ខេត្តព្រះសីហនុ ៖ ជនសង្ស័យ៤នាក់ទៀតត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ក្រោយការចាប់ខ្លួនមុននេះ៣នាក់ ។ ជនសង្ស័យជាជនជាតិចិនទាំង៤នាក់ ជាប់ចោទពីបទឃុបឃិតគ្នាសម្លាប់បុរសជនជាតិចិនម្នាក់ និងស្ត្រីម្នាក់នៅខេត្តព្រះសីហនុ ហើយបានបែកធ្លាយ ខណៈសពបុរសចិនម្នាក់ត្រូវបានប្រទះឃើញដោយមានចងសណ្ដូនបាវខ្សាច់ពន្លិចទឹកទន្លេបាសាក់ ។

តាមប្រភពព័ត៌មានថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ មានករណីបាត់ខ្លួនស្ត្រីជនជាតិចិនឈ្មោះ ZHANG RUJU អាយុ៤៣ឆ្នាំ និងបុរសជនជាតិចិនដូចគ្នាឈ្មោះ DONG YUANYUAN អាយុ៣៩ឆ្នាំ ស្នាក់នៅសណ្ឋាគារស៊ីនហ្វា ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លុះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ គេបានប្រទះឃើញសពបុរស-ស្ត្រីទាំង២នាក់ត្រូវគេយកទៅទម្លាក់នៅក្នុងទន្លេបាសាក់ ក្នុងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។

ក្រោយពីប្រទះឃើញសពនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង
ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហ
ការជាមួយស្នងការដ្ឋាននគរបាលព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជន
សង្ស័យ ដែលបានប្រព្រឹត្តបទល្មើសខាងលើ ។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានបន្តដឹកនាំសហការ ឃាត់ខ្លួនបានជន សង្ស័យចំនួន៣នាក់សុទ្ធសឹងជាបុរសជនជាតិចិន នៅច្រកចេញផ្លូវល្បឿនលឿន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៖
១-ឈ្មោះ REN JIASHENG អាយុ៣៦
ឆ្នាំ ។
២-ឈ្មោះ JIANG BAO អាយុ៤៨ឆ្នាំ ។
៣-ឈ្មោះ YE YIYONG ។

លុះមកដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៥និង២០នាទីល្ងាច កម្លាំងសមត្ថកិច្ចបន្តឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ទៀត សុទ្ធសឹងជាបុរសជនជាតិចិនដែរ នៅបុរិពិភពថ្មីឈូកវ៉ា២ សង្តាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មាន ៖
១-ឈ្មោះ HUANG YONG អាយុ៣៩ឆ្នាំ ។
២-ឈ្មោះ XIONG QANG HAI អាយុ៤០ឆ្នាំ ។
៣-ឈ្មោះ CHAN XING អាយុ៣២ឆ្នាំ ។
៤-ឈ្មោះ LAI GUO QIANG អាយុ៤៨ឆ្នាំ ។
ក្រុមជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ