ទីក្រុងសេអ៊ូល៖ ថ្ងៃនេះ កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងមួយគ្រាប់សំដៅឆ្នេរសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ។ ហេតុការណ៍នេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ។ មីស៊ីលនោះបាញ់ចេញពីតំបន់វុនសាននៅវេលាម៉ោង៦ព្រឹកបន្ទាប់ពីកូរ៉េខាងជើងទើបតែបាញ់មីស៊ីលកាលពី៦ថ្ងៃមុននេះប៉ុណ្ណោះ។ តាមគម្រោង សមយុទ្ធយោធារួមគ្នានឹងចាប់ផ្ដើមពីថ្ងៃទី១៧ដល់២៧ ខែសីហាដែលមានឈ្មោះថាខែលសេរីភាពអ៊ុលឈី (Ulchi Freedom Shield)។ សមយុទ្ធនេះមានគោលដៅត្រៀមទប់ទល់នឹងការអភិវឌ្ឍអាវុធ និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោកហុងមីនជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានដើម្បីការបង្រួបបង្រួមជាតិកូរ៉េ។ លោកមានប្រសាសន៍ថាការបាញ់សាកល្បងមីស៊ីលលើកនេះទំនងជាផ្នែកមួយនៃយុទ្ធនាការអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើងដែលមានស្រាប់។ ប៉ុន្តែពេលវេលានៃការបាញ់មីស៊ីលនេះហាក់ដូចជាត្រូវគេរៀបចំទុកមុនដើម្បីជាសារនយោបាយផ្ដាំផ្ញើទៅអាមេរិក និងកូរ៉េខាងត្បូងមុនពេលធ្វើសមយុទ្ធយោធា។

បើទុកជាមីស៊ីលនេះស្ថិតនៅក្នុងដំណាក់កាលសាកល្បងយ៉ាងណាក្ដី ប៉ុន្តែការជ្រើសរើសពេលវេលាដើម្បីធ្វើតេស្ត វាអាស្រ័យទៅលើការសម្រេចចិត្តផ្នែកនយោបាយ។ ក្រោយការបាញ់មីស៊ីលនោះ កូរ៉េខាងជើងមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។ ប៉ុន្តែថ្ងៃនេះ កូរ៉េខាងជើងនិយាយរិះគន់មហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងត្បូង និងជប៉ុន។ កាលពីថ្ងៃទី៦ ខែសីហា កូរ៉េខាងត្បូងអះអាងថាកូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់។ ប៉ុន្តែកូរ៉េខាងជើងមិនបានធ្វើអត្ថាធិប្បាយទៅលើរឿងនេះទេ។ លោកហុងមីនយល់ថាមីស៊ីលនោះទំនងជាមិនសូវបានជោគជ័យនោះឡើយទើបបានជាពួកគេរក្សាភាពស្ងៀមស្ងាត់។ នៅឆ្នាំនេះ កូរ៉េខាងជើងច្រើនធ្វើតេស្តមីស៊ីលរយៈចម្ងាយខ្លី កាំភ្លើងធំ និងអាវុធវាយប្រហារខ្នាតតូចដទៃទៀត។ ការបាញ់មីស៊ីលនៅថ្ងៃនេះជាការធ្វើតេស្តមីស៊ីលលើកទី១១ចាប់តាំងពីដើមឆ្នាំ។

កូរ៉េខាងត្បូង និងជប៉ុនថ្លែងថាមីស៊ីលនោះហោះបានចម្ងាយ៧០០គីឡូម៉ែត្រ។ អគ្គសេនាធិការដ្ឋានកងទ័ពកូរ៉េខាងត្បូងមិនបានបញ្ជាក់ថាតើនោះជាប្រភេទគ្រាប់មីស៊ីលអ្វីទេ ប៉ុន្តែខ្លួននឹងធ្វើវិភាគជារៀងរាល់ថ្ងៃ។ មីស៊ីលដែលមានវង់ប្រតិបត្តិចន្លោះពី៣០០-១០០០គីឡូម៉ែត្រត្រូវគេចាត់ទុកថាជាមីស៊ីលរយៈចម្ងាយខ្លី។ លោកហុងមីនថ្លែងថាបើផ្អែកតាមចម្ងាយដែលមីស៊ីលនេះរត់ រួមទាំងទីតាំងបាញ់មីស៊ីលនេះផង គេអាចសន្និដ្ឋានថាទំនងជាមីស៊ីលហាយពើសូនិច។ ប៉ុន្តែវាក៏អាចជាមីស៊ីលបាញ់ចេញពីនាវាមុជទឹកផងដែរ។ ជប៉ុន និងកូរ៉េខាងត្បូងប្រកាសថ្កោលទោសការបាញ់មីស៊ីលនោះជាទម្ងន់។ រដ្ឋមន្ត្រីការពារជាតិជប៉ុនថ្លែងថារដ្ឋាភិបាលរបស់លោកបានដាក់កំណត់ទូតតាមរយៈស្ថានទូតជប៉ុនប្រចាំទីក្រុងប៉េកាំងដើម្បីបង្ហាញការកើតទុក្ខមិនសុខចិត្តចំពោះការបាញ់មីស៊ីលនេះ និងសូមប្រកាសថ្កោលទោសទង្វើនេះជាទម្ងន់។

ដោយឡែក កូរ៉េខាងត្បូងបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខ្លួនជាបន្ទាន់ និងសម្ដែងការព្រួយបារម្ភចំពោះករណីដែលកូរ៉េខាងជើងបន្តបាញ់មីស៊ីលផ្លោងជាបន្តបន្ទាប់។ កូរ៉េខាងត្បូងសូមជំរុញឱ្យរបបក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពទាំងឡាយណាដែលមានចរិតបង្កហេតុ និងដែលរំលោភទៅលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ យោធាកូរ៉េខាងត្បូងថ្លែងថាខ្លួននៅតែត្រៀមលក្ខណៈសម្បត្តិជានិច្ចដើម្បីឆ្លើយតបទៅនឹងទង្វើបង្កហេតុណាមួយ ហើយការឆ្លើយតបនេះនឹងធ្វើឡើងក្រោមកិច្ចសហការគ្នាជាមួយអាមេរិក។ បញ្ជាការដ្ឋានយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិចថ្លែងថាខ្លួនកំពុងពិភាក្សាគ្នាយ៉ាងដិតដល់ជាមួយក្រុមសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ។ អាមេរិកបញ្ជាក់ថាការបាញ់មីស៊ីលលើកនេះមិនបានបង្កការគំរាមកំហែងទៅលើបុគ្គលិកយោធា ឬដែនដីរបស់ខ្លួន ឬរបស់ក្រុមសម្ព័ន្ធមិត្តខ្លួនទេ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ