងដែរ ទើបភ្លើងរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោងជិត២រសៀលថ្ងៃដដែលនោះ ៕


















ចែករំលែកព័តមាននេះ