រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលខ្ចីម៉ូតូមិត្តភក្ដិជិះ ហើយបែកគំនិតចោរក៏ឆ្លៀតឱកាសចម្លងសោទុកជាប់ខ្លួន លុះដល់ពេលឱកាសហុចឲ្យ ឃើញម្ចាស់ទុកប័ណ្ណផ្ញើម៉ូតូនៅក្រោមកែប ហើយចូលទៅធ្វើការក្នុងរោងចក្របាត់ ជននេះក៏យកសោដែលចម្លងទុកនោះទៅចាក់បើកកែប យកប័ណ្ណផ្ញើម៉ូតូប្រគល់ឲ្យសន្តិសុខយាមរោងចក្រ រួចលួចយកម៉ូតូខាងលើជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។

ប៉ុន្តែ២ថ្ងៃក្រោយមកត្រូវអស់លក្ខណ៍ ព្រោះតែកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅកន្លែងកើតហេតុថតជាប់រូប និងសកម្មភាពរបស់ជនសង្ស័យរូបនោះយ៉ាងច្បាស់ បន្ទាប់មកក៏ត្រូវកម្លាំងនគរបាលតាមឃាត់ខ្លួនបាន ព្រមទាំងដកហូតម៉ូតូប្រគល់ឱ្យម្ចាស់វិញ ។ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«ហ្វីតលី» ដែលមានទីតាំងស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ ផាន សិលា អាយុ២១ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់«ហ្វីតលី» ស្នាក់នៅបន្ទប់ជួលជាន់ទី២ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨និង៣០នាទីយប់) ។
ដោយឡែកបុរសរងគ្រោះឈ្មោះ ណាន មករា អាយុ២៧ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរជាមួយគ្នា មានទីលំនៅអចិន្ត្រៃយ៍ភូមិសន្ទៃ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅបន្ទប់ជួលក្នុងភូមិកន្ទោកជើង សង្កាតកន្ទោក ខណ្ឌកំបូល ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យលួចនោះម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ ១MB-៦៤២៥ ។
នគរបាលដដែលបានប្រាប់បន្តថា ជនសង្ស័យនិងជនរងគ្រោះ គឺជាមិត្តភក្ដិនឹងគ្នា កន្លងមកជនសង្ស័យធ្លាប់បានខ្ចីម៉ូតូជនរងគ្រោះជិះ ហើយដោយសារតែជាមិត្តភក្ដិ ជនរងគ្រោះបានឲ្យខ្ចីជិះ ពេលនោះជនសង្ស័យបែកគំនិតធ្វើចោរ ក៏បានលួចចម្លងសោទុកជាប់ខ្លួន ។ រហូតដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនទៅធ្វើការនៅរោងចក្រកាត់ដេរខាងលើ ។ លុះពេលទៅដល់រោងចក្រ សន្តិសុខបានប្រគល់ប័ណ្ណផ្ញើម៉ូតូឲ្យទៅម្ចាស់ ហើយអត់បានទុកប័ណ្ណផ្ញើម៉ូតូជាប់ខ្លួននោះទេ បែរជាទុកនៅក្រោមកែបម៉ូតូទៅវិញ រួចក៏ចូលទៅធ្វើការធម្មតា ។

នគរបាលខាងលើប្រាប់បន្ថែមទៀតថា ដោយឡែកជនសង្ស័យ បានតាមមើលសកម្មភាពជនរងគ្រោះមិនដាក់ភ្នែក ហើយបានដឹង និងបានឃើញថា ជនរងគ្រោះទុកប័ណ្ណផ្ញើម៉ូតូនៅក្រោមកែបម៉ូតូបែបនេះ ជននោះអត់ចូលធ្វើការទេ ។ ពេលជនរងគ្រោះចូលទៅក្នុងអគាររោងចក្របាត់ ជនសង្ស័យក៏បានយកសោដែលចម្លងទុកជាប់ខ្លួនរហូតមកចាក់បើកកែបម៉ូតូ យកប័ណ្ណផ្ញើម៉ូតូនោះប្រគល់ឲ្យសន្តិសុខរួចលួចយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ខណៈនោះ សន្តិសុខមិនបានដឹងថា ជនសង្ស័យជាចោរនោះទេ ព្រោះតែមានប័ណ្ណផ្ញើម៉ូតូត្រឹមត្រូវ ។ លុះដល់វេលាម៉ោងចេញពីធ្វើការ ម្ចាស់បានដើរទៅរកម៉ូតូដើម្បីជិះត្រឡប់ទៅផ្ទះវិញ ស្រាប់តែបាត់មិនឃើញម៉ូតូ ក៏បានទៅរាយការណ៍ប្រាប់ដល់កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍តែម្តង ។
នគរបាលបានបញ្ជាក់ថា ក្រោយពេលទទួលបាន ដំណឹងនេះ នគរបាលប៉ុស្តិ៍ចោមចៅទី៣
បានទទួលពាក្យបណ្ដឹង និងធ្វើការស្រាវជ្រាវភ្លាមៗ ហើយរហូតដល់វេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ជនរងគ្រោះបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ឆែកមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅកន្លែងកើតហេតុ ។
ពេលនោះទើបដឹងថា ម៉ូតូនោះត្រូវមិត្តភក្តិជាអ្នកលួច បន្ទាប់មកនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល កម្លាំងនគរបាលឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ និងដកហូតម៉ូតូដែលលួចបាននោះនៅតាមផ្លូវបេតុង មុខបន្ទប់ជួលស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកទៀតបាននាំយកជននេះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ