រាជធានីភ្នំពេញ ៖ នារីមានវិបត្តិម្នាក់ ដែលបានជិះម៉ូតូទៅលោតទឹកពីលើស្ពានជ្រោយចង្វារ កាលពីម្សិលមិញបានអណ្ដែតឡើងហើយ នៅវេលាម៉ោង០៥និង៤៥នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ស.ពនារីរូបនោះឈ្មោះ សឿង គឹមលាង ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិពានាផ្សារ ឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។
បើតាមស្ត្រីឈ្មោះ ឃ្វាំង ភាព អាយុ៥៤ឆ្នាំ មុខរបរកសិករ ត្រូវជាម្ដាយនៃសព បានឲ្យដឹងថា កូនស្រីរបស់គាត់មានជំងឺសសៃប្រសាទ ហើយបានលេបថ្នាំជាប្រចាំ។ នៅពេលថ្មីៗនេះ អាការជំងឺកូនស្រី បានរើឡើង និងតែងតែឧស្សាហរវើរវាយ។ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ កូនស្រីបានជិះម៉ូតូមកលោតទឹកពីលើស្ពានជ្រោយចង្វារម្ដងមកហើយ តែត្រូវបានសមត្ថកិច្ចឃាត់ទាន់ និងទាក់ទងគាត់ឲ្យមកទទួលត្រឡប់ទៅផ្ទះវិញ។ លុះនៅវេលាម៉ោងប្រហែល០៦និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ កូនស្រីបានជិះម៉ូតូឌុបកូនទៅសាលារៀនហើយ មិនឃើញត្រឡប់មកផ្ទះវិញ ស្រាប់តែនៅវេលាម៉ោង០៩និង៣០នាទីព្រឹកមានសមត្ថកិច្ចទូរសព្ទមកប្រាប់ថា កូនស្រីរបស់គាត់លោតទឹកពីលើស្ពានជ្រោយចង្វារហើយលិចបាត់បន្សល់ទុកតែម៉ូតូមួយគ្រឿង និងសម្ភារៈ ។
តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីលោតទឹកលិចបាត់មួយយប់ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ស.ពបានអណ្ដែតឡើង និងបានរសាត់តាមខ្សែទឹកហូរទៅទើរនៅច្រាំងទន្លេ នៅភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយត្រូវបានសមត្ថកិច្ចអូសឡើងច្រាំងធ្វើការត្រួតពិនិត្យ និងទាក់ទងទៅក្រុមគ្រួសារ ។
គួរបញ្ជាក់ថា នារីរូបនោះបានជិះម៉ូតូម៉ាក zoomer-x ពាក់ស្លាកលេខភ្នំពេញ 1GC.0761 មួយគ្រឿង ទៅលោតទឹកពីលើស្ពានជ្រោយចង្វារ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ហើយបានលិចបាត់ទៅក្នុងទន្លេ បន្សល់ទុកតែម៉ូតូមួយគ្រឿង និងកាបូប ដែលមានទូរសព្ទ រួមនិងសម្ភារៈមួយចំនួនទៀត។ បន្ទាប់ពីលិចបាត់ ក្នុងទន្លេមួយយប់ ស.ពបានអណ្ដែតឡើង។ ស.ពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕





ចែករំលែកព័តមាននេះ