រាជធានីភ្នំពេញ ៖ បុរសម្នាក់បានខ្ចីរថយន្តរបស់ក្មួយ ១គ្រឿង ជិះទៅធ្វើប័ណ្ណ ប.ស.ស ហើយក្រោយមកពុំដឹងថា គាត់ស្រវឹងស្រា ឬបែបណានោះទេ បានបើកបរក្នុងល្បឿនលឿន ហើយបានវ៉ាជែងយានយន្តនៅខាងមុខ ក៏ជ្រុលទៅបុកកម្មការិនីម្នាក់ កំពុងជិះម៉ូតូបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យនាងកម្មការិនីម្នាក់នោះ រងរបួសបាក់ជើង និងខូចខាតម៉ូតូ ចំណែករថយន្តខាងលើបានរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹក និងរងការខូចខាតខ្ទេចមុខ ១ចំហៀង ហើយបុរសខាងលើ ត្រូវបាននគរបាលឃាត់ខ្លួន ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ៤២ (ផ្លូវបែកចាន-ភ្នំប្រសិទ្ធិ) ត្រង់ចំណុចភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសខាងលើនៅពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ បើកបររថយន្ត ១គ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៍ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2BP-9887 ដែលជារថយន្តខ្ចីពីក្មួយរបស់ខ្លួន ដើម្បីជិះទៅធ្វើប័ណ្ណប.ស.ស ។
ដោយឡែកនារីរងគ្រោះឈ្មោះ អ៊ីម ស្រីខួច អាយុប្រមាណ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល រងរបួសបាក់ជើងស្ដាំ នាងជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IU-2550 ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា នៅវេលាម៉ោងខាងលើបុរសនោះបានបើកបរថយន្តធ្វើដំណើរតាមផ្លូវជាតិលេខ៤២ ក្នុងទិសដៅពីជើងទៅត្បូង ហើយពុំដឹងថា គាត់ស្រវឹងស្រា ឬក៏ប្រញាប់ទៅណាទេ បានបើកលឿនដូចហោះ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវ៉ាជែងយានយន្តនៅខាងមុខ រួចក៏ជ្រុលទៅបុកម៉ូតូនាងកម្មការិនីរងគ្រោះខាងលើ ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីត្បូងទៅជើង បណ្ដាលនាងរងរបួសបាក់ជើងស្ដាំង រីឯម៉ូតូរបស់នាងបានខ្ទេច ១កំណាត់មុខ ប្រើការលែងកើត ហើយរថយន្តបង្កបានរេចចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹក និងរងការខូចខាតខ្ទេចមុខ ១ចំហៀងខាងស្ដាំ ។
សាក្សីដដែលបានប្រាប់ឲ្យដឹងបន្តថា បុរសអ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួនបានភ្លាមៗ រួចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ដើម្បីសាកសួរ ហើយរថយន្តនោះពុំមែនជារបស់គាត់ទេ។ វាគឺជារថយន្តរបស់ក្មួយប្រុសគាត់ ដែលគាត់បានខ្ចីក្មួយជិះដើម្បីទៅធ្វើប័ណ្ណប.ស.ស ហើយបើកលឿនជ្រុលទៅបុកអ្នកជិះម៉ូតូ បង្កគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្ដង ។
ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ខណ្ឌកំបូល បានចុះទៅធ្វើការវាស់វែង និងនាំយករថយន្តព្រមទាំងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕














ចែករំលែកព័តមាននេះ