ខេត្តសៀមរាប ៖.តាមរយៈការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំហេដ្ឋា រចនាសម្ពន្ធរូបវ័ន្តជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយផ្លូវបេតុងថ្មីចំនួនពីរខ្សែ ដែលទេីបនឹងស្ថាបនាថ្មីនេះ ក្រៅពីផ្តល់នូវសុខសុវត្ថិភាពបន្ថែមជូនអ្នកធ្វេីដំណេីរ ក៏នឹងរួម ចំណែកកាត់បន្ថយការកកស្ទះក្នុងតំបន់អង្គរ លើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានកាន់តែប្រសើរ។ អាជ្ញាធរជាតិអប្សរា បានប្រកាសថា ផ្លូវចាក់បេតុងចំនួន២ខ្សែនៅ ក្នុងរមណីយដ្ឋានអង្គរ ប្រវែងសរុប៣០១០ ម៉ែត្រ បានបើកឱ្យទេសចរ និងប្រជាពលរដ្ឋទូទៅអាចប្រើប្រាស់ជាផ្លូវការ បានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។
សូមបញ្ជាក់ថា ផ្លូវបេតុងដែលមានទទឹង ៦ម៉ែត្រ និងកម្រាស់២០សង់ទីម៉ែត្រនេះ គឺមួយខ្សែប្រវែង២១៨០ម៉ែត្រ ចេញពីមុខខ្លោង ទ្វារដីឆ្នាំងនៃអតីតក្រុងអង្គរធំ កែងនិងផ្លូវទិសខាងជើងប្រាសាទព្រះខ័ន ស្ថិតនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ឆ្ពោះទៅដល់ផ្លូវបំបែកទៅឃុំពាក់ស្នែងនៃស្រុកអង្គរធំ និងមួយខ្សែទៀតប្រវែង៨៣០ម៉ែត្រ ចេញពីស្ពានក្រាំងក្រូច ឆ្ពោះទៅភូមិថ្នល់បណ្ដោយនៃឃុំព្រះដាក់ស្រុកបន្ទាយស្រី។
ក្នុងនោះដែរ ឯកឧត្តម ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី៣១ ខែមីនា ថាការប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងទាំងពីរខ្សែនេះ គឺមាន ប្រយោជន៍ជាច្រើន ដូចជា ការជួយបញ្ចៀសការកកស្ទះចរាចរណ៍នៅមុខប្រាសាទព្រះខ័នខាងលិច ផ្តល់ជម្រើសបន្ថែមក្នុងការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ចំណេញទាំងពេល វេលា និងថវិការបស់ពលរដ្ឋ។
ឯកឧត្តមបញ្ជាក់ទៀតថា លើសពីផលប្រយោជន៍ខាងលើនេះ ផ្លូវបេតុងទាំងពីរខ្សែនេះក៏នឹងរួមចំណែកផ្ដល់បទពិសោធន៍ថ្មីដល់ដំណើរទស្សនាក្នុងរមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរមួយកម្រិតទៀត ស្របតាមផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់អាជ្ញា ធរជាតិអប្សរា លើការរៀបចំហេដ្ឋារចនាសម្ពន្ធពាក់ព័ន្ធ ក្នុងគោលដៅត្រៀមខ្លួនឱ្យបានរួច រាល់ ដើម្បីទទួលទេសចរក្នុងបរិមាណច្រើនលាននាក់ អាចនឹងលើសជាងមុនសម័យកូវីដ១៩ ជាពិសេស នៅពេលស្ថានភាពសេដ្ឋ កិច្ចពិភពលោកប្រសើរឡើងនាពេលខាងមុខ។
លោក សុខ សូសិលា អនុប្រធាននាយក ដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និង ហេដ្ឋារចនា សម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកផ្លូវ ថ្នល់ ឱ្យដឹងថា ការកសាងផ្លូវបេតុងនៅមុខខ្លោងទ្វារដីឆ្នាំងនេះឡើង គឺធ្វើនៅលើផ្លូវចាស់ឱ្យក្លាយទៅជាផ្លូវថ្មីឡើងវិញ។ ក្នុងទស្សនៈជួយសម្រួលដល់ចរាចរណ៍ប្រចាំថ្ងៃផង និងជួយកែលម្អសោភ័ណភាពទីក្រុងបុរាណផង។ លោក សុខ សូសិលា សង្កត់ធ្ងន់ថា នៅរៀង រាល់រដូវបុណ្យទាន អាជ្ញាធរជាតិអប្សរា តែងសម្គាល់ឃើញផ្លូវចន្លោះពីមុខខ្លោងទ្វារដីឆ្នាំងរហូតផ្លូវខាងលិចប្រាសាទព្រះខ័ន តែងតែកកស្ទះ ចរាចរណ៍ ជាញឹកញាប់។ដោយសារ តែមើលឃើញបញ្ហាទាំងនេះហើយ ទើបថ្នាក់ ដឹកនាំនៃអាជ្ញាធរជាតិអប្សរា រៀបចំកែលម្អជាផ្លូវថ្មីនេះឡើង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ទេសចរ និងពលរដ្ឋក្នុងតំបន់ត្រូវធ្វើ ដំណើរចាំបាច់ទៅមន្ទីរពេទ្យ ក្នុងករណីមានអ្នកជំងឺ ឬស្ត្រីមានផ្ទៃពោះសង្គ្រោះទាន់វេលា។
អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាង និងស្ដារផ្លូវថ្នល់ឡើងវិញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានកាន់តែប្រសើរឡើង។ រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានកសាង និងកែលម្អផ្លូវថ្នល់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ សរុបប្រវែងជាង២១២គីឡូម៉ែត្រ ក្នុងចំណោមផ្លូវទាំងនោះ មានប្រភេទជាផ្លូវដីក្រហម ផ្លូវកៅស៊ូ និងផ្លូវបេតុងជាដើម៕











ចែករំលែកព័តមាននេះ