ទីក្រុងតេអេរ៉ង់៖ ថ្ងៃនេះ អ៊ីរ៉ង់សច្ចាថាខ្លួននឹងបន្តធ្វើសង្គ្រាមទល់នឹងអ៊ីស្រាអែល និងអាមេរិករហូតដល់ទទួលបានជ័យជម្នះ។ អ៊ីរ៉ង់ថែមទាំងព្រមានថាវិធានការវាយបករបស់ខ្លួនមិនមែនងាប់ក្រឡាដដែលៗនោះឡើយ។ ប្រសិនបើខ្លួននៅតែបន្តរងការវាយប្រហារដូចសព្វថ្ងៃនេះទៀត ខ្លួនក៏នឹងវាយប្រហារកាន់តែខ្លាំង ហើយនឹងកាន់តែទូលំទូលាយជាងនេះទៅទៀត។

នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន អ្នកនាំពាក្យនៃបញ្ជាការដ្ឋានយោធាកណ្ដាលអ៊ីរ៉ង់ លោកអ៊ីប្រាហ៊ីម ហ្សុលហ្វាហ្ការី (Ibrahim Zolfaghari) ច្រានចោលការអះអាងដែលថាយោធាអ៊ីរ៉ង់រងការខូចខាងយ៉ាងសម្បើម និងអស់ផ្លូវដើរហើយ។ លោកអះអាងថាអ៊ីរ៉ង់នៅតែមានសមត្ថភាពបើកប្រតិបត្តិការយោធារបស់ខ្លួនជានិច្ច។ លោកថាសង្វាក់ផលិតកម្មគ្រាប់មីស៊ីល ក៏ដូចជាដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយ ប្រព័ន្ធការពារដែនអាកាស និងកងឯកភាពធ្វើសង្គ្រាមអេឡិចត្រូនិចមិនបានរងការខូចខាតទាំងស្រុងទេ។

អ្នកនាំពាក្យរូបនេះថ្លែងបន្តទៀតថាទីតាំងរបស់អ៊ីរ៉ង់ដែលរងការវាយប្រហារកាលពីពេលកន្លងមកគ្រាន់តែប៉ះពាល់តិចតួចប៉ុណ្ណោះ។ លោកថាអ៊ីរ៉ង់នៅតែបន្តផលិតគ្រឿងបរិក្ខារយោធាទំនើបៗនៅក្នុងទីកន្លែងអាថ៌កំបាំងដែលគ្មាននរណាដឹង។ ប្រភពខ្លះថាកាលពីព្រឹកមិញ ទីតាំងយុទ្ធសាស្ត្រយោធា រួមទាំងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានវាយប្រហារ។ ឥឡូវនេះ ប្រតិបត្តិការសឹកនោះបានបិទបញ្ចប់ហើយ។

ប្រភពដដែលនេះបង្ហើបឱ្យដឹងទៀតថាទីតាំងរបស់អ៊ីរ៉ង់ដែលរងការវាយប្រហារមិនអាចប្រើប្រាស់កើតតទៅទៀតទេ។ ទីតាំងទាំងនោះកាលពីមុននេះត្រូវបានកំណត់ថាជាគោលដៅស្ថិតនៅក្នុងកន្សោមអាទិភាពដែលត្រូវវាយប្រហារ។ ទំហំនៃការខូចខាតលើកនេះល្មមធ្វើឱ្យអ៊ីរ៉ង់ត្រូវការពេលវេលាយូរអង្វែងតទៅមុខទៀតក្នុងការកសាងសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែរឱ្យដូចដើមវិញ។

គួរកត់សម្គាល់ថាអ៊ីរ៉ង់ប្រកាសធ្វើសង្គ្រាមជាបន្តទៀតរហូតដល់ទទួលជោគជ័យនោះបន្ទាប់ពីលោកដូណាល់ត្រាំគំរាមវាយប្រហារអ៊ីរ៉ង់ឱ្យខ្លាំងក្លាបំផុតរហូតដល់ប្រទេសនេះវិលទៅរកសម័យបុព្វកាលវិញ (យុគថ្ម)។ ត្រាំអះអាងថាអ៊ីរ៉ង់ឥឡូវនេះត្រូវបានកម្ទេចក្លាយជាផេះ និងថាអាមេរិកកំពុងធ្វើដំណើរនៅលើវិថីឆ្ពោះទៅរកការសម្រេចគោលដៅរបស់ខ្លួនហើយ៕ ប្រភព៖ ឌីដាប់បលយូ (DW) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ