ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីវៀតណាមជាប់ទោសអស់មួយជីវិត ក្រោយសម្លាប់កូនប្រុសអាយុ ៥ឆ្នាំ ដើម្បីយកប្រាក់ធានារ៉ាប់រងជាង ១៥ម៉ឺនដុល្លារ

7 ម៉ោង មុន

ប្រទេសវៀតណាម៖ តុលាការប្រជាជនទីក្រុងដាណាំង ប្រទេសវៀតណាម បានផ្តន្ទាទោសស្ត្រីម្នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញថា នាងបានសម្លាប់កូនប្រុសអាយុ ៥ឆ្នាំ ដើម្បីទាមទារប្រាក់ធានារ៉ាប់រង​ប្រមាណ ១៥៧,០០០ដុល្លារ​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress កាលពីពេលថ្មីៗនេះ។

ស្ត្រីឈ្មោះ តូ ធិ ទី ណា ​ អាយុ៤៥ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានទិញបណ្ណធានារ៉ាប់រងចំនួន ៧ សម្រាប់កូនៗរបស់ខ្លួន ដោយកំណត់ខ្លួនឯងជាអ្នកទទួលផល។ កូនប្រុសអាយុ ៥ឆ្នាំរបស់នាង ត្រូវបានធានារ៉ាប់រងតាមបណ្ណចំនួន ២។

តាមការស៊ើបអង្កេត កាលពីខែមករា ឆ្នាំ២០២៣ កុមារបានស្លាប់នៅក្នុងផ្ទះ ហើយនាងត្រូវបានចោទថា បានរៀបចំកន្លែងកើតហេតុឱ្យមើលទៅដូចជាកុមារស្លាប់ដោយឧបទ្ទវហេតុ។ បន្ទាប់មក នាងបានដាក់ពាក្យទាមទារប្រាក់ធានារ៉ាប់រង និងទទួលបានប្រាក់ជាង ៤,១ពាន់លានដុង។

ករណីនេះត្រូវបានបើកការស៊ើបអង្កេត បន្ទាប់ពីសាច់ញាតិរបស់កុមារសង្កេតឃើញភាពមិនប្រក្រតីនៃកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ ហើយរាយការណ៍ទៅប៉ូលិស។

តុលាការបានសម្រេចផ្តន្ទាទោសស្ត្រីនោះឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្ម និង ៦ឆ្នាំពីបទឆបោកធានារ៉ាប់រង ដោយទោសទាំងពីរត្រូវអនុវត្តស្របគ្នា។ នាងក៏ត្រូវបានបង្គាប់ឱ្យសងប្រាក់ពេញលេញទៅក្រុមហ៊ុនធានារ៉ាប់រងទាំងពីរផងដែរ៕