ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បុរស​ម្នាក់ បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ករណី​ឃាតកម្ម បង្ក​ឡើង​ដោយ​ជនសង្ស័យ ០១​នាក់ បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ចំណុច ក្បែរ​ស្រះ​ទឹក​មួយ កន្លែង…

រាជធានី​ភ្នំពេញ ៖ ករណី​ឃាតកម្ម បង្ក​ឡើង​ដោយ​ជនសង្ស័យ ០១​នាក់ បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ចំណុច ក្បែរ​ស្រះ​ទឹក​មួយ កន្លែង ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ ០៨​និង​៥០​នាទី ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ក៏​បាន​គេចខ្លួន​បាត់​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ការ​ស៊ើបអង្កេត ស្រាវជ្រាវ ជា​បន្តបន្ទាប់ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ឈ្មោះ កៅ សុខ​សុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ចំណុច​មុខ​បុរី​មេគង្គ រ៉ូ​យា​ល់ ផ្លូវជាតិ​លេខ​៦​អា ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នាំ​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ បាន​សារភាព​ឱ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ដូច​ការ​រៀបរាប់​ខាងលើ ប្រាកដ​មែន មូលហេតុ​ដោយសារ​ខ្លួន​បានឃើញ​បុរស​ម្នាក់ មាន​ស្តាយ​កាបូប​នៅ​ក្រោយខ្នង ដើរ​សំដៅ​មក​រក​ខ្លួន ភ្លាម​នោះ​ខ្លួន​គិត​ថា បុរស​នោះ​ប្រហែលជា​មក​រករឿង​សម្លាប់​ខ្លួន ទើប​ខ្លួន​ទាញ​យក​កាំបិតប៉័ងតោ ដែល​លាក់​ទុក​នៅ​ក្នុង​ខ្លួន​រួច​ជា​ស្រេច ស្ទុះ​ចូល​ទៅ​កាប់​ប្រហារ​លើ​ជន​រង​គ្រោះជា​ច្រើន​កាំបិត​ត្រូវ​ចំ​ជា​ច្រើន​កន្លែង បណ្តាល​ឲ្យ​ដេក​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។ បន្ទាប់​ពី​កាប់សម្លាប់​លើ ជន​រង​គ្រោះ​រួច​ហើយ ខ្លួន​បាន​រត់គេច​មក​សំងំ​លាក់ខ្លួន​នៅ​ក្នុង​វត្ត​ព្រែក​លៀប ហើយ​យក​កាំបិតប៉័ងតោ​ទៅ​លាក់​ទុក​ក្នុង​គុម្ព​ផ្កា​មុខ​វត្ត​។ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥ ខ្លួន​បាន​ចូល​ទៅ​សុំ​ចៅអធិការ​វត្ត​បាក់​ខែង ដើម្បី​បួស​ជា​ព្រះសង្ឃ ប៉ុន្តែ​ត្រូវ​ចៅអធិការ​វត្ត​មិន​ឲ្យ​បួស និង​ដេញ​ខ្លួន​ចេញពី​វត្ត ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់​រូប​ខ្លួន​តែ​ម្ដង​។ ហើយ​រូប​ខ្លួន​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com