ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋនៅភូមិចុងព្រែកនិយាយថា មានប្រធានក្រុមហ៊ុនម៉ៅការចាក់សំរាមក្រុងស្វាយរៀង បានដឹកអាចម៍ដីយកមកចាក់លុបដីចំណីព្រែកធម្មជាតិអូរស្មាច់ ដែលមានទទឺងប្រមាណ៧០ម៉ែត្រ បណ្តោយប្រមាណ១០០ម៉ែត្រ បង្កឲ្យមានការរិះគន់ចំៗទៅអាជ្ញាធរក្រុងស្វាយរៀងថា បណ្តែតបណ្តោយឲ្យគេចាក់ដីរំលោភចំណីព្រែកធម្មជាតិធ្វើជាកម្មសិទ្ធិ គ្មានឃើញអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់មកហាមឃាត់ឡើយ គឺចាក់លុបដោយរលូន ។

ការចាក់ដីរំលោភចំណីព្រែកធម្មជាតិនេះ កើតឡើងនាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នៅខាងជើងស្ពានអូរស្មាច់ប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ទាក់ទិននឹងករណីនេះ លោក គង់ សុភី ប្រធានក្រុមហ៊ុន គង់សុភី ឯ.ក បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនារសៀលថ្ងៃទី២ ខែសីហា នោះថា នៅចំណុចដែលគាត់ចាក់ដីនេះ គឺជាដីកម្មសិទ្ធិរបស់គាត់ មានចំនួន២០ក្បាលដីឯណោះ ហើយគាត់បានស្នើសុំចុះបញ្ជីរួចហើយ ។ ដូច្នេះការចាក់ដីនេះ គឺមិនបានចាក់លុបដីចំណីព្រែកដូចមហាជនចោទនោះទេ ។

លោក ឌី យ៉ាម៉ង់ ប្រធានភូមិបាលក្រុងស្វាយរៀង បានប្រាប់កោះសន្តិភាពថា លោកបានទទួលដំណឹងនេះហើយ និងបានចាត់មន្ត្រីក្រុមការងារការិយាល័យភូមិបាលក្រុង ឲ្យទៅពិនិត្យមើលនៅរសៀលថ្ងៃទី២ ខែសីហា ។ តាមការពិនិត្យឃើញថា នៅចំណុចនោះ មានការចាក់ចូលចំណីព្រែកមួយចំនួន ហើយលោកបានឲ្យលោក គង់ សុភី យកគ្រឿងចក្រកាយលើកអាចម៍ដីឡើងវិញ ។

លោក ឌី យ៉ាម៉ង់ បញ្ជាក់ថា បញ្ហាខាងសុរិយោដីចុះបញ្ជី ចេញប័ណ្ណឲ្យលោក គង់ សុភី គឺដោយសារលោក គង់ សុភី បានយកឯកសារទិញ-លក់ពីប្រជាពលរដ្ឋ ដោយមានចុះហត្ថលេខាទទួល ស្គាល់ពីអាជ្ញាធរភូមិ សង្កាត់ត្រឹមត្រូវមកបង្ហាញ ។ ប៉ុន្តែការចុះបញ្ជីនោះ ក្រុមការងារចុះវាស់វែង បើពិនិត្យឃើញថា ដីនោះជាចំណីព្រែក គឺមិនបានវាស់វែងចុះបញ្ជីទេ ។ បើក្បាលដីណាដែលជាដីស្រែ មិនមែនជាដីចំណីព្រែក ក្រុមការងារចុះបញ្ជីឲ្យ ។ ដូច្នេះ ក្បាលដីខ្លះបានចុះបញ្ជី ក្បាលដីខ្លះមិនបានចុះបញ្ជីទេ បើក្រុមការងារចុះទៅពិនិត្យឃើញថា ការចាក់ដីនោះចាក់ចូលដីចំណីព្រែក គឺលោកឲ្យលោក គង់ សុភី កាយយកអាចម៍ដីឡើងវិញ ។

ចំណែកប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផល នៅដីចំណីព្រែកអូរស្មាច់នេះ បានប្រាប់អ្នកយកព័ត៌មានថា កាលពីដើមឡើយ ព្រែកអូរស្មាច់នេះ មានទំហំធំ ហើយចំណីព្រែកក៏ធំ។ប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រែកធម្មជាតិមួយនេះ ប្រកបរបរនេសាទនៅក្នុងព្រែក ហើយដីចំណីព្រែក ប្រជាពលរដ្ឋបានវាតចែកគ្នាគ្រប់គ្រងដាំបន្លែ ត្រកួន កញ្ឆែត អ្នកខ្លះជីកបៀដាក់សម្រាស់រហូតមកតាំងពីឆ្នាំ១៩៨២មកដល់បច្ចុប្បន្ន ។ ប៉ុន្តែអាជ្ញាធរមិនបានប្រគល់ឲ្យប្រជាពលរដ្ឋកាន់កាប់ជាកម្មសិទ្ធិទេ ដោយអាជ្ញាធរប្រាប់ថា ជាដីចំណីព្រែក ។

ក្រោយមក មុនពេលមានការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ក៏មានក្រុមហ៊ុនម៉ៅការចាក់សំរាមក្រុងស្វាយរៀង គេមកប្រមូលទិញ ដោយគេប្រាប់ថា គេទិញដីនេះយកទៅអភិវឌ្ឍន៍ គឺស្តារព្រែក ដើម្បីស្តុកទឹកឲ្យប្រជាពលរដ្ឋធ្វើស្រែ និងដាំដំណាំ ទើបប្រជាពលរដ្ឋលក់ឲ្យ និងបានតម្លៃថោកជាងទីផ្សារ ។ ចំណែកប្រជាពលរដ្ឋខ្លះនិយាយថា គាត់លក់ដីស្រែខាងមុខ ឯចំណីព្រែកគាត់មិនបានលក់ទេ ក៏ប៉ុន្តែពេលគេទិញបានហើយ ដីចំណីព្រែកខាងក្រោយក៏គេយក ។

ទោះបីជាយ៉ាងណា សូមរង់ចាំមើលចំណាត់ការរបស់លោកអភិបាលក្រុងស្វាយរៀង ក្រោយ
ពីក្រុមការងារមន្ត្រីសុរិយោដីក្រុងចុះពិនិត្យ ហើយប្រាប់ឲ្យលោក គង់ សុភី កាយយកអាចម៍ដីឡើងវិញ ។ ប៉ុន្តែរហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នៅមិនទាន់ឃើញក្រុម ហ៊ុនយកគ្រឿងចក្រមកកាយយកអាចម៍ដីឡើងនៅឡើយទេ ៕
ចែករំលែកព័តមាននេះ