ទីក្រុងកៀវ៖ លោកហ្សេឡិនស្គីនឹងជួបលោកត្រាំនៅថ្ងៃអាទិត្យសប្ដាហ៍នេះដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបានកិច្ចព្រមព្រៀងសន្តិភាពមុនដើមឆ្នាំថ្មី។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានខ្លះ។ គេហទំព័រអេកសឺស (Axios) ចុះផ្សាយថាលោកហ្សេឡិនស្គីនឹងជួបលោកត្រាំនៅរមណីយដ្ឋានលំហែកាយម៉ាអាឡាហ្គោ (Mar-A-Lago) រដ្ឋផ្លរីដា ដើម្បីពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសន្តិភាពដែលកែសម្រួលចុះឡើងៗជាច្រើនលើកច្រើនសាដើម្បីឱ្យគ្រប់ភាគីអាចទទួលយកបានទាំងអស់គ្នា។

លោកហ្សេឡិនស្គីបានបង្ហើបឱ្យដឹងកាលពីមុននេះថាដំណើរការចរចាគ្នារវាងរុស្ស៊ី និងអ៊ុយក្រែនរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់ក្រោយការសន្ទនាគ្នាតាមទូរស័ព្ទរវាងលោក និងប្រេសិតពិសេសរបស់លោកត្រាំគឺលោកស្ទីវវីតខូស និងកូនប្រសារបស់លោកត្រាំ។ ហ្សេឡិនស្គីចាត់ទុកការសន្ទនាគ្នានោះប្រព្រឹត្តឡើងនៅក្នុងបរិយាកាសដ៏ល្អបំផុតចំថ្ងៃបុណ្យគ្រីសស្មាស់។

ទន្ទឹមនឹងការចរចាគ្នា គូបដិបក្សទាំង២រុស្ស៊ី និងអ៊ុយក្រែនក៏មិនពន្លែងដៃនៅក្នុងសមរភូមិយោធានោះឡើយដែលគេហៅថាយុទ្ធសាស្ត្រវាយគ្នាផង ចរចាផង។ អ៊ុយក្រែនអះអាងថាយោធារបស់ខ្លួនបានប្រើប្រាស់មីស៊ីលម៉ាកស្តំសេដូ (Storm Shadow) ដែលផ្ដល់ដោយអង់គ្លេសដើម្បីវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បណ្ដាលឱ្យផ្ទុះឆេះទីតាំងប្រេងមួយកន្លែងដែលផ្គត់ផ្គង់ទៅឱ្យកងទ័ពរុស្ស៊ី។

មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនអះអាងថារោងចក្រចម្រាញ់ប្រេងឆៅនេះជាទីតាំងផលិតសាំងដ៏ធំមួយរបស់រុស្ស៊ីប្រចាំតំបន់ខាងត្បូង និងជាអ្នកផ្គត់ផ្គង់ដោយផ្ទាល់ទៅឱ្យកងទ័ពរុស្ស៊ី។ អង់គ្លេសកាលពីឆ្នាំ២០២៤បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលម៉ាកស្តំសេដូដើម្បីវាយប្រហារឆ្ងាយៗចូលទឹកដីរុស្ស៊ី។ នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត រុស្ស៊ីបញ្ជាក់ថាខ្លួនត្រូវពន្យារពេលនាំចេញគ្រឿងសព្វាវុធ និងគ្រឿងបរិក្ខារយោធាព្រោះចង់បំពេញតម្រូវការក្នុងស្រុកឱ្យបានគ្រប់គ្រាន់ជាមុនសិន។ នេះបើយោងតាមឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោកដេនីស មេទូរ៉ូស (Denis Manturov) ថ្លែងប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ី។

ក្រុមហ៊ុនឈានមុខគេខាងផលិតអាវុធរបស់រុស្ស៊ីប្រមូលបានប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីឆ្នាំ២០២៤ដោយសារការបញ្ជាទិញនៅក្នុងស្រុកដើម្បីយកទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ដូច្នេះទោះបីទទួលរងទណ្ឌកម្ម និងថយចុះការនាំចេញអាវុធក៏មិនចោទជាបញ្ហាដែរ។ គិតចាប់ពីពេលមុនផ្ទុះសង្គ្រាមអ៊ុយក្រែនបន្តិចមកទល់នឹងពេលនេះ អត្រានាំចេញអាវុធរបស់រុស្ស៊ីថយចុះ៥០%។

កាលពីមុន ទំហំនាំអាវុធចេញរបស់រុស្ស៊ីមានតម្លៃ១៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ឥឡូវនេះថយចុះពាក់កណ្ដាល។ នេះបើយោងតាមលោកសឺហ្គេ ឆេមេហ្សូស (Sergey Chemezov) ជានាយកប្រតិបត្តិក្រុមហ៊ុនផលិតអាវុធរ៉ូស្តិច (Rostec) ដែលជាក្រុមហ៊ុនចម្រុះរដ្ឋ និងឯកជនមានទីស្នាក់ការនៅទីក្រុងម៉ូស្គូ។ ខាងលើនេះជាការដកស្រង់ពីសារព័ត៌មានអ៊ីនឌីផឹនដឹន (The Independent) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ