រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១០ នគរបាលខណ្ឌ៧មករា បានប្រគល់រថយន្តម៉ាកឡិចស៊ីស ឱ្យទៅស្ត្រីជាភរិយាជនរងគ្រោះត្រូវឃាតកបាញ់សំលាប់ទំលាក់ចោលនៅក្បែររបងក្រសួងការពារជាតិ ខណៈជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ខ្លួនបញ្ជូនទៅតុលាការ និងកំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ ទាក់ទិននឹងការប្រគល់រថយន្តឡិចស៊ីសទៅគ្រួសារជនរងគ្រោះនេះ លោកវរសេនីយ៍ត្រីយិន សាន អធិការនគរបាលខណ្ឌ៧មករា បានឱ្យដឹងថា សមត្ថកិច្ចរបស់លោកធ្វើឡើងតាមចំណាររបស់ព្រះរាជអាជ្ញារង លោកប្លង់ សុផល ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រគល់រថយន្តម៉ាកឡិចស៊ីសនេះឱ្យទៅម្ចាស់ដើមវិញ។ ការប្រគល់នេះគឺយោងតាមពាក្យស្នើសុំរបស់ឈ្មោះឈាក គន្ធា ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌដង្កោ ជាភរិយាជនរងគ្រោះឈ្មោះស៊ឹម រដ្ឋា អាយុ៣០ឆ្នា ថៅកែហាងនំបុ័ង ៣កន្លែងនៅផ្សារចោមចៅ និងយោងលើលិខិតសំណើសុំរថយន្តរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដោយមានការឯកភាពពីលោកស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌដាក់ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងពាក្យស្នើសុំរថយន្តយកទៅប្រើប្រាស់របស់អ្នកស្រីឈាក គន្ធា បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១០ វេលាម៉ោង៣និង១៥នាទីរសៀល ស្វាមីរបស់អ្នកស្រីឈ្មោះស៊ឹម រដ្ឋា បានទទួលមរណភាពដោយត្រូវជនមិនស្គាល់មុខបាញ់សំលាប់នៅក្នុងរថយន្តរបស់គាត់ រួចទំលាក់សពចោលនៅកែងផ្លូវលេខ១១៤ និងផ្លូវលេខ២១៥ ជាប់របងកាច់ជ្រុង ក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។ បន្ទាប់ពីទំលាក់សពស្វាមីអ្នកស្រីហើយ ជនល្មើសបានបើករថយន្តទៅទុកចោលនៅជាប់របងផ្ទះលេខ៤Eo ផ្លូវលេខ១៤៦ សង្កាត់វាលវង់ ខណ្ឌ៧មករា ហើយរថយន្តនោះត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក ដើម្បីត្រួតពិនិត្យរកវត្ថុតាងសំរាប់ធ្វើការស្រាវជ្រាវរកក្រុមឧក្រិដ្ឋជន។ លុះពេលដឹងថា សមត្ថកិច្ចធ្វើកិច្ចការស្រាវជ្រាវរួចរាល់ហើយ ទើបបានជាអ្នកស្រីស្នើសុំយករថយន្តរបស់ស្វាមីមកប្រើប្រាស់វិញ៕
ចែករំលែកព័តមាននេះ